សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

ទេពនីថាថា​នឹង​ឲ្យ​អសនៈ​ទៅគណបក្សផ្សេងតែយឹមសុវណ្ណ​គម្រាម​មុន​ពី​បាតុកម្ម

លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.
ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី១៩ខែមិថុនា​ឆ្នាំ២០​១៣ នៅទីស្តីការគ.ជ.ប ថា តាមច្បាប់បោះឆ្នោត គ.ជ.ប បានរៀបចំនីតិវិធី នៃការចុះបញ្ជីគណបក្ស​នយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយនៅក្នុងសំណុំឯកសារ ដែលគណបក្សនីមួយៗ ដាក់ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត មានសេចក្តី​ប្រកាសមួយ ដែលគណបក្ស​ត្រូវ​បំពេញឯកសារនេះថា នឹងចូលរួមនៅក្នុងការបោះឆ្នោត ទទួលស្គាល់លទ្ធផល​នៃការ​បោះឆ្នោត ដែល​ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយនិងគោរពច្បាប់បោះឆ្នោត បទបញ្ជានីតិវិធី នៃការ​បោះឆ្នោត ក្រមសីលធម៌ដែលទាក់ទងនិងការបោះឆ្នោត។

លោកអគ្គលេខាធិការ បានឲ្យដឹងទៀតថា ៖ «នេះជាសេចក្តីប្រកាសមួយ អាចនិយាយថា ជាកិច្ច​សន្យាមួយតាមផ្លូវច្បាប់ ប្រសិនបើគាត់ប្រកាសបោះបង់ចោល រីមិនទទួលស្គាល់លទ្ធផល នៃការ​បោះឆ្នោត តាមច្បាប់ក្រោយការបោះឆ្នោត ប្រសិន​បើគាត់ទទួលបានអាសនៈនៅក្នុងការបោះឆ្នោត គឺអាសនៈរបស់គាត់​នឹងត្រូវបែងចែកឲ្យ គណបក្សនយោបាយ ដែល​ជាប់​ឆ្នោតនៅមណ្ឌល​នោះក្នុង​រយៈពេល ១៤ថ្ងៃ ក្រោយការប្រកាស​បោះ​បង់ចោលអាសនៈ ដែលគាត់ទទួលបាន»។


លោកបានមានប្រសាសន៍ឲ្យដឹងទៀតថា លើកនេះ គណបក្សប្រឆាំងបានធ្វើខុសពីលើកមុនបន្តិច ពីព្រោះលើកមុនៗ​ដល់ពេលបោះឆ្នោតហើយ ទើបបានគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត តែលើកនេះ គណបក្សប្រឆាំងប្រកាសជាមុន។

សូម រម្លឹកថា លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានថ្លែងតាមវីដេអូ Conference ពីប្រ​ទេសបារាំង មកកាន់​ក្រុមយុវជន និងសមាជិកគណបក្ស កាលពីថ្ងៃទីទី១៦ ខែមិថុនា ឆ្នាំ២០​១៣ ថា គណបក្ស សង្គ្រោះជាតិ នឹងចូលរួម​ការ​បោះឆ្នោត តែលទ្ធផលនៃការបោះឆ្នោត​មិនអាចទទួលយក​បាន​ទេ។ ហើយនឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការអនុវត្តតាម​អនុសាសន៍​របស់​អ​ង្គការសហប្រជាជាតិ។

 លោកបានថ្លែងថា ៖«យើងនឹងចូលរួមបោះឆ្នោត តែមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត បើសិនជាការបោះឆ្នោត មិនសេរី និងមិនយុត្តិធម៌»។

ក្នុងពិធីសម្ពោធអគារសិក្សា នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា ការប្រកាសរបស់គណបក្សប្រឆាំង ដែលថា ខ្លួន​នឹង​ចូលរួមការបោះឆ្នោត នៅខែកក្កដា តែមិន​ទទួលស្គាល់លទ្ធផលបោះឆ្នោត ប្រសិនបើការបោះ​ឆ្នោត មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមិនយុត្តិធម៌ ដូច្នេះលោក ប្រកាសអំពាវនាវឲ្យអ្នក​បោះ​ឆ្នោត ដែលមានបំណងគាំទ្រដល់គណបក្សប្រឆាំង ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បី​កុំឲ្យខាតសន្លឹកឆ្នោត ព្រោះបក្សប្រឆាំង គង់តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដដែល។ 

លោកបានថ្លែងឲ្យដឹង​ទៀតថា៖«គណបក្សប្រឆាំង មិនមានសិទ្ធិ ជំទាស់មិនឲ្យមានការបោះ​ឆ្នោតរឺក៏​ជំទាស់ មិនចូលរួមការបោះឆ្នោតបានទេ ពីព្រោះ គ.ជ.ប. បានបោះពុម្ពសន្លឹកឆ្នោតរួចហើយ នេះ​គ្រាន់​តែជាល្បិចគំរាម របស់បក្សប្រឆាំងប៉ុណ្ណោះ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា វាពិតជាពុំអាចទៅរួច​នោះ​​ទេ ពីព្រោះរាស្ត្រ​ដែល​ជាអ្នកគាំទ្រ នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គេនzងមិនសុខ​ចិត្តឲ្យគ.ជ.ប ធ្វើតាមតែអំពើចិត្តបាននោះទេ។ លោក​បានថ្លែងឲ្យដឹងទៀតថា ៖ «ប្រសិនបើពុំមាន​ការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ គឺនិងមានចលនា​បាតុកម្ម​មហាជន កើតឡើងតាម​រយៈឆន្ទៈរាស្ត្រ ពីព្រោះម្ចាស់ឆ្នោតត្រូវការ ការបោះឆ្នោតដោយយុត្តិធម៌»។

លោកបានថ្លែងឲ្យដឹងទៀតថា គ.ជ.ប គួរតែធ្វើរឿងដែលត្រូវធ្វើ ដូចជាកំណែរទម្រងគ.ជ.ប បញ្ជីរឈ្មោះអ្នកបោះឆ្នោត ធ្វើ​យ៉ាងណាឲ្យដំណើរការទៅដោយសេរីនិងយុត្តិធម៌ មិនគួរណាទៅធ្វើរឿងដែលមិនត្រូវធ្វើនោះទេ៕

No comments:

Post a Comment

yes