នៅឯខេត្តបាត់ដំបង មានមហាជនជាង ១ពាន់នាក់ គ្រោងធ្វើបាតុកម្មទាមទារឲ្យលោក កឹម សុខា សុំទោសជាសាធារណៈ ចំពោះអ្វីដែលគេគិតថាលោក កឹម សុខា បានធ្វើឲ្យប៉ះទង្គិចទឹកចិត្តអារម្មណ៍របស់ជនរងគ្រោះ ដែលបានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការធ្វើបាតុកម្មនោះ គឺជាឈុតឆាកដែលរៀបចំឡើងដើម្បីកេងចំណេញខាងផ្នែកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
មនុស្សជាង ១ពាន់នាក់ នឹងរួមគ្នាធ្វើបាតុកម្មដោយអហិង្សានៅថ្ងៃទី៩ ខែមិថុនា នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ចំកណ្ដាលទីក្រុងបាត់ដំបង ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សុំទោសជាសាធារណៈចំពោះពាក្យសម្ដីរបស់លោកដែលថ្លែងថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិតដែលរៀបចំឡើងដោយប្រទេសវៀតណាម។
ប្រភពព័ត៌មាន ឲ្យដឹងថា ការជួបជុំគ្នានៅវត្តពោធិ៍ក្នុង នោះពុំមានការដង្ហែក្បួនទេ តែមានសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងលោក កឹម សុខា ដែលនិយាយថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិត។ ការធ្វើបាតុកម្មនេះ គឺស្របគ្នានឹងបាតុកម្មជាច្រើនកន្លែងផ្សេងគ្នានៅតាមបណ្ដាខេត្តក្រុង ក្នុងប្រទេសកម្ពុជា។
មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការអនុវត្តច្បាប់ស្ដីពីការធ្វើបាតុកម្មនៅប្រទេសកម្ពុជា ហាក់ពុំស្មើភាពគ្នានោះឡើយ។ រាល់ការស្នើសុំធ្វើបាតុកម្មរបស់សមាគម សហជីព អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង ត្រូវគេលើកហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខដល់អ្នកដំណើរជាដើម។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក ថ្លែងថា តាមការអង្កេតតាមដានរបស់លោក មើលឃើញថា ការធ្វើបាតុកម្មនេះទំនងពុំមែនកើតចេញពីឆន្ទៈរបស់មហាជនទាំងអស់នោះទេ។ យ៉ាងណាក៏អង្គការលីកាដូ អះអាងថានឹងតាមឃ្លាំមើលការធ្វើបាតុកម្មនេះ។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា សមត្ថកិច្ចបានត្រៀមកម្លាំងប៉ូលិស ដើម្បីការពារសន្តិសុខនៅថ្ងៃអាទិត្យ ទី៩ មិថុនា ចៀសវាងការកើតមានអំពើហិង្សា៖ «អត់ឲ្យពួកគាត់ធ្វើហួសពីការពីច្បាប់អនុញ្ញាតទេ ចង់និយាយថា តិចទៅប្រើអំពើហិង្សា អាហ្នឹងអត់បានទេ ប៉ុន្តែតាមច្បាប់ យើងអនុញ្ញាតខាងណាគេធ្វើក៏យើងអនុញ្ញាតដែរ ឲ្យតែត្រូវតាមច្បាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅនេះ បានប្រកាសប្រឆាំងនឹងការថ្លែងរបស់លោក កឹម សុខា ដែលនិយាយថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិតរៀបចំឡើងដោយវៀតណាម។ ប៉ុន្តែ លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា រឿងនេះជាការប្រឌិតដើម្បីកេងចំណេញខាងផ្នែកនយោបាយ។ ការធ្វើបាតុកម្មនេះ ត្រូវគេសង្ស័យថា គណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំឡើង។
ប៉ុន្តែលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការធ្វើបាតុកម្មនេះជាឆន្ទៈរបស់មហាជន៖«ព្រោះអាហ្នឹងជារឿងមួយដែលគេផ្សារភ្ជាប់ជាមួយក្រុមគេទាំងអស់ទូទាំងប្រទេសហ្នឹង ប៉ុន្តែរឿងនេះជារឿងរបស់ប្រជាពលរដ្ឋទេ គណបក្សមិនមានគោលការណ៍ទេត្រង់ប្រជាពលរដ្ឋទៅជាសមាជិករបស់គណបក្សណា ខ្ញុំអត់ដឹងទេ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង លោក ជា ជីវ យល់ថា ការធ្វើបាតុកម្មនេះ គឺដោយសារមានអនុសាសន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារឿងនយោបាយនៅពេលការបោះឆ្នោតជិតចូលមកដល់៖ «សារព័ត៌មានក៏ដូចជាសង្គមហ្វេសប៊ុក (Facebook) បានបញ្ជាក់ថា ការចូលរួមហ្នឹងដោយសារតែមានការបង្ខំទិញទឹកចិត្ត ហើយពេលខ្លះគឺមានជួលមនុស្សដើម្បីចូលរួមផង។ អ៊ីចឹង ខ្ញុំជឿជាក់ថា អ្វីដែលធ្វើគឺជាការរៀបរបស់គណបក្សកាន់អំណាច ដើម្បីគាបសង្កត់គណបក្សជំទាស់នៅពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតខាងមុននេះ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ខ្សែអាត់សំឡេងស្ដីពីការថ្លែងសារនយោបាយរបស់លោក កឹម សុខា ក្នុងពេលជួបជុំជាមួយសកម្មជនគណបក្សនៅមូលដ្ឋាននោះមានភាពផ្ទុយគ្នា។ ចំពោះខ្សែអាត់សំឡេងដែលគណបក្សប្រជាជនកម្ពុជា រកឃើញថាមានកំហុសនោះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា នៅខេត្តព្រៃវែង។ ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងអះអាងថា នៅថ្ងៃទី១៨ ឧសភា នោះ លោក កឹម សុខា ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ស្ថិតនៅឯខេត្តកំពង់ចាម៕
No comments:
Post a Comment
yes