សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 1, 2013

អាជ្ញាធរ​កាប់​បំផ្លាញ​ផ្ទះ​និង​ដំណាំ​កៅស៊ូ​របស់​គ្រួសារ​ទ័ព

130531_05
ស្ត្រីអ្នក​ភូមិ​រៀប​រាប់​ប្រាប់​​អ្នក​យក​ព័ត៌​មាន​​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី​ដែល​កើត​ឡើង​​​
អាជ្ញាធរ ចម្រុះ​ប្រមាណ ៥០ នាក់ បាន​ចុះ​ទៅ​កាប់​បំផ្លាញ​ផ្ទះ​២​ខ្នង​និង​ដំណាំ​កៅស៊ូ​រាប់​ពាន់​ដើម របស់​ពលរដ្ឋ​ដែល​ជា​គ្រួសារ​ទាហាន​រស់​នៅ​ក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង ដែល​មាន​ជម្លោះ​ដី​ធ្លី ជាមួយ​ក្រុមហ៊ុន MDS Import Export Co; Ltd របស់​លោក​ឧកញ៉ា ទ្រី ភាព។
អ្នក​ស្រី​សុខ ដា អាយុ ៤១ ឆ្នាំ ដែល​ផ្ទះ​របស់​អ្នក​ស្រី និង​ដំណាំ​កៅស៊ូ​ជា​ច្រើន​ត្រូវ​កាប់​បំផ្លាញ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង ប្រមាណ​ជា ៩ និង ៣០ នាទី​ព្រឹក​ម្សិលមិញ កម្លាំង​ចម្រុះ​ប្រមាណ ៥០ នាក់ ដែល​មាន​កម្លាំង​ប៉ូលិស ទាហាន ដែល​ការពារ​ឲ្យ​ក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន បាន​ចុះ​មក​កាប់​បំផ្លាញ​ដើម​កៅស៊ូ​របស់​អ្នក​ស្រី​អស់ ១០០០​ដើម ស្វាយ​៦០​ដើម នឹង​ស្វាយ​ចន្ទី ដូង​មួយ​ចំនួន​ទៀត​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖«​ម្តាយ​ខ្ញុំ​អាយុ​៨០ ឆ្នាំ គាត់​ព្យាយាម​ឃាត់​គេ​កុំ​ឲ្យ​រុះ​ផ្ទះ និង​កាប់​ដើម​កៅស៊ូ​ត្រូវ​បាន​គេ​ច្រាន​ឡើង​កប់​ទៅ​នឹង​ស្មៅ ហើយ​គេ​បាន​វាយ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​រារាំង​ពួក​គេ​»។ អ្នក​ស្រី​បន្ត​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ​គឺ​ជា​គ្រួសារ​របស់​ទាហាន​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា-ថៃ​ដែល​បាន​មក​រស់​នៅ​ក្នុង​តំបន់​នោះ​តាំង​ពី​ឆ្នាំ ២០០០ បន្ទាប់​ពី​មេ​ឃុំ​ចែក​ដី​ឲ្យ​តែ​ឥឡូវ​ភូមិ​ឃុំ​គេ​លែង​ទទួល​ស្គាល់​ដោយ​ថា ជា​ដី​របស់​ក្រុមហ៊ុន​ទ្រី​ភាព។ អ្នក​ស្រី​សុខ ដា បាន​និយាយ​ទៀត​ថា​៖«​ពួក​គេ​មាន​កាំភ្លើង​គ្រប់​ដៃ​តែ​ពួក​ខ្ញុំ​ក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដែរ ប្រសិន​បើ​ពួក​គេ​មក​រុះ​ផ្ទះ​ពួក​យើង​ទៀត យើង​មាន​កាំបិត ដើម្បី​ប្រយុទ្ធ​ការពារ​ផ្ទះ​របស់​ពួក​យើង»។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី ខួច ទិត្យ​ធីតា បាន​ថ្លែង​ថា ពួក​គេ​មក​កាប់​ដើម​ឈើ ដំណាំ​ហូប​ផ្លែ​របស់​ប្រជា​ពលរដ្ឋ​ចោល​ដើម្បី​បំបិទ​ភ័ស្តុតាង​ថា​ពលរដ្ឋ​ទើប​តែ​មក​រស់​នៅ​គ្មាន​សិទ្ធិ​ដាំ​ដុះ​លើ​ដី​នេះ​ទេ​ដោយ​ថា ដី​នេះ​គឺ​ជា​ដី​របស់​ក្រុមហ៊ុន MDS។ អ្នក​ស្រី​និយាយ​ថា​៖«យើង​បាន​ទៅ​ប្តឹង​មេ​ភូមិ មេ​ឃុំ គេ​ថា គេ​ឈប់​ទទួល​ស្គាល់​ពួក​យើង​ហើយ ដូច្នេះ​ពួក​យើង​មាន​តែ​ពឹង​លើ​ខ្លួន​ឯង​ទេ ប្រសិន​ពួក​មន្ត្រី​ដែល​ធ្វើ​ការ​បម្រើ​ឲ្យ​ក្រុមហ៊ុន​បន្ត​មក​រុះ​រើ​ផ្ទះ​ពួក​យើង​ទៀត​គឺ​យើង​កាប់​ពួក​គេ​ឲ្យ​ងាប់​តែ​ម្តង ពួក​យើង​លែង​គិត​អី​ទៀត​ហើយ​ពីព្រោះ​ពួក​វា​ធ្វើ​បាប​យើង​ពេក»។
បើ​តាម​អ្នក​ភូមិ ក្រុមហ៊ុន​របស់​លោក​ទ្រី ភាព បាន​ហាម​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ចម្ការ​ចាប់​តាំង​ពីឆ្នាំ ២០១០ រហូត​មក​ដល់​សព្វ​ថ្ងៃ​រី​ឯ​ខាង​មន្ត្រី​បរិស្ថាន​ថា​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ​គឺជា​ដី របស់​បរិស្ថាន​តែ​ក្រុមហ៊ុន​គេ​បែរ​ជា​អាច​ឈូស​ឆាយ​ធ្វើ​អ្វី​បាន​តាម ចិត្ត​ពុំ​ដែល​អាជ្ញាធរ​ហាម​ឃាត់​ឡើយ​។ អ្នក​ស្រី​បាន​ប្តេជ្ញា​ថា៖​«យើង​ដល់​ពេល​ត្រូវ​ប្តូរ​ស្លាប់​ជាមួយ​ពួក​វា​ហើយ​នៅ​ពេល​នេះ​»។
លោក​ព្រំ ងន មេ​ឃុំ​ថ្មដា បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
តំណាង​ក្រុមហ៊ុន​(MDS Import Export Co; Ltd) ដែល​បដិសេធ​ពុំ​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើ​ការ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ដោយ​សារ​តែ​ពួក​គាត់​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ពុំ​ឲ្យ​មាន​ការ​ដាំ​ដុះ​អ្វី​នៅ​លើ​ដី​នោះ​ទៀត​ទេ​បន្ទាប់​ពី​បទ​បញ្ជា ០១ ប៉ុន្តែ ពួក​គាត់​នៅ​តែ​ធ្វើ​។ លោក​បាន​ថ្លែង​ថា​៖«ក្រុមហ៊ុន​យើង​ពុំ​មាន​សិទ្ធិ​អី​ទៅ​រុះ​រើ​ផ្ទះ​ប្រជា​ពលរដ្ឋ​នោះ​ទេ​»។
លោក ឆេ ឆីវ អភិបាល​ស្រុក​វាល​វែង​បាន​ថ្លែង​ថា លោក​ពុំ​ទាន់​ទទួល​បាន​ដំណឹង​នៅ​ឡើយ​ទេ​ដូច្នេះ​លោក​ពុំ​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​តែ​ពលរដ្ឋ​នៅ​ក្នុង​ចំណុច​នោះ​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅ​ស្វែង​រក​ដំណោះស្រាយ​ជូន​គាត់​ពីរ​បី​លើក​រួច​មក​ហើយ។ លោក​បន្ត​ថា ៖ «​ពួក​គាត់​នោះ​បើ​ធ្វើ​នៅ​លើ​ដី​ចាស់​របស់​គាត់​នោះ​គ្មាន​អ្នក​ណា​ហាម​ទេ​តែ​យើង​ខ្លាច​គាត់​ទៅ​ដាំ​ដុះ​បន្ថែម​នៅ​លើ​ដី​ផ្លូវ​ថ្មី ទើប​បាន​ជា​គេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ»។
បើ​យោង​តាម ស.ជ.ណ.លេខ​១៣០៥ ចុះ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ ២០១០ រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤៤០២ ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​អភិវឌ្ឍ​ដាំ​ដំណាំ​កៅស៊ូ។
លោក​ភួង សុធា មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង​នោះ​ខ្លះ​បាន​មក​រស់​នៅ​ដោយ​ទិញ​ដី​ពី​គេ ខ្លះ​បាន​មក​រស់​នៅ​តាម​ប្តី​ដែល​ជា​ទាហាន​បន្ទាប់​ពី​អាជ្ញាធរ​ភូមិ ឃុំ បាន​បែង​ចែក​របប​ដី​ឲ្យ​ពួក​គាត់​។ លោក​ថ្លែង​ថា​៖«​អាជ្ញាធរ​ពុំ​បាន​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ទេ​បែរ​ជា​ប្រើ​ហិង្សា ទៅ​លើ​ពួក​គាត់​ទៅ​វិញ​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ»៕

No comments:

Post a Comment

yes