សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 7, 2013

អាជ្ញាធរ​ចុះ​ស្រង់​ស្ថិតិ​អ្នក​មាន​ជម្លោះ​ដី​នៅ​បឹងកក់

130607_05b
អ្នក​ភូមិ​បឹង​កក់​តវ៉ា​នៅ​ក្បែរ​សា​លា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ពុធ​
ក្រុម​មន្ត្រី​អាជ្ញាធរ​រាជធានី កាល​ពី​ម្សិលមិញ បាន​ចុះ​ទៅ​ស្រង់​ស្ថិតិ​ប្រជា​ពលរដ្ឋ នៅ​ក្នុង​តំបន់​បឹងកក់​ដើម្បី​រៀបចំ​សាលាកបត្រ សម្គាល់​ម្ចាស់​កម្មសិទ្ធិករ លើ​អចលនវត្ថុ​ជូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ប្រមាណ​ជាង​៦០ គ្រួសារ ដើម្បី​ឈាន​ទៅ​ដោះស្រាយ បញ្ចប់​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​តំបន់​នេះ។
អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ពី​បញ្ហា​នេះ បាន​សម្ដែង​ក្ដី​សាទរ ដោយ​ថា នេះ​អាច​ជា​ការ​ចាប់​ផ្តើម​វិជ្ជមាន​មួយ​របស់​អាជ្ញាធរ ចាប់​តាំង​ពី​លោក ប៉ា សុជាតិវង្ស បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង ជាង​មួយ​ខែ​មក​នេះ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី ដែល​ប្រជា​ពលរដ្ឋ​រងគ្រោះ​តែង​តែ​ធ្វើ​ការ​តវ៉ា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​នេះ។
លោក អ៊ី សារ៉ុម ប្រធាន​សមាគម​ធាង​ត្នោត បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​ចុះ​ស្រង់​ស្ថិតិ និង​ធ្វើ​បញ្ជី​សាលាកបត្រ​ព័ត៌មាន ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​មួយ​នេះ គឺ​ជា​សញ្ញា​ថ្មី​នៃ​ការ​ចាប់​ផ្តើម​ការងារ​ជាក់​ស្តែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី ចាប់​តាំង​ពី​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឡើង​កាន់​តំណែង​ជំនួស​លោក កែប ជុតិមា ដែល​បាន​ផ្លាស់​ចេញ កាល​ពី​ចុង​ខែ​មេសា​។ លោក​បាន​ថ្លែង​ថា៖«​នេះ​ជា​ចំណុច​ល្អ​និង​មាន​ភាព​ជាក់​លាក់​ជាង​មុន ហើយ​ខ្ញុំ​យល់​ថា នេះ​សញ្ញា​វិជ្ជមាន​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី ក្នុង​តំបន់​មួយ​នេះ»។

លោក ណើប លី ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន បាន​ថ្លែង​ថា ក្នុង​នាម​លោក​ជា​អង្គការ​សង្គម​ស៊ីវិល​លោក​នឹង​នៅ​តែ​បន្ត​ការ​ឃ្លាំ​មើល​និង​រង់ចាំ​សហការ​ចូល​រួម​ផ្ដល់​មតិ​យោបល់​ដល់​អាជ្ញាធរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី ក្នុង​តំបន់​នេះ ក៏​ដូច​ជា​តំបន់​ផ្សេង​ទៀត​ទទួល​បាន​ជោគជ័យ។
តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​លោក ចាន់ ពុទ្ធិស័ក្តិ បាន​សម្ដែង​ក្ដី​ត្រេកអរ និង​សង្ឃឹម​ថា ក្រោយ​ពី​គណៈ​កម្មការ​ចម្រុះ​របស់​សាលា​រាជធានី​ចុះ​ស្រង់​ស្ថិតិ និង​ធ្វើ​សាលាកបត្រ​ព័ត៌មាន​ហើយ​នោះ អាជ្ញាធរ​នឹង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​លើ​អចលន​វត្ថុ​ដល់​គ្រួសារ​លោក។
លោក​និយាយ​ថា៖«នៅ​ពេល​នេះ ខ្ញុំ​មាន​ក្ដី​ត្រេកអរ ហើយ​យើង​ខ្ញុំ​រំពឹង​ថា អាជ្ញាធរ​នឹង​រៀប​ចំ​ដោះ​ដូរ​ដី​ឲ្យ​ពួក​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ដី​១២,៤៤ ហិកតា ព្រម​ទាំង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​យើង​ខ្ញុំ​គ្រប់ៗ​គ្នា ទាំង​ជាង​៦០​គ្រួសារ»។

លោក​ស្រី អ៊ិន សាផន ចៅ​សង្កាត់​រង សង្កាត់​ស្រះចក​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ចុះ​ស្រង់​ស្ថិតិ កាល​ពី​ម្សិលមិញ បាន​និយាយ​ថា មក​ទល់​ពេល​នេះ ក្រុម​កាងារ​របស់​លោក​ស្រី បាន​ស្រង់​ស្ថិតិ និង​ធ្វើ​សាលាកបត្រ​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ជាង​២០​គ្រួសារ​រួច​ហើយ​។ លោក​ស្រី​បន្ត​ថា៖ «​យើង​នឹង​បន្ត​ចុះ​ធ្វើ​ការងារ​នេះ​ទៀត រហូត​ដល់​គ្រប់​ចំនួន»៕

No comments:

Post a Comment

yes