សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

គណបក្សជំទាស់សង្ស័យ​ពី​ការ​បោះ​សន្លឹក​ឆ្នោត​លើស​ចំនួន​អ្នក​បោះ​ឆ្នោត​

kim-sokha-ratanak
លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ
គណបក្សជំទាស់ ដាក់​ការសង្ស័យថា ចំនួន​សន្លឹកឆ្នោត​​ដែល​ គ.ជ.ប ​បោះ​លើស​ច្រើន​ហួស​ប្រមាណ ​អាច​​ជា​​លេស​​មួយ​ក្នុង​ការ​បន្លំ​​សន្លឹក​ឆ្នោត និង​​បំប៉ោង​​ចំនួន​​អ្នក​​ចេញ​​ទៅ​​បោះ​ឆ្នោត​។​
ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​នេះ​ថា ការ​បោះ​​សន្លឹក​ឆ្នោត​​ដល់​​ជាង​ ១២,៦​លាន​​សន្លឹក ខណៈ​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​​ប្រមាណ ៩,៦​​លាន​​នាក់​​នោះ​ គឺជា​រឿង​គួរឲ្យ​សង្ស័យ​៖ "អ្នកបោះឆ្នោត​ម្នាក់ៗ មាន​សិទ្ធិ​បោះ​ឆ្នោត​តែ​មួយ​សន្លឹក និង​តែ​មួយ​ដង​គត់ ដូច្នេះ​៩​លាន​៦​សែន​នាក់​ជាង​នេះ មាន​សិទ្ធិ​បោះ​តែ​ម្នាក់​មួយ​សន្លឹក អាច​បោះ​តែ​មួយ​ដង ដូច្នេះ​បោះ​សន្លឹកឆ្នោត​មាន​ដល់ ១២​លាន​ជាង លើស​ជាង​២​លាន​សន្លឹក នៅ​ហើយ​ជា​ការសង្ស័យ ដោយ​ភ្ជាប់​ជាមួយ​បញ្ជី​ឈ្មោះ មាន​ឈ្មោះ​ខ្មោច​ផង​នោះ នេះ​ហើយ​ជា​ការសង្ស័យ ដោយ​មាន​ឈ្មោះ​ស្ទួន​ផង​នោះ​”​។​

អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា ការបោះ​សន្លឹកឆ្នោត​លើស​ចំនួន​អ្នក​បោះឆ្នោត​នោះ ​ដើម្បី​ទុក​បម្រុងក្រែង​មាន​ការ​ខូច​ ដោយ​ប្រកាស​ណាមួយ​ ដែល​ត្រូវការ​សន្លឹកឆ្នោត​ជំនួស​ជា​បន្ទាន់​។ ​លោក​ថា​ ​ការបោះ​សន្លឹក​ឆ្នោត​នេះ​ ធ្វើ​តាម​រូបមន្ត ការអនុវត្ត ការគ្រប់គ្រង បែងចែក និង​ការប្រើប្រាស់​ដូច​អ្វី​ដែល​ធ្លាប់ប្រើប្រាស់ កាលពី​ឆ្នាំ​២០០៣ ហើយ​រហូត​មកដល់​​ឆ្នាំ​២០១៣​នេះ​ គឺ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ​៖ “​សន្លឹកឆ្នោត​នោះ គាត់​គូស​ខុស ឬ​ប្រែចិត្ត ភ្លាមៗ​នោះ​យើង​អាច អនុញ្ញាត​ឲ្យ​គាត់​ដូរ​សន្លឹកឆ្នោត ថែម​មួយ​សន្លឹក​ទៀត ឬ​មួយ​ពេល​គូស​សន្លឹកឆ្នោត រហែក​សន្លឹកឆ្នោត គាត់​អាច​ដូរ​សន្លឹក​ឆ្នោត​បាន នៅក្នុង​ការិយាល័យ​បោះឆ្នោត​នោះ​តែម្តង​។ អ៊ីចឹង​ទេ សរុប​មក​វិញ ការងារ​នេះ​យើង​ធ្វើ​មក​ទាំង​ពី​ដើម​មក មិនមែន​ទើបតែ​ធ្វើ​ឥឡូវ​ទេ ហើយ​ដូច​ខ្ញុំ​ជំរាប ការគ្រប់គ្រង​គឺ​មាន​ភាពល្អ ពុំដែល​មាន​បញ្ហា​អ្វី​ទេ ហើយ​ម្យ៉ាងទៀត​ក្រោយ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត​នោះ ត្រូវ​ធ្វើ​ភ្លាមៗ​នៅ​ការិយាល័យ​បោះឆ្នោត ហើយ​សន្លឹកឆ្នោត​ដែល​សល់​ពី​ការបោះឆ្នោត​នោះ គឺ​យើង​បាន​ចោះ​ទម្លុះ​ចោល​ភ្លាមៗ នៅ​ការិយាល័យ​បោះឆ្នោត​នោះ​តែម្តង​”​។
​លោក ទេព នីថា បន្ត​ថា តាម​បច្ចេកទេស​​ត្រូវ​​មាន​​សន្លឹក​​ឆ្នោត​​បម្រុង​ ដែល​​រក្សា​​ទុក្ខ​​នៅ​តាម​​ថ្នាក់​​ខេត្ត គឺ​មួយ​ឃុំ​សង្កាត់​មាន​សន្លឹក​ឆ្នោត​​​បម្រុង​ ៧៥០​សន្លឹក ​សម្រាប់​មួយ​ការិយាល័យ​។
​នាយក​ប្រតិ​ប​ត្ដិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ និច​ហ្វ្រិ​ច លោក ហង្ស ពុទ្ធា យល់ថា ​ការសង្ស័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​វា​ជា​រឿង​មួយ​ ប៉ុន្តែ​បញ្ហា​សំខាន់​ការ​ទួល​ខុស​ត្រូវរ​បស់ គ.ជ.ប លើ​ការ​គ្រប់គ្រង និង​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ ៖ "​ប៉ុន្តែ​សន្លឹកឆ្នោត​ដែល​បោះ​លើស ក៏​អាច​មាន ចារឹក​មុខ​ពីរ​ដែរ ប្រសិនបើ​ប្រើប្រាស់​វា​មិន​បាន​ត្រឹមត្រូវ វា​ធ្វើឲ្យ​ជន​មួយចំនួន អាច​នឹង​ប្រើប្រាស់​យក​ទៅ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជា​ផលប្រយោជន៍ រំខាន ឬក៏​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​”​។
សូមបញ្ជាក់​ថា សន្លឹកឆ្នោត​ដែល គ.ជ.ប​ បាន​បោះ​សម្រាប់​អាណត្តិ​ទី​៥​នេះ មាន​ជាង​១២​លាន​៦​សែន​សន្លឹក ខណៈ​អ្នក​បោះ​ឆ្នោត​​​​មាន ៩​លាន​៦​សែន​នាក់ ពោល​លើស​៣​លាន​សន្លឹក​៕ 

No comments:

Post a Comment

yes