សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 17, 2013

ឈូកបណ្ឌិតនៅ​តែ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់

130717_09b
លោក​ឈូក បណ្ឌិត អតី​ត​អភិបាល​ក្រុង​បាវិត ដែល​នគរ​បាល​​តាម​រក​ចាប់​ខ្លួន​
ខណៈ​ដែល​ជន​ល្មើស​ដូច​ជា​លោក​ឈូក បណ្ឌិត មិន​ត្រូវ​បាន​ចាប់​ខ្លួន ចាប់​តាំង​ពី​តុលាការ បាន​ចេញ​ដីកា​តាម​ចាប់​អស់​រយៈ​ពេល​២៣ថ្ងៃ​មក​ហើយ​នោះ​អង្គការ​សិទ្ធិ​មនុស្ស​ជឿ​ថា សមត្ថកិច្ច​នឹង​អាច​ចាប់​ខ្លួន​លោក បណ្ឌិត​បាន​ភ្លាមៗ ប្រសិន​បើ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ដក​កាំភ្លើង​បាញ់​រះ​ទៅ​លើ​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​៣ នាក់ នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​បាវិត កាល​ពី​ដើម​ឆ្នាំ ២០១២ ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១ ឆ្នាំ ៦ ខែ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​និង​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់​ខ្លួន​យក​មក​ទទួល​ទោស កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នគរបាល​ពុំ​ទាន់​មាន​តម្រុយ​ដែល​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក​បណ្ឌិត​នៅ​ឡើយ​ទេ។
លោក ហែម សាបាន ស្នងការ​រង​នគរបាល​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ថា លោក​កំពុង​អនុវត្ត​តាម​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​របស់​លោក​ពុំ​ទាន់​មាន​ដំណឹង​ថា លោក បណ្ឌិត នៅ​ទី​ណា​នោះ​ទេ​។

លោក​និយាយ​ថា​៖«យើង​មិន​បាន​បោះបង់ ឬ​ក៏​បំភ្លេច​ដីកា​តាម​ចាប់​ខ្លួន​នេះ​ទេ ប៉ុន្តែ​វា​គ្មាន​តម្រុយ​បន្តិច​សោះ»។
មិន​មែន​មាន​តែ​ករណី​លោក បណ្ឌិត តែ​មួយ​នោះ​ទេ ដែល​មិន​ត្រូវ​បាន​ចាប់​ខ្លួន នៅ​មាន​ករណី​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ ក៏​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ហើយ​សព្វ​ថ្ងៃ​ពួក​គេ កំពុង​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​មាន​ដូច​ជា អ្នក​ស្រី ជា រដ្ឋា អតីត​ជា​នាយ​អាវុធហត្ថ និង​នគរបាល​ជាតិ និង​បក្ខពួក ៥ នាក់​ទៀត ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស កាល​ពី​ខែ​តុលា​ឆ្នាំ ២០១០ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី​១៥ ដល់​១៨ ឆ្នាំ ទាក់​ទិន​រឿង​ជះ​ទឹក​អាស៊ីត​ទៅ​លើ​ម្តាយ​មីង​របស់​កញ្ញា អ៊ិន សុខលីដា លោក យាន ស៊ីណា អតីត​អនុ​រដ្ឋ​លេខាធិការ ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៣ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ ពី​បទ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​វាយ​ដំ​អ្នក​កាសែត អ្នក​ស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ត្រូវ​បាន​សាលា​ដំបូង​រាជធានី ចេញ​ដីកា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ ២០១២ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៤ ឆ្នាំ ៦ ខែ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ។
លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា បច្ចុប្បន្ន​មន្ត្រី​យុត្តិធម៌​និង​មន្ត្រី​តុលាការ​ហាក់​បី​ដូច​ជា​ធ្វើ​តាម​តែ​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ធំ​ដូច​ជា ករណី សន្តិសុខ​របស់​ក្រុមហ៊ុន TTY របស់​លោក​ឧកញ៉ា ណា មារឌី ដែល​បាន​បាញ់​លើ​ក្រុម​បាតុករ​តែ​ពុំ​មាន​សមត្ថកិច្ច​ណា​ចាប់​ខ្លួន​សន្តិសុខ​នោះ​បាន​ទេ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សមត្ថកិច្ច ក៏​បាន​ចាប់​ខ្លួន​សន្តិសុខ​នោះ​បាន​ភ្លាម​។
លោក​និយាយ​ថា​៖ «ស្ថាប័ន​តុលាការ​នៅ​ក្នុង​ស្រុក​យើង​គឺ​មិន​ឯករាជ្យ​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ក្រីក្រ​ទេ ហើយ​និទ្ទណ្ឌភាព​កំពុង​តែ​រីក​ធំ​ឡើងៗ​នៅ​ក្នុង​ស្រុក​យើង​»។
លោក​បន្ត​ថា តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អំណាច​មិន​គ្រប់​គ្រាន់​បើ​ទោះ​បី​ជា​ស្ថាប័ន​នេះ​គឺជា​ស្ថាប័ន​មួយ​ឯករាជ្យ​ក៏​ដោយ​ពី​ព្រោះ​តុលាការ​ស្ថិត​ក្រោម​គំនាប​អ្នក​មាន​អំណាច​និង​អ្នក​មាន​លុយ។
ចំណែក​ឯ លោក​អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ​លីកាដូ​បាន​ថ្លែង​ថា ដើម្បី​ឲ្យ​សាលក្រម សាលដីកា ឬ​ក៏​ដីកា​ចាប់​ខ្លួន​មាន​ប្រសិទ្ធភាព​គឺ​មន្ត្រី​យុត្តិធម៌ ត្រូវ​តែ​ធ្វើ​ការ ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​គឺ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ ឬ​អ្នក​មាន​អំណាច​នោះ​ទេ។ លោក​ថ្លែង​ថា​៖ «ប្រសិន​បើ​សាលក្រម​សាលដីកា​ឬ​ក៏​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មាន​ហើយ តែ​មន្ត្រី​នគរបាល​យុត្តិធម៌​មិន​បាន​អនុវត្ត​នោះ​គឺ​មាន​ន័យ​ថា ការ​ចេញ​សាលក្រម​ឬ​សាលដីកា​ទាំង​នោះ​ពុំ​មាន​ន័យ​អ្វី​ឡើយ ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​និទ្ទណ្ឌភាព​ក្នុង​ប្រទេស​យើង»។
រីឯ​លោក សុក សំអឿន ប្រធាន ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ថ្លែង​ថា ជន​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ហើយ​ចេញ​ដីកា​តាម​ចាប់​ខ្លួន បើ​ទោះ​បី​ជា​មិន​ទាន់​ចាប់​ខ្លួន​បាន​ក៏​ដោយ​ក៏​ពួក​គេ​បាន​ទទួល​ទណ្ឌកម្ម​មួយ​ផ្នែក​ហើយ​គឺ​ការ​រស់​នៅ​ដោយ​លួច​លាក់។
លោក​លើក​ឡើង​ថា​៖ «តុលាការ បាន​អនុវត្ត​ការងារ​របស់​ខ្លួន​រួច​ហើយ តើ​មន្ត្រី​យុត្តិធម៌ បាន​អនុវត្ត​ការងារ​របស់​ពួក​គេ​ដែរ​ឬ​អត់?»៕

No comments:

Post a Comment

yes