គណបក្សសង្គ្រោះជាតិ គឺជាគណបក្សមួយលេចធ្លោជាងគណបក្សប្រឆាំងដទៃទៀតនៅក្នុងការប្រកួតប្រជែងជាមួយដៃគូប្រកួត គឺគណបក្សកាន់អំណាច នៅក្នុងនីតិកាលទី៥នេះ។ គណបក្សធំទាំងពីរសុទ្ធតែរំពឹងទុកថា នឹងទទួលបានជ័យជំនះរៀងៗខ្លួន នៅពេលបោះឆ្នោតថ្ងៃទី២៨ កក្កដា ខាងមុខនេះ។
តើគណបក្សសង្គ្រោះជាតិ អាចផ្ដួលគូប្រកួត គឺគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសជាង ២០ឆ្នាំមកនេះ នៅក្នុងការបោះឆ្នោតលើកនេះបានឬទេ?
គណបក្សសង្គ្រោះជាតិ បានអះអាងថា ខ្លួននឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ។ ការរំពឹងយ៉ាងមុតមាំនេះ ដោយសារតែគណបក្សនេះបានឃើញសន្ទុះអ្នកគាំទ្រខ្លាំងក្លាជាងអាណត្តិមុនៗទាំងអស់ នៅក្រោយពីគណបក្សនេះអះអាងថា បានរៀបរូបមន្តត្រូវ ដែលជាការទាក់ទាញប្រជាពលរដ្ឋ។
កត្តាដែលគណបក្សសង្គ្រោះជាតិ អាចធ្វើឲ្យទាក់ទងអ្នកគាំទ្រកាន់តែកើនឡើងនោះ ទី១ គណបក្សនេះកើតចេញពីគណបក្សចំនួនពីរ គឺគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី ក្រោមការដឹកនាំដោយលោក សម រង្ស៊ី។ ម្យ៉ាងទៀត គណបក្សសង្គ្រោះជាតិ បានកំណត់គោលនយោបាយ ៧ចំណុច ដែលស្ដាប់ទៅហាក់ដូចជាស្របទៅតាមតម្រូវការជាក់ស្ដែងដែលប្រជាពលរដ្ឋកំពុងប្រឈមនាពេលបច្ចុប្បន្ន។
ថ្វីត្បិតតែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានការកើនឡើងជាលំដាប់ ហើយគណបក្សប្រឆាំងដ៏ធំមួយនេះសង្ឃឹមថា នឹងឈ្នះលទ្ធផលបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងក្ដី ប៉ុន្តែលទ្ធផលបោះឆ្នោតជាក់ស្ដែងនឹងមិនអាចដូចខាងគណបក្សប្រឆាំងរំពឹងទុកនោះទេ។ គណបក្សប្រជាជនហាក់ដូចបានរៀបចំជើងព្រួលផ្ដួលដៃគូតាមគ្រប់រូបភាពដែលគេអាចធ្វើទៅបាន។
មានទឡ្ហីករណ៍ជាច្រើនដែលបង្ហាញនូវការរាំងស្ទះដើម្បីកុំឲ្យគណបក្សប្រឆាំងទទួលបានជ័យជំនះនោះ។ ទីមួយ គឺការធ្វើយ៉ាងណាកុំយុវជនដែលទើបគ្រប់អាយុបោះឆ្នោតអាចមានប័ណ្ណទៅបោះឆ្នោតបាន។ រដ្ឋាភិបាលដែលដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមានផែនការរបស់ខ្លួនតាំងពីមុនការបោះឆ្នោតឈានមកដល់ ពោលគឺយុវជនដែលគ្រប់អាយុ ១៨ឆ្នាំ ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ ក្រសួងមហាផ្ទៃ ហាក់ដូចជាមានចេតនាពន្យារពេលធ្វើឲ្យយុវជនគ្រប់អាយុ។ មួយចំនួនទៀត បានធ្វើតែមិនទាន់ទទួលអត្តសញ្ញាណប័ណ្ណក៏មាន ពីព្រោះថា រដ្ឋាភិបាលប្រហែលជាដឹងថា ស្រទាប់យុវជននោះ ភាគតិចដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការស្មានទុករបស់រដ្ឋាភិបាលនេះ គឺបានឃើញកាន់តែច្បាស់នៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលយុវជនលើសលុបបានចូលរួមហែក្បួនឃោសនាឲ្យគណបក្សសង្គ្រោះជាតិ។
ម្យ៉ាងវិញទៀត គណបក្សប្រជាជនកម្ពុជា បានរៀបចំរចនាសម្ព័ន្ធយ៉ាងហ្មត់ចត់ជាទីបំផុតតាំងពីលើដល់ថ្នាក់មូលដ្ឋាន។ នៅតាមបណ្ដាភូមិ ឃុំនីមួយៗ គណបក្សប្រជាជន បានបង្កើតជាប្រធានក្រុម អនុប្រធានក្រុម ដើម្បីតាមដានប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ហើយប្រធានក្រុមនីមួយៗនោះ ស្ទើរតែដឹងសមាជិកភូមិទាំងអស់ថា សមាជិកគ្រួសារណាគាំទ្របក្សខ្លួន សមាជិកគ្រួសារណាគាំទ្របក្សសង្គ្រោះជាតិ និងសមាជិកគ្រួសារណាជាអ្នកនៅកណ្ដាល ដែលមិនទាន់ធ្វើការសម្រេចចិត្ត។
នៅត្រង់ចំណុចនេះ ប្រធានក្រុម ឬសកម្មជនគណបក្សកាន់អំណាច នឹងធ្វើការទិញអ្នកដែលមិនធ្វើការសម្រេចចិត្តបោះឆ្នោតណាមួយមិនឲ្យទៅបោះឆ្នោត ឬអាចទៅបានលួងលោម ឬបង្ខំឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនជាដើម។
លើសពីនេះទៀត នរណាក៏ដឹងដែរថា គ្រប់គណបក្សនយោបាយទាំងអស់បានធ្វើការសន្យានៅក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានបន្តសន្យា និងបានលើកពីសមិទ្ធផលនានាបង្ហាញដល់ប្រជាពលរដ្ឋ ដូចជាការសន្យាបន្តធ្វើហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋជាដើម។ ទន្ទឹមនឹងនេះ គណបក្សកាន់អំណាចបានប្រាប់ទៅម្ចាស់ឆ្នោតថា គណបក្សប្រឆាំងមិនអាចធ្វើអ្វីៗបានទេ ហើយថា គណបក្សប្រឆាំងសន្យាខ្យល់ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការកសាងប្រទេសជាតិតាមរយៈការកសាងសមិទ្ធផលផ្សេងៗ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ។ល។ គណបក្សណាក៏ធ្វើបានដែរ ឲ្យតែគណបក្សនោះកាន់អំណាច ពីព្រោះថា ការកសាងប្រទេសជាថវិការបស់ជាតិ មិនមែនជាថវិការបស់បក្សទេ។ ថវិកាទាំងនោះ បានមកពីការប្រមូលពន្ធនានា បានមកពីជំនួយ និងប្រាក់កម្ចីបរទេសជាដើម។
ជាងនេះទៅទៀត ប្រជាពលរដ្ឋនៅតាមបណ្ដាខែត្រមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់នៅឡើយ និងការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត គួបផ្សំនឹងការទាក់ទាញពីសកម្មជនគណបក្សប្រជាជនកម្ពុជា ម្ដងហើយម្ដងទៀត នៅតំបន់ខ្លះគំរាមផងនោះ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិណាស់។
ជាងនេះទៅទៀត ការកំណត់ឈប់សម្រាកឃោសនាមួយថ្ងៃនៅមុនថ្ងៃបោះឆ្នោតរបស់គណបក្សនយោបាយដែលមានចែងនៅក្នុងច្បាប់បោះឆ្នោត ឬហៅថា ថ្ងៃស ឬនៅរាត្រីឆ្កែព្រូសនោះ ហាក់បីដូចជាទុកឱកាសឲ្យសកម្មជនគណបក្សកាន់អំណាចដើរប្រាប់ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឬការលួចឲ្យលុយ ឬការបង្ខំឲ្យប្រជាពលរដ្ឋស្បថ ជាថ្នូរនឹងការទទួលយកអំណោយជាដើម ដើម្បីឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា និងការគណនាសំឡេងឆ្នោតតាមរូបមន្តមធ្យមខ្ពស់បំផុត ដែលធ្វើឲ្យគណបក្សនេះមានឱកាសក្នុងការទទួលយកសំឡេងឆ្នោតដែលគណបក្សផ្សេងមិនគ្រប់អាសនៈនោះ បូកបញ្ចូលទៅអាសនៈរបស់ខ្លួនដែលមានច្រើនហើយនោះ។
មួយវិញទៀត ការវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់មាតុប្រទេសវិញនេះ ទោះបីជារបត់នយោបាយមួយថ្មីទៀត ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍មកលើគណបក្សសង្គ្រោះជាតិ កាន់តែខ្លាំងក្ដី ប៉ុន្តែអ្វីៗហាក់បីដូចជាហួសពេលសម្រាប់គណបក្សសង្គ្រោះជាតិទៅហើយ ដោយហេតុថា លោក សម រង្ស៊ី នៅសល់ពេលតិចតួចណាស់ក្នុងការឃោសនា និងពន្យល់ឲ្យប្រជាពលរដ្ឋឲ្យមានទំនុកចិត្តលើសមត្ថភាពរបស់លោកក្នុងការដឹកនាំប្រទេស និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិជាដើម។
សរុបសេចក្ដីទៅ ការឆ្នោតលើកនេះ ក៏អាចមិនខុសពីការបោះឆ្នោតមុនៗដែរ គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាច ហាក់នៅមានលទ្ធភាពគ្រប់យ៉ាងក្នុងការប្រើប្រាស់ធនធានជាតិ និងស្ថាប័នរៀបចំការបោះឆ្នោត ព្រមទាំងដាក់ការគាបសង្កត់នយោបាយទៅលើគូប្រជែង មិនអោយចូលប្រកួតដោយពេញកម្លាំងបាន។
ទោះជាអាចមិនឈ្នះបានអាសនៈសភាច្រើនលើសលប់ដូចការបោះឆ្នោតមុនៗ ក៏គណបក្សប្រជាជនកម្ពុជា ប្រហែលជានៅតែអាចឆ្លៀតដណ្ដើមបានកៅអីល្មមក្នុងការបង្កើតរដ្ឋាភិបាលខ្លួនឯងបានដែរ។
តែប្រសិនបើការបោះឆ្នោតនីតិកាលទី៥នេះ គ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិសេរីភាពប្រកួតប្រជែងពេញលេញ និងស្មើភាពគ្នា ហើយ គ.ជ.ប ប្រាកដជាឯករាជ្យមិនលំអៀងទៅខាងគណបក្សណាមួយ រួចបង្កលក្ខណៈអោយមានការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ នោះសំឡេងឆ្នោតគាំទ្រគណបក្សប្រឆាំងនឹងអាចប្ដូរកង់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា នាដំណាក់កាលនេះបាន៕
No comments:
Post a Comment
yes