លោកសម រង្ស៊ីជួបជាមួយអ្នកលក់នៅតាមផ្សារ ពេលចុះឃោសនាតាមខេត្ត
ខុសប្លែកពីអាណត្តិមុនៗ សម្រាប់ការបោះឆ្នោតនាអាណត្តិនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាទូទៅហ៊ានសម្តែងមតិ និងលើកយកប្រធានបទនយោបាយមកវែកញែក ដេញដោលគ្នាតាមទីសាធារណៈនានាជាច្រើន។ ការណ៍នេះ មន្ត្រីជំនាញយល់ឃើញថា ជាចំណុចរបត់នយោបាយដ៏វិជ្ជមានមួយក្នុងសង្គមកម្ពុជា។
មនុស្សម្នារជជែកគ្នាអំពីបញ្ហានយោបាយនៅតុអាហារថ្ងៃត្រង់មួយក្នុងខណ្ឌ៧មករា កណ្តាលរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋមួយក្រុមនេះភាគច្រើនគឺជាអ្នករត់ម៉ូតូឌុប។
លោកងិន សារិនមានសំបុរខ្មៅស្រអែមគឺជាអ្នករត់រ៉ឺម៉កកង់បី។ បុរសអាយុ៤៣ឆ្នាំម្នាក់នេះគឺជាពលរដ្ឋម្នាក់ក្នុងការពិភាក្សាក្នុងវង់បាយថ្ងៃត្រង់នេះ។
លោកនិយាយថា៖ «ពីមុន ហ៊ានដែរ តែហ៊ានតិចតួច។ ប៉ុន្តែឥឡូវមតិប្រជាពលរដ្ឋ គេហ៊ានចេញមកនិយាយតែម្តង។ គេថា មិនឱ្យងាប់ដូចពស់ រស់ដូចកង្កែបទេ។ ដូច្នេះមនុស្សចេះតែនិយាយតៗគ្នាទៅគឺហ៊ានតាមគេ តាមឯងដែរ។ រយៈកាលកន្លងមក គេដឹងអស់ហើយ ដូចជាអ្នករត់ម៉ូតូឌុប សិស្សសាលាអី គេដឹងអស់ហើយ គ្មានអ្នកណាគេចាញ់បោកទៀតទេ»។
ប្រទេសកម្ពុជាបានបង្កើតរដ្ឋាភិបាលថ្មីតាមរយៈការបោះឆ្នោតអស់រយៈពេល២០ឆ្នាំមកហើយ ដោយសារការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងការមានជំងឺបាក់ស្បាតដោយសារសង្គ្រាម ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោតបំបិទសិទ្ធិផ្ទាល់ខ្លួន មិនហ៊ានជជែកវែកញែកពីបញ្ហានយោបាយទេ នាពេលកន្លងមក។
ប៉ុន្តែនាពេលនេះ ស្ទើរតែគ្រប់កន្លែងប្រមូលផ្តុំ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនមានភាពក្លាហាន និងសកម្មខុសពីមុន ក្នុងការសម្តែងមតិលើប្រធានបទនយោបាយនានា។ ប្រធានបទនៃការវែកញែកទាំងនោះរួមមានជាអាទិ៍ ការបោះឆ្នោត បុគ្គលភាពរបស់បេក្ខជនតំណាងរាស្ត្រ ការហែក្បួនឃោសនារបស់គណបក្ស និងគោលនយោបាយរបស់គណបក្សនយោបាយជាដើម។
នៅកន្លែងលាងម៉ូតូមួយកន្លែង ក្រោយព្រះបរមរាជវាំង មនុស្សចំណាស់ៗមួយក្រុមកំពុងជជែកគ្នាអំពីបញ្ហានយោបាយ។
បុរសវ័យចំណាស់ម្នាក់ដែលនៅក្នុងការសន្ទនានោះនិងដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា កាលពីមុនលោកមិនដែលហ៊ាននិយាយអំពីបញ្ហានយោបាយអញ្ចឹងតាមទីសាធារណៈទេ។ ប៉ុន្តែដោយសារឃើញភាពអយុត្តិធម៌សង្គមកាន់តែច្រើនឡើងគឺជាការជំរុញសេចក្តីក្លាហានរបស់លោក។
លោកនិយាយថា៖ «យើងចេះតែភ្ញាក់រឭកហើយ។ បើមិនជឿ ជិះទៅមើលខ្លួនឯងផ្ទាល់ទៅ ឃើញថា ភូមិយួនសុទ្ធតែម្តង។ ខ្ញុំឃើញព្រឺសម្បុរ ខ្ញុំខ្លាច។ យើងលែងខ្លាចហើយ ព្រោះអាយុ៥០ឆ្នាំហើយ។ ប៉ុន្តែកូនចៅយើងជំនាន់ក្រោយចេះតែមានការឈឺចាប់អញ្ចឹងទៅ។ ដីរដ្ឋក៏វាអស់។ ស្អីក៏វាអស់។ កន្លែងខ្លះដូចជាប៉ូឌីញ គេដេញប្រជាពលរដ្ឋ សង់ផ្ទះលក់ឱ្យឈ្មួញ ហើយឈ្មួញយកលក់ឱ្យប្រជាពលរដ្ឋដដែល»។
លោកស៊ុន សាវឿន អាយុ៤៣ឆ្នាំ ជាអ្នកលាងម៉ូតូនៅជាប់នោះ។ លោកថ្លែងថា លោកហ៊ាននេះដោយសារលោកយល់ដឹងច្រើនជាងមុនពីសេរីភាពបញ្ចេញមតិរបស់ខ្លួន។
លោកនិយាយថា៖ «កាលពីមុនលាក់លៀមរៀងខ្លួន។ អញអត់ទុកចិត្តខាងនេះបក្សនេះ ខាងនោះ បក្សនោះអីអញ្ចឹង។ ប៉ុន្តែដល់អាណត្តិនេះ យើងនិយាយទូទៅ បក្សណាក៏និយាយបាន។ មើលទៅអាណត្តិនេះមានភាពសកម្មជាងអាណត្តិមុន អាចហ៊ាននិយាយច្រើន។ ខ្ញុំនៅកណ្តាលចេះតែស្តាប់គេវែកញែកទៅ»។
ចំណែកឯលោកជីន សារ៉េត អាយុ៣៩ឆ្នាំ ម្ចាស់ហាងកាហ្វេមួយកន្លែងក្បែរផ្សារដើមគរ។ លោកនិយាយថា លោកសង្កេតឃើញថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការជជែកគ្នាអំពីរឿងនយោបាយយ៉ាងផុសផុល ក្នុងចំណោមអ្នកដែលចូលមកហូបកាហ្វេនៅតូបរបស់លោក។
លោកនិយាយថា៖ «កាលពីឆ្នាំ២០០៨ ប្រជាពលរដ្ឋយើងហាក់ដូចជាមិនសូវចាប់អារម្មណ៍រឿងនយោបាយទេ។ ប៉ុន្តែមកដល់ឆ្នាំ២០១៣ហ្នឹង ប្រជាពលរដ្ឋហាក់ដូចជាមានការចាប់អារម្មណ៍ខាងផ្នែកនយោបាយច្រើន។ ភាគច្រើនចុងក្រោយហ្នឹង គាត់និយាយពីការហែគណបក្ស និងការវិលត្រឡប់របស់លោកសម រង្ស៊ី»។
លោកបណ្ឌិតហង្ស ពុទ្ធាគឺនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា។ លោកអធិប្បាយថា ប្រជាពលរដ្ឋកម្ពុជានាពេលនេះកាន់តែយល់ដឹងទូលំទូលាយអំពីការជជែកវែកញែកពីបញ្ហានយោបាយ។
លោកនិយាយថា៖ «ខ្ញុំគិតថា ទីមួយ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណេះដឹងរបស់របស់ប្រជាពលរដ្ឋមានការរីកចម្រើន ហើយលទ្ធិប្រជាធិបតេយ្យបានបង្រៀនពលរដ្ឋឱ្យយល់ពីសិទ្ធិរបស់ខ្លួន។ ហើយមួយទៀត ពលរដ្ឋខ្លះ គាត់ចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ អញ្ចឹងហើយបានជាមានការចូលរួមយ៉ាងផុលផុស»។
លោកហង្ស ពុទ្ធាវាយតម្លៃថា ការពិភាក្សាអំពីបញ្ហានយោបាយបែបនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋសម្រាប់ការជ្រើសរើសមេដឹកនាំបានត្រឹមត្រូវតាមការវិនិច្ឆ័យយ៉ាងល្អិតល្អន់របស់ពួកគេ។ ក៏ប៉ុន្តែ លោកហង្ស ពុទ្ធាគិតថា ការបញ្ចេញមតិនេះនៅមានកម្រិតនៅឡើយ ដោយសារប្រជាពលរដ្ឋនៅមានការភ័យខ្លាច នៅមានគំនាប និងការគំរាមពីអាជ្ញាធរមួយចំនួន៕
No comments:
Post a Comment
yes