កាលពីពេលថ្មីៗនេះ លោក សយ សុភាព ត្រូវបានមហាជនសួរដេញដោលអំពីការវិភាគ និងការនិយាយរបស់លោកនៅតាមបណ្តាញស្ថានីយ៍ទូរទស្សន៍មួយចំនួនដែលលោកធ្វើជាវាគ្មិន នាពេលកន្លងមក ដោយបានធ្វើការវិភាគអំពីការវិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។
លោក សយ សុភាព ធ្លាប់បាននិយាយថា លោក សម រង្ស៊ីគ្មានឳកាសត្រូវបានលើកលែងទោស និងមិនហានត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញឡើយ។ លោកបាននិយាយថា បើលោក សម រង្ស៊ី អាចវិលចូលក្នុងស្រុកខ្មែរវិញបាន លោកនឹងកោរសក់។
ចំពោះពាក្យសំដីរបស់លោកដែលបាននិយាយខាងលើនេះ មិនទាន់ត្រូវបានគេចាប់អារម្មណ៍ប៉ុន្មានទេ។ ប៉ុន្តែក្រោយពីមានព្រះរាជក្រឹត្យលើកលែងទោស និងដំណឹងពីការវិលត្រលប់របស់លោក សម រង្ស៊ី ធ្វើអោយអ្នកដែលតាមដានការវិភាគរបស់លោក សយ សុភាព ចាប់ផ្តើមសួរដេញដោល និងចំអកឡកឡើយដល់លោកថា “តើលោក សយ សុភាព ពិតជាហ៊ានកោរសក់ខ្លួនឯងមែនឬ?”
តាមអ្នកវិភាគស្ថានការណ៍នយោបាយមួយចំនួនបានលើកឡើងថា បរិបទនយោបាយក្នុងប្រទេសកម្ពុជាហាក់មានរបត់ខ្លាំងហួសពីការគិតស្មានទៅទៀត ទាំងនាពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះ ហើយពេលខ្លះក៏វាផ្ទុយស្រលះតែម្តងពីការវិភាគរបស់អ្នកជំនាញ ដូចជាលោក សយ សុភាព នេះជាដើម។ រហូតមកទល់ពេលនេះ គេពុំទាន់បានឃើញការចេញមកបកស្រាយណាមួយពីលោក សយ សុភាព ចំពោះពាក្យសំដីរបស់ខ្លួន និងការចំអកឡកឡើយនេះនៅឡើយទេ ៕
No comments:
Post a Comment
yes