លោក សម រង្ស៊ី ពេលអញ្ជើញមកដល់កម្ពុជា
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅគ្រប់ទិសទី ទាំងក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ប្រាកដជាតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះព្រឹត្តិការណ៍វិលត្រឡប់របស់មេបក្សរបស់ពួកគេ។ ផ្ទុយទៅវិញ គេសង្កេតឃើញថា បណ្ដាញវិទ្យុ និងទូរទស្សន៍ក្នុងស្រុកមួយចំនួន ហាក់មិនចាប់អារម្មណ៍ និងផ្សព្វផ្សាយចំពោះការវិលត្រឡប់របស់ លោក សម រង្សី នោះឡើយ។
កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នេះ ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ឈរអមសងខាងផ្លូវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ទីលានប្រជាធិបតេយ្យ ដើម្បីស្វាគមន៍ការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញរបស់ លោក សម រង្ស៊ី បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល ៤ឆ្នាំកន្លងទៅនេះ។ ព្រឹត្តិការណ៍ដែលមិនធ្លាប់កើតមាននេះ បានធ្វើអោយមានការភ្ញាក់ផ្អើលពីមជ្ឈដ្ឋានទូទៅ មិនថាប្រុស ស្រី ចាស់ក្មេង ជាពិសេស គឺយុវវ័យតែម្តង។ បន្ថែមពីនេះ បណ្ដាញផ្សព្វផ្សាយព័ត៌មានបរទេស ហាក់ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះជាងបណ្ដាញសារព័ត៌មាន វិទ្យុ និងទូរទស្សន៍មួយចំនួននៅកម្ពុជា ដែលជាម្ចាស់ផ្ទះទៅវិញ។
ជាងនេះទៅទៀត បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលយុវវ័យនិយមចូលចិត្តប្រើប្រាស់ និងចែកចាយព័ត៌មានយ៉ាងឆាប់រហ័សនោះ បានចែកចាយព័ត៌មានទាំងនោះយ៉ាងគគ្រឹកគគ្រេង។ យុវវ័យភាគច្រើនបានឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមមួយនេះ បង្ហាញពីភាពមិនពេញចិត្ត និងមិនអាចទស្សនាការផ្សាយផ្ទាល់នៃការវិលត្រឡប់របស់ លោក សម រង្ស៊ី ដូចការធ្វើបាតុកម្មរបស់ លោក ជុំ ម៉ី ដែលធ្វើបាតុកម្មប្រឆាំងនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា សោះ។ លើសពីនេះទៅទៀត ការមិនពេញចិត្តពេញថ្លើមរបស់ប្រជាពលរដ្ឋ និងយុវជន បានជំរុញទឹកចិត្តពួកគេអោយកាន់តែខិតខំបន្ថែមទៀត ក្នុងការចូលរួមគាំទ្រ និងផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ដែលមិនអាចទស្សនាបានតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក។
ការមិនផ្សាយរូបភាព និងព័ត៌មានទាក់ទង លោក សម រង្ស៊ី វិលត្រឡប់មកប្រទេសវិញរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកនេះ បានបង្ហាញឲ្យឃើញភាពលម្អៀង និងមិនស្មើភាពគ្នាក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment
yes