លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពេលចុះទៅខេត្តកណ្តាលកាលពីថ្ងៃសុក្រ
ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា ការធ្វើពហិការរបស់គណបក្សប្រឆាំងមិនចូលរួមរដ្ឋសភា នឹងធ្វើឲ្យគណបក្សប្រជាជន លោកកាន់កាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា អ្នកវិភាគថ្លែងកាលពីម្សិលមិញថា គណបក្សប្រជាជនគ្មានមូលដ្ឋានច្បាប់ និងភាពស្របច្បាប់ផ្នែកនយោបាយក្នុងការកាន់អំណាចជារដ្ឋាភិបាល ក្រោមប្រព័ន្ធគណបក្សតែមួយឡើយ។
គណបក្សសង្គ្រោះជាតិក៏បាន ច្រានចោលការអះអាងរបស់លោកនាយករដ្ឋមន្រ្តីដូចគ្នាដែរ ដោយអះអាងថាការព្យាយាមរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំង ដែលរដ្ឋាភិបាលកំណត់ថា មាន ៥៥ អាសនៈនោះ គឺជាអំពើខុសច្បាប់។
ក្នុងសុន្ទរកថានៅខេត្ត កណ្តាល កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានថ្លែងថា «តួលេខមិនសំខាន់ទេ» ចំពោះគណបក្សប្រជាជន ដែលត្រូវការកូរ៉ុមដើម្បីកាន់អំណាចនោះ។
លោកបន្ថែមថា គណបក្សកាន់អំណាចនឹងបង្កើតរដ្ឋាភិបាលគណបក្សមួយដែលជំរុញដោយអាសនៈ របស់គណបក្សប្រឆាំង ប្រសិនបើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបដិសេធការកោះអញ្ជើញរបស់ព្រះមហាក្សត្រឲ្យចូលរួមប្រជុំបើករដ្ឋសភាដែលត្រូវធ្វើ ឡើងក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរបន្ទាប់ពីការបោះឆ្នោត។
លោក ហ៊ុន សែន បានថ្លែងថា៖ «សុពលភាពនៃអភ័យឯកសិទិ្ធនឹងកើតមានពេលស្បថ។ ប្រសិនបើអ្នកមិនចូលរួម... អ្នកនឹងប្រឆាំងព្រះមហាក្សត្រ»។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈមួយទៀតក្នុងរដ្ឋសភានឹងធ្វើឡើងដោយស្របច្បាប់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប៉ុន្តែ លោក សុក សំអឿន នាយកប្រតិបតិ្តនៃក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា បានថ្លែងកាលពីម្សិលមិញថា គណបក្សប្រឆាំងអាចបាត់បង់អាសនៈ ប្រសិនបើខ្លួនពិតជាលះបង់អាសនៈនោះ ឬប្រព្រឹត្តខុសដល់កម្រិតដែល គ.ជ.ប ដកបេក្ខភាពរបស់គណបក្សនេះ។
លោកបានថ្លែងថា៖ «[ការធ្វើពហិការមិនចូលរួមរដ្ឋសភា] មិនមានន័យថា លះបង់អាសនៈទេ។ ប្រសិនបើគេប្រកាសថា ខ្ញុំមិនចង់បានអាសនៈទាំងនេះទេ នោះទើបជាការលះបង់អាសនៈ»។
លោក បានបន្ថែមថា ចំណុចនេះគឺបានចែងច្បាស់គ្រប់គ្រាន់ក្នុងច្បាប់។ «ប្រហែល [លោក ហ៊ុន សែន] ព្យាយាមបកស្រាយច្បាប់ដោយអត្ថន័យចង្អៀត»។
បន្ទាប់ពីការ អត្ថាធិប្បាយរបស់លោក នាយករដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ លោក សុក សំអឿន បានបញ្ជាក់ថា អាសនៈចំនួន ១២០ នៃ ១២៣ អាសនៈ គឺត្រូវការជាចាំបាច់ ដើម្បីចាប់ផ្តើមរដ្ឋសភាថ្មី។ លោកបន្តថា វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ អនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលថ្មី ដោយមានវត្តមានតំណាងរាស្រ្ត ៦៣ រូបជាអ្វីដែលលោក ហ៊ុន សែន បានលើកឡើង ប៉ុន្តែ រដ្ឋសភាត្រូវតែចាប់ផ្តើមដោយមានសមាជិក ១២០ នាក់ឬច្រើនជាងនេះ ដើម្បីអនុម័តការចាប់ផ្តើមនៃរដ្ឋសភាថ្មី។
លោក ហ៊ុន សែន បានថ្លែងសុន្ទរកថាមួយថ្ងៃបន្ទាប់ពីលោកបានជម្រាបលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនដែលតែងតាំងថ្មីថា គណបក្សសង្គ្រោះជាតិមិនអាចរារាំងការប្រជុំដំបូងរបស់រដ្ឋសភាឬ ការបង្កើតរដ្ឋាភិបាលបានឡើយ»។ នេះបើតាមលោក អ៊ាង សុផល្លែត អ្នកនាំពាក្យរបស់លោក ហ៊ុន សែនបានឲ្យដឹង។
គ.ជ.ប មិនទាន់ចេញផ្សាយលទ្ធផលបោះឆ្នោតជាផ្លូវការនៅឡើយទេ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងពីជ័យជម្នះដោយទទួលបាន ៦៨ អាសនៈ ទល់នឹង ៥៥ អាសនៈ ជាតួលេខគាំទ្រដោយតួលេខផ្លូវការបឋម។
គណបក្សប្រឆាំងក៏បានអះអាងថា ខ្លួនបានឈ្នះផងដែរ ហើយបានស្នើឲ្យមានការស៊ើបអង្កេតរួមលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ ខណៈដែលការពិភាក្សាអំពីការស៊ើបអង្កេតបានបន្តកាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា គ្មានប្រការក្នុងច្បាប់ចែងថា អាសនៈរបស់គណបក្សប្រឆាំងអាចរឹបអូសយក ហើយប្រគល់ទៅឲ្យគូប្រជែងឡើយ។
លោកបន្តថា ៖«ប្រសិនបើយើងមិនលះបង់អាសនៈទេ គ្មានអ្នកណាអាចយកពីយើងឡើយ។ ប្រសិនបើគេយកអាសនៈយើង នោះគឺខុសច្បាប់»។
ស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ អ្នកវិភាគបានកត់សម្គាល់ថា ច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញមិនត្រូវបានគោរពទេ ដោយរំលោភបនិ្តចបន្តួច ថែមទាំងបានកែប្រែពីមុនមកផង។
ក្នុងករណីនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ បានព្យាករថា រដ្ឋាភិបាលឆ្លាតណាស់ គឺមិនអនុវត្តអ្វីដែលខ្លួនបានគំរាម ប៉ុន្តែ វាមិនអាចទេ ដែលគណបក្សកាន់អំណាចនឹងកាន់អាសនៈទាំង ១២៣ នោះ។
លោក បានថ្លែងថា៖ «ខ្ញុំគិតថា នេះគ្រាន់តែជាសំឡេងរបស់ពួកគេ បើទោះជាពួកគេអាច ពួកគេឆ្លាតវៃមិនធ្វើបែបនោះទេ។ គេនឹងមិនធ្វើទេ គឺវាផ្ទុយនឹងគោលគំនិត [ប្រជាធិបតេយ្យសេរីរបស់] រដ្ឋធម្មនុញ្ញ»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានថ្លែងថា លោកចាត់ទុកបញ្ហានេះជាភាពស្របច្បាប់នៃនយោបាយច្រើនជាងការបកស្រាយច្បាប់របស់គណបក្សធំៗ។
លោកបន្តថា៖ «ពួកគេគួរពិនិត្យបន្ថែមទៀតលើផលប្រយោជន៍ជាតិ។ បើមិនដូច្នោះទេ ពួកគេនឹងបន្តវិវាទនេះ»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា គេគួរពិនិត្យលើភាពស្របច្បាប់ខាងនយោបាយត្រង់ចំណុចនេះ ... អ្នកមានគណបក្សប្រជាជនដែលប្រកាសថា គេនឹងយកអាសនៈគណបក្សប្រឆាំង និងកាន់កាប់ទាំង ១២៣ អាសនៈ។ ប៉ុន្តែ ទាំងសងខាងត្រូវការចរចា ... ចាំបាច់ត្រូវមានកំណែទម្រង់ច្រើន»។
លោក យឹម សុវណ្ណ មកពីគណបក្សសង្គ្រោះជាតិ បានយល់ស្របថា ឆន្ទៈរបស់ប្រជាជនគួរកំណត់ថា តើអ្វីនឹងកើតឡើងពីចំណុចនេះតទៅ។
លោកបន្តថា៖ «សូមសួរប្រជាជន ថាតើគេយល់ស្របនឹង [គណបក្សប្រជាជនកាន់កាប់ទាំង ១២៣ អាសនៈឬយ៉ាងណា] ករណីល្អបំផុត គឺការស៊ើបអង្កេត។ គ.ជ.ប ជាផ្នែកនៃបញ្ហា ហើយយើងអញ្ជើញអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលដើម្បីចូលរួម»។
ក្នុងការបោះឆ្នោត លើកមុន ការគំរាមធ្វើពហិការនៅតែបន្តធ្វើ បន្ទាប់ពីគណបក្ស សម រង្ស៊ី ឈានដល់ការព្រមព្រៀងជាមួយនឹងគណបក្សប្រជាជន ដើម្បី«ផលប្រយោជន៍ជាតិ»។
អ្នកវិភាគ ដូចជា លោកស្រី Laura Thornton នាយកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានថ្លែងថា ដោយលទ្ធផលប្រកៀកគ្នាបែបនេះ ការតវ៉ាខ្លាំងពីគណបក្សសង្គ្រោះជាតិ គឺមានន័យ ចំណែកឯលោក យឹម សុវណ្ណ បានថ្លែងថា គណបក្សប្រឆាំងមិនចាប់អារម្មណ៍លើការពិភាក្សាបែងចែកអំណាចជាមួយ នឹងគណបក្សប្រជាជនទេ។
លោកបន្តថា ការធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភា មិនមែនជាអ្វីដែលគណបក្សសង្គ្រោះជាតិផ្តោតលើទេ។
លោកបានបន្ថែមថា៖ «យើងរង់ចាំមើល ខ្ញុំមិនចង់និយាយថា ប្រសិនបើនោះទេ»៕
No comments:
Post a Comment
yes