សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

សង្គម​ស៊ីវិលជំរុញ​ឲ្យមាន​ការស្វែង​រក​ជំនួយ​ពី​អន្តរជាតិករណី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​​

សង្គម​ស៊ីវិល ដែល​ធ្វើកា​រលើ​ការបោះឆ្នោត​មួយ​ចំនួន បាន​ផ្តល់​អនុសាសន៍​ក្នុង​ការបង្កើត​គណៈកម្មាកា​រ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នេះ​ការបោះឆ្នោត ដោយ​តម្រូវឲ្យ​មាន​ការសុំ​ជំនួយ​ពី​ភាគី​អន្តរជាតិ ដោយសារ​នេះ​ជា​ករណី​ធំ​មួយ ដែល​ត្រូវ​ដោះស្រាយ​។​

​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​គ.ជ.ប បាន​បដិសេធ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យមាន​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល​នៃ​គណៈកម្មការ​ត្រួតពិនិត្យ ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​ហៅ​កាត់​និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ លែង​ទុកចិត្ត​ គ.ជ.ប ​ហើយ​នោះ គួរតែមាន​ភាគី​ដទៃ​ ដែល​អាច​ទុកចិត្តបាន​ទាំងអស់គ្នា មក​ធ្វើ​អាជ្ញាកណ្តាល​ក្នុង​ការស្វែងរក​ ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត ដែល​ទើបនឹង​បញ្ចប់​ទៅ​នេះ​ ៖ “​ប្រសិន​ជា​រក​ច្រក​មិន​ចេញ​ទេ យើង​ប្រហែលជា ត្រូវការ​ភាគីំ​មួយ​បន្ថែម​ទៀត ឬក៏​លើស​ពី​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម ពី​ព្រោះ​ខ្ញុំ​គិត​ថា​យ៉ាងណា​ក៏ដោយ ការដោះស្រាយ​ខាង​នយោបាយ ហើយ​នឹង​ការបង្ហាញ​នូវ​លទ្ធផល ជាក់ស្តែង​ខាង​បច្ចេកទេស​នោះ អាច​ជួយ​ឲ្យ​ភាគី​ទាំងអស់​អាច​ទុកចិត្តបាន​”​។​

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា មិន​ត្រឹមតែ​ទទួលយក​ភាគី​មួយ​ផ្សេង​មក​ធ្វើជា​អាជ្ញាកណ្តាល​នោះទេ គឺ​ត្រូវ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត ដើម្បី​បង្កើត​គណៈកម្មការ​នេះ​ ៖ “​កន្លង​មក​ការងារ​អង្កេត គជប គាត់​អត់​មាន​បច្ចេកទេស ពិសោធន៍​អ្វី អត់​មាន​យន្តការ​អ្វី​ច្បាស់លាស់​ទេ ដោយ​យើង​មើល​នៅ​ក្នុង​បទបញ្ជា នីតិវិធី​អត់​មាន​ទេ អញ្ចឹង គជប ត្រូវ​រៀបចំ​ពង្រឹង រៀបចំ​វិធានការ​អង្កេត​មើល ដែល​អាច​សុំ​ជំនួយ​ពី​អ្នក​ខាង​ក្រៅ​មក​”​។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មានប្រសាសន៍ គ.ជ.ប ត្រូវ​មាន​ឆន្ទៈ​ពិតប្រាកដ និង​សម្រួល​តួនាទី​អង្គការសហប្រជាជាតិ ដើម្បី​អាច​ទទួលយកបាន​ ៖ “​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ចង់ឲ្យ​អង្គការសហប្រជាជាតិ ធ្វើជា​អាជ្ញាកណ្តាល មានន័យ​ថា​មាន​តួនាទី ជា​អ្នក​មាន​ឥទ្ធិពល នៅក្នុង​គណៈកម្មការ​នេះ អញ្ចឹង​ទៅ​ប្រហែលជា គជប គាត់​គិតថា ដូច​ជា​ធំដុំ​ពេក តែ​ប្រសិន​សំរួល​តួនាទី​នេះ យក​រកមើល​ក្រប​ខណ្ឌ​មុខងារ​ណាមួយ ដែល​អង្គការសហប្រជាជាតិ​ចូលរួម គ្រាន់តែ​ជា​អ្នកសង្កេតការណ៍ ដឹងឮ ជា​សាក្សី​វិញ ឧបមា​អញ្ចឹង​ចុះ ហើយ​ទុក​ឲ្យ​គណៈកម្មការ​ជំ​នាញ អង្គការ​សង្គម​ស៊ីវិល ហើយ​នឹង គជប គណបក្សនយោបាយ ធ្វើ​ការងារ​នេះ ប៉ុន្តែ​ដូច​ខ្ញុំ​ជំរាប​ហើយ​ជំរាប​ទៀត ថា​ធ្វើ​មែនទែន ធ្វើឲ្យ​ម៉ត់ចត់ តាម​បច្ចេកទេស និង​វិជ្ជាជីវៈ​”​។​

​ប្រធាន​គ.ជ.ប លោក អ៊ឹម សួស្តី​ ថាគ.ជ.ប មានការ​សោកស្តាយ​ដែរ ដោយសារ​យើង​ខិតខំ​ប្រឹងប្រែង និង​បើក​ទូលាយ​អស់ហើយ​។ លោក​ថា ការស្នើ​សុំឲ្យ​មាន​អង្គការ​សហប្រជាជាតិ ហួស​ពី​សមត្ថភាព​របស់​គ.ជ.ប ហើយ​គ.ជ.ប មិនអាច​រង់ចាំ​បានទេ តែ​គ.ជ.បនឹង​ដំណើរការ​យន្តការ​ចាស់ដែលមាន​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ គ.ជ.ប ជា​អ្នក​បង្កើត​បញ្ហា ដូច្នេះ​ត្រូវតែ​ដោះស្រាយ​បញ្ហា​។ លោក​ថាដោយសារ​គ.ជ.ប មាន​កំហុស និង​ចង់​លាក់បាំង​កំហុស ដូច្នេះបាន​ជា​មិន​ចង់​ឲ្យ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ ចូលរួម​ស៊ើបអង្កេត​។

​បន្ទាប់ពី​ការបោះឆ្នោត​បញ្ចប់ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ទទួល​លទ្ធផល​បណ្តោះអាសន្ន​ប្រកាស​ដោយ​គ.ជ.ប ហើយ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​ភាគី​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្តាល និង​គ.ជ.ប ជា​អ្នកសម្របសម្រួល​៕

No comments:

Post a Comment

yes