សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

អ្នក​ច្បាប់៖កម្ពុជា​ត្រូវ​មាន​តុលាការ​បោះ​ឆ្នោត​ឯករាជ្យ

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត
 កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដី​ពី​ការ​ស៊ើប​អង្កេត​រក​ឃើញ​ការ​បន្លំ​សន្លឹក​ឆ្នោត ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

របាយការណ៍​នេះ ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែង​ក្លាយ និង​បាន​រៀប​ចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង ខណៈ​ដែល​ច្បាប់​បោះ​ឆ្នោត​ចែង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ត្រូវ​មាន​ឈ្មោះ​តែ​មួយ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។
ច្បាប់​បោះ​ឆ្នោត​មិន​បាន​ចែង​ដាក់​ទោស​ព្រហ្មទណ្ឌ​ដល់​ជន​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ។ អ្នក​ច្បាប់​បញ្ជាក់​ថា ដើម្បី​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ លុះ​ណា​តែ​មាន​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ជន​ប្រព្រឹត្តិ ហើយ​ត្រូវ​មាន​តុលាការ​បោះ​ឆ្នោត​មួយ​ឯករាជ្យ។

ទោស​បញ្ញត្តិ​នៃ​ច្បាប់​បោះ​ឆ្នោត មិន​បាន​ចែង​ពី​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ដល់​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ទេ។ ច្បាប់​បោះ​ឆ្នោត​មាន​ចែង​ត្រឹម​តែ​ទណ្ឌកម្ម​បណ្ដេញ​ចេញ​ពី​ការងារ ដក​សិទ្ធិ​បោះ​ឆ្នោត និង​ការ​ពិន័យ​ប្រាក់​នៅ​ពេល​មន្ត្រី​ស្មៀន​ឃុំ-សង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​បទ​ល្មើស។
របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ រក​ឃើញ​ការ​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ដែល​រៀប​ចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។ អង្គការ​នេះ​រក​ឃើញ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល ជាប់​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។
ការ​បន្លំ​សន្លឹក​ឆ្នោត​នោះ ធ្វើ​ឡើង​តាម​រូបភាព​ឲ្យ លោក ង៉ោ សុវណ្ណ ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង លោក ហេង សិក្សា ជា​អនុរដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នាំគ្នា​ទៅ​បោះ​ឆ្នោត​ជាច្រើន​កន្លែង។
ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន ពន្យល់​ថា អ្នក​បន្លំ និង​អ្នក​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​២ ឬ ៣​ដង​នោះ ត្រូវ​ទទួល​ទោស​ដូច​គ្នា​តាម​ច្បាប់​បោះ​ឆ្នោត គឺ​ការ​ទទួល​ពិន័យ និង​ការ​ដក​សិទ្ធិ​បោះ​ឆ្នោត។
លោក សុក សំអឿន កត់​សម្គាល់​ថា ការ​រក​ឃើញ​របស់​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រសួង​មហាផ្ទៃ សហការ​គ្នា​យ៉ាង​ស្និត​បន្លំ​សន្លឹក​ឆ្នោត ជា​ទោស​ធ្ងន់ធ្ងរ​ប្រសិន​បើ​ការ​បន្លំ​នោះ​មាន​ក្លែង​លិខិត​សាធារណៈ។ ករណី​នេះ​អាច​ជាប់​បទ​ល្មើស​ព្រហ្មទណ្ឌ ឬ​មាន​ទោស​ធ្ងន់​រហូត​ជាប់​ពន្ធនាគារ។ យ៉ាង​ណា ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​មាន​ចែង​ទោស​ជាប់​ពន្ធនាគារ​ទេ។
ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា ១២៥​ថ្មី ចែង​ថា សមាជិក​គណៈកម្មាធិការ​ជាតិ សមាជិក​គណៈកម្មការ​ខេត្ត ក្រុង ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត និង​សមាជិក​គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត ដែល​បន្លំ​ឯកសារ បន្លំ​សន្លឹក​ឆ្នោត ឬ​ប្រើ​កលល្បិច​ដើម្បី​បន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ប្រាក់ ១០​លាន​រៀល ទៅ ២៥​លាន​រៀល ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ។
អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ រក​ឃើញ និង​មាន​ភស្តុតាង​បង្ហាញ​ថា លោក ង៉ោ សុវណ្ណ មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់ ៣​កន្លែង។ ទី១ នៅ​រាជធានី​ភ្នំ​ពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​តំណាង​រាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ដែរ។
ចំណែក លោក ហេង សិក្សា ដែល​អម​ដំណើរ លោក ង៉ោ សុវណ្ណ វិញ ក៏​មាន​ឈ្មោះ​បោះ​ឆ្នោត​មិន​តិច​ដែរ។ លោក​មាន​ឈ្មោះ​នៅ​ភ្នំពេញ មួយ និង​នៅ​ខេត្ត​កណ្ដាល មួយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
យ៉ាង​ណា គ.ជ.ប ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​ភាព​មិន​ប្រក្រតី​ដែល​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ រក​ឃើញ​ទេ។
លោក សុក សំអឿន យល់​ថា ច្បាប់​បោះ​ឆ្នោត​កន្លង​មក​មិន​មាន​ទណ្ឌកម្ម​ដាក់​ពន្ធនាគារ ដូច្នេះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​ទោសទណ្ឌ និង​អំណាច​របស់ គ.ជ.ប សាជាថ្មី ដើម្បី​ជជែក​វែកញែក​ថា ទង្វើ​ណា​ខ្លះ​ដាក់​បញ្ចូល​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​ទង្វើ​ណា​ខ្លះ​ទៀត​មាន​ទោស​ពិន័យ​ត្រឹម​ជា​ប្រាក់។ លោក សុក សំអឿន បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​មន្ត្រី​បោះ​ឆ្នោត​ពេល​ស្ងាត់ៗ​ស្រាប់​តែ​នាំ​គ្នា​គូស​សន្លឹក​ឆ្នោត​លើ​គណបក្ស​ខ្លួន​គាំទ្រ ហើយ​លប​ដាក់​ចូល​ក្នុង​ហិប​ឆ្នោត និង​កែ​បញ្ជី​បោះ​ឆ្នោត ដើម្បី​ឲ្យ​គណបក្ស​ខ្លួន​ពេញ​ចិត្ត​កើន​សន្លឹក​ឆ្នោត ដូច្នេះ​ករណី​នេះ​គួរ​ណា​តែ​មាន​ទណ្ឌកម្ម​ដាក់​ពន្ធនាគារ។
លោក​បញ្ជាក់​យន្តការ​ចាស់​របស់ គ.ជ.ប ដែល​ដាក់​ពិន័យ​បង់​ប្រាក់​ដោយ​គ្មាន​ទោស​ជាប់​ពន្ធនាគារ មិន​បាន​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​កំហុស​ខ្លបខ្លាច ឬ​រាង​ចាល​ទេ។ លោក សុក សំអឿន បាន​លើក​ឧទាហរណ៍​គំរូ​មួយ​នៅ​ប្រទេស​ហ្វីលីពីន គ.ជ.ប នៅ​ហ្វីលីពីន មាន​សិទ្ធិ​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ប្រព្រឹត្តិ​កំហុស​ក្នុង​ការ​បោះ​ឆ្នោត។
នៅ​ប្រទេស​ហ្វីលីពីន គ.ជ.ប ប្រើ​អំណាច​ដូច​តុលាការ អាច​ដាក់​ទោស​ព្រហ្មទណ្ឌ​បាន។ ដោយ​រដ្ឋធម្មនុញ្ញ​នៅ​ហ្វីលីពីន កំណត់​ច្បាស់​ថា សមាជិក គ.ជ.ប ភាគ​ច្រើន ត្រូវ​ជា​អ្នក​ច្បាប់​មាន​បទ​ពិសោធន៍​យ៉ាង​តិច ៥​ឆ្នាំ ហើយ​ប្រធាន​ត្រូវ​មាន​យ៉ាង​តិច ១០​ឆ្នាំ។ ខុស​ប្លែក​នៅ​កម្ពុជា សមាជិក គ.ជ.ប ភាគ​ច្រើន មិន​មែន​ជា​អ្នក​ច្បាប់។ ដូច្នេះ អនុវត្ត​ដូច គ.ជ.ប នៅ​ហ្វីលីពីន ធ្វើ​ទៅ​មិន​រួច។ ក្នុង​ករណី គ.ជ.ប ចង់​ប្រើ​អំណាច​ឲ្យ​ដូច​តុលាការ និង​អាច​ដាក់​ទោស​ពន្ធនាគារ​បាន​នោះ លុះត្រា​តែ គ.ជ.ប នៅ​កម្ពុជា ត្រូវ​មាន​សមាសភាព​ប្រហាក់​ប្រហែល​នឹង​សមាសភាព គ.ជ.ប នៅ​ហ្វីលីពីន បើ​មិន​ដូច្នោះ​ទេ ត្រូវ​បង្កើត​តុលាការ​បោះ​ឆ្នោត​មួយ​ដាច់​ដោយ​ឡែក​ពី​តុលាការ​សព្វថ្ងៃ។
ក្រៅ​ពី​របាយការណ៍ យូមែន រ៉ៃត៍ វច្ឆ៍ មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ គណបក្ស​ប្រឆាំង និង​ពលរដ្ឋ បាន​រិះ​គន់​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា​មាន​ភាព​មិន​ប្រក្រតី​ច្រើន ជា​អាទិ៍ មាន​អ្នក​បោះ​ឆ្នោត​ជំនួស អ្នក​ខ្លះ​បាត់​ឈ្មោះ​បោះ​ឆ្នោត ខ្លះ​មាន​ឈ្មោះ​ដែរ​តែ​មិន​អាច​បោះ​ឆ្នោត​បាន ជា​ពិសេស​មាន​ការ​រិះ​គន់​ខ្លាំង​នោះ គឺ​លំហូរ​នៃ​ជនជាតិ​វៀតណាម ច្រើន​មក​បោះ​ឆ្នោត និង​មាន​ការ​អះអាង​ស្រដៀង​គ្នា​ថា ជនជាតិ​វៀតណាម ទាំង​នោះ​អាច​បោះ​ឆ្នោត​បាន​ដោយសារ​តែ​ការ​រៀប​ចំ​សេណារីយ៉ូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ គ.ជ.ប។
ត្រង់​ចំណុច​នេះ លោក សុក សំអឿន ពន្យល់​ថា ការ​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម មក​បោះ​ឆ្នោត​នៅ​កម្ពុជា មើល​មួយ​ភ្លែត​ហាក់​ដូច​ជា​ទង្វើ​ក្បត់​ជាតិ ព្រោះ​ឲ្យ​បរទេស​មក​កំណត់​ជោគ​វាសនា​ប្រទេស​មួយ។ ប៉ុន្តែ តាម​ច្បាប់ ការ​ក្បត់​ជាតិ គឺ​ចែង​ច្បាស់​ថា ទាល់​តែ​មាន​ការ​ឃុបឃិត​ជាមួយ​សត្រូវ​បំផ្លាញ​ប្រទេស បំផ្លាញ​សន្តិសុខ​ជាតិ ទើប​ហៅ​ថា​ក្បត់​ជាតិ។
យ៉ាង​ណា លោក ប្រែត អាដាម (Brad Adams) ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ទទួល​បន្ទុក​ផ្នែក​អាស៊ី មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ថា ដោយសារ​តែ គ.ជ.ប ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច ប្រទេស​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ឯករាជ្យ​អំពី​បញ្ហា​នេះ រួម​ទាំង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ឆ្នោត​មិន​អាច​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បាន​ទេ៕

No comments:

Post a Comment

yes