សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

មេគណបក្ស​ប្រឆាំង​ទទួលបាន​សំណាងល្អ​ជោគជ័យ​ទ្វេដង​នៅ​ចុងខែ​កក្កដានិង​ដើមខែ​សីហានេះ​

បន្ទាប់ពី​បាន​ជួប​សំណេះសំណាល​នឹង​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជា​ម្ចាស់ឆ្នោត​ប្រមាណ​១​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៣​រួចមក ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​បាន​លា​អ្នកគាំទ្រ​មួយរយៈ​ពេលធ្វើ​ដំណើរ​ទៅ​បរទេស​ភ្លាមៗ ហើយ​បាន​ទៅដល់​ប្រទេស​បារាំង​នា​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៣ និង​គ្រោង​បន្តដំណើរ​ឆ្ពោះទៅ​សហរដ្ឋអាមេរិក​បន្តទៀត​នៅ​ដើមខែ​សីហា នេះ​។​ ​
ការធ្វើដំណើរ​ចាក​ចេញពី​មាតុភូមិ​របស់​ឯកឧត្តម សម រង្ស៊ី ទៅ​បរទេស​គឺ​ត្រូវបាន​ឯកឧត្តម ប្រកាសប្រាប់​បណ្តា​អ្នកគាំទ្រ​ថា ឯកឧត្តម ត្រូវ​ទៅ​ចូលរួម​ពិធីមង្គលការ​របស់​កូនស្រី​ឯកឧត្តម​នៅ​សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​សីហា ឆ្នាំ​២០១៣​។​ ​តាម​ប្រភពព័ត៌មាន​ជិតស្និទ្ធ​នឹង​ក្រុមគ្រួសារ​ឯកឧត្តម សម រង្ស៊ី បាន​ឲ្យ​ដឹងថា កូនស្រី​ពៅ​របស់​ឯកឧត្តម សម រង្ស៊ី ឈ្មោះ សម រ៉ា​ស្សែ​ល «Sam Rachel» នឹងត្រូវ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក William Rubenstein នៅ​សហរដ្ឋអាមេរិក តាម​ប្រពៃណី​សាសនា​គ្រឹ​ស្ត​។​ ​

ដំណឹង​ល្អ​ដែល​កើតមាន​នៅក្នុង​ក្រុមគ្រួសារ​របស់​ឯកឧត្តម សម រង្ស៊ី នេះ​គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​រូប​ឯកឧត្តម​ជា​ប្រធាន​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក ដែល​អាចធ្វើ​ឲ្យ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង​ខ្លាំង ទោះបី​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ប្រកាស​មិនទាន់​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅឡើយ​ក៏ដោយ​។​ ​
ដូច្នេះ សរុបសេចក្តី​មក​ឯកឧត្តម សម រង្ស៊ី ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ល្បី​រូបនេះ​ទទួលបាន​ដំណឹង​ល្អ​ជោគជ័យ​ទ្វេដង​នៅ​ចុងខែ​កក្កដា និង​ដើមខែ​សីហា ឆ្នាំ​២០១៣​នេះ ពីព្រោះ​ទទួលបាន​ប្រជាប្រិយភាព​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ផង និង​បាន​រៀប​អាពាហ៍ពិពាហ៍​កូនស្រី​ពៅ​យ៉ាង​សប្បាយរីករាយ​គួរ​ឲ្យ​អបអរសាទរ​ផង​៕

No comments:

Post a Comment

yes