សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

ផ្ទះ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កំពង់ចាម​និង​កំពត​ត្រូវ​គេ​លួច​ដុត

រៀង​រាល់​ពេល​នៃ​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​ប្រកាន់​គណបក្ស​នយោបាយ​ក្រៅ​ពី​គណបក្ស​កាន់​អំណាច ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ក្នុង​តំបន់​រស់​នៅ​ជាមួយ​ព្យាបាទ។ កាល​ពី​បោះ​ឆ្នោត​មុនៗ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស សម រង្ស៊ី ដែល​ជា​គូ​ប្រកួត​ដ៏​ខ្លាំងក្លា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត ឬ​ចោទ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ ហើយ​ចាប់​ដាក់​គុក​ជាដើម។

ប៉ុន្តែ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកួត​ដណ្ដើម​សន្លឹក​ឆ្នោត​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពត បាន​រង​នូវ​ការ​គំរាម​ដុត​ផ្ទះ។
សមត្ថកិច្ច​ប៉ូលិស​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ពុធ ទី៧ ខែ​សីហា ឆ្នាំ​២០១៣ បាន​ស៊ើប​អង្កេត​ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លឹក​មួយ​ក្នុង​ភូមិ​កំពង់រលីង។
នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លោក សឹង្ហ ចាន់អូន ថ្លែង​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ភូមិ​កំពង់រលីង សមត្ថកិច្ច​សន្និដ្ឋាន​ដំបូង​ជា​ការ​លួច​ដុត៖ «ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ឃើញ​ថា មាន​គេ​ដុត​មែន ប៉ុន្តែ​យើង​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​រក​នៅ​ឡើយ»
ម្ចាស់​ផ្ទះ​ឆេះ លោក លួន ហុន អាយុ ៤៣​ឆ្នាំ ថ្លែង​ថា ក្រោយ​ពី​គាត់​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ចេញ​មុខ​ហែ​ក្បួន និង​ចូល​រួម​ឃោសនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មក ក្រុម​គ្រួសារ​គាត់​ក៏​រង​នូវ​ការ​គំរាម​កំហែង។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី៧ ខែ​សីហា ម៉ោង​ជាង ៧​ព្រឹក ពេល​ក្រុម​គ្រួសារ​គាត់​ចេញ​ទៅ​ស៊ី​ឈ្នួល​ដក​ស្ទូង​នៅ​ឆ្ងាយ​ពី​ភូមិ ស្រាប់​តែ​ផ្ទះ​គាត់​ត្រូវ​ភ្លើង​ឆេះ។ លោក​ថា ភ្លើង​បាន​ឆេះ​ពី​កន្លែង​លាង​ចាន​ឆ្នាំង មិន​បាន​ឆេះ​ពី​កន្លែង​ចង្ក្រាន​បាយ​ដែល​នៅ​ទិស​ខុស​គ្នា​ទេ។ ប៉ុន្តែ ការ​ឆេះ​នោះ​មិន​ទាន់​ឆេះ​ទាំង​ស្រុង​ទេ ដោយសារ​អ្នក​ភូមិ និង​កូន​ប្រុស​គាត់​រត់​មក​ពន្លត់​ទាន់។
លោក លួន ហុន បន្ត​ថា ផ្ទះ​គាត់​ក្រីក្រ​មិន​មាន​ឥវ៉ាន់​ធំ​ដុំ​ទេ។ តែ​កង់​បាន​ឆេះ និង​ឆេះ​ដំបូល​ផ្ទះ ហើយ​ឥវ៉ាន់​តិចតួច​បាន​ឆេះ​ដែរ។ លោក​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​មុខ​ជន​ដៃ​ដល់៖ «២​ខែ ៣​ខែ​មុន គេ​គំរាម​ដែរ ប៉ុន្តែ​គំរាម​ហ្នឹង គឺ​អត់​ទាន់​ចំ​មុខ។ វា​គ្រាន់​តែ​គំរាម​តាម​រយៈ​កូន​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​មក​និយាយ​ប្រាប់»
លោក ហុន ហុង អាយុ ២២​ឆ្នាំ ជា​កូន លោក លួន ហុន ថ្លែង​ថា គាត់​កំពុង​ជួយ​ដក​សំណាប​ចម្ងាយ​ជាង ១០០​ម៉ែត្រ ពី​ខាង​ក្រោយ​ផ្ទះ​ឪពុក។ នៅ​ម៉ោង​ជាង ៧​ព្រឹក អ្នក​ភ្ជួរ​ស្រែ​ស្រែក​ថា មាន​ផ្សែង​ហុយ​នៅ​ម្តុំ​ផ្ទះ​ឪពុក​គាត់។ គាត់​រត់​ឡើង​មក ក៏​ឃើញ​ភ្លើង​ឆេះ​ពី​ខាង​កើត​ផ្ទះ​ផ្នែក​ខាង​ក្រោយ​ចម្ងាយ​ជាង ៤​ម៉ែត្រ ពី​ចង្ក្រាន​បាយ​ដែល​នៅ​ពី​ទិស​ខាង​លិច។ លោក​ថា នៅ​ពេល​គាត់​ពន្លត់ លោក​ធុំ​ក្លិន​ប្រេង​ជះ​មក​លើ​ផ្ទះ​ស្លឹក​នោះ៖ «ពេល​ឆេះ​ហ្នឹង ខ្ញុំ​ទៅ​ពន្លត់​អត់​មាន​ឃើញ​មនុស្ស​អី​ទេ ឃើញ​តែ​ភ្លើង​ឆេះ​ហ្មង ពេល​ពន្លត់​ហ្នឹង​មាន​ធុំ​ប្រេង​ធុំ​អី​ទៀត»
អ្នក​នៅ​ជិត​ផ្ទះ លោក លួន ហុន ឈ្មោះ ខាត់ អឿន ថ្លែង​ថា ផ្ទះ លោក លួន ហុន មាន​អ្នក​លួច​ដុត ព្រោះ លោក លួន ហុន ត្រូវ​គេ​គំរាម​ភរិយា​គាត់​កុំ​ឲ្យ​ចូល​រួម​ចលនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក។
ចៅ​សង្កាត់​រង​សង្កាត់​សំបួរមាស លោក សៀរ សេងសុខុន ថ្លែង​ថា លោក លួន ហុន ជា​គ្រួសារ​ក្រីក្រ​មិន​ដែល​បង្ក​ជម្លោះ​ជាមួយ​អ្នក​រស់​នៅ​ក្បែរ​ទេ។ លោក​មិន​ទាន់​សន្និដ្ឋាន​ថា ផ្ទះ លោក លួន ហុន ឆេះ​នេះ​បណ្ដាល​មក​ពី​ការ​លួច​ដុត​ដោយ​ប្រកាន់​និន្នាការ​នយោបាយ ឬ​យ៉ាង​ណា​ទេ។ លោក​ថា ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​ឆេះ​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ហើយ៖ «ក្នុង​រឿង​ឆេះ​ផ្ទះ​ហ្នឹង​គួប​ផ្សំ​រឿង​សម្ពាធ​នយោបាយ​កន្លង​មក​នោះ​មាន​គេ​ទៅ​ព្រមាន គាត់​ថា​គាត់​ក្រ​រហេមរហាម​ម៉េច​ក៏​ចាំ​បាច់​ទៅ​ចូល​អី​គណបក្ស​ហ្នឹង តាំង​ចិត្ត​យក​អី​ទៀត បាន​ប៉ុណ្ណឹង​ហើយ​ចង់​បាន​ប៉ុណ្ណា​ទៀត»
ដូច​គ្នា​ដែរ ផ្ទះ លោក ជិន អឿន ជា​អតីត​អធិការ​ស្រុក​ជុំគីរី ខេត្ត​កំពត បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត ត្រូវ​បាន​គេ​លួច​ដុត​ដូច​គ្នា កាល​ពី​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ម៉ោង​ជាង ១០​យប់។ ភ្លើង​ឆេះ​អស់​រោង​ផ្ទុក​ចំបើង​ចម្ងាយ ៥​ម៉ែត្រ​ពី​ផ្ទះ មិន​ទាន់​រាល​ដាល​ដល់​ផ្ទះ​ឈើ​ធំ​ទេ។ លោក ជិន អឿន អះអាង​ថា ក្នុង ៧​ឃុំ​នៃ​ស្រុក​ជុំគីរី គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៦​ឃុំ ស្រាប់​តែ​យប់​ថ្ងៃ​៣១ ខែ​កក្កដា រោង​ចំបើង​គាត់​ឆេះ​អស់​ទាំង​ស្រុង ព្រោះ​តែ​គាត់​មិន​ព្រម​ប្ដូរ​គណបក្ស​តាម​ការ​អូស​ទាញ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​ដែល​ព្យាយាម​ពន្យល់​គាត់ និង​សន្យា​ផ្តល់​តំណែង​ឲ្យ​គាត់​នោះ៕

No comments:

Post a Comment

yes