សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 6, 2013

អ្នក​វិភាគ​៖ការ​ដក​អាសនៈ​ពី​បក្ស​ប្រឆាំង​គ្មាន​ច្បាប់

130805_04
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ពេល​ចុះ​ទៅ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​សុក្រ​​​
ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ព្រមាន​ថា ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង​មិន​ចូល​រួម​រដ្ឋសភា នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន លោក​កាន់​កាប់​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋសភា អ្នក​វិភាគ​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ភាព​ស្រប​ច្បាប់​ផ្នែក​នយោបាយ​ក្នុង​ការ​កាន់​អំណាច​ជា​រដ្ឋាភិបាល ក្រោម​ប្រព័ន្ធ​គណបក្ស​តែ​មួយ​ឡើយ។
គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន ច្រាន​ចោល​ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដូច​គ្នា​ដែរ ដោយ​អះអាង​ថា​ការ​ព្យាយាម​រឹប​អូស​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង ដែល​រដ្ឋាភិបាល​កំណត់​ថា មាន ៥៥ អាសនៈ​នោះ គឺជា​អំពើ​ខុស​ច្បាប់។
ក្នុង​សុន្ទរកថា​នៅ​ខេត្ត កណ្តាល កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ថ្លែង​ថា «តួលេខ​មិន​សំខាន់​ទេ​» ចំពោះ​គណបក្ស​ប្រជាជន ដែល​ត្រូវ​ការ​កូរ៉ុម​ដើម្បី​កាន់​អំណាច​នោះ។

លោក​បន្ថែម​ថា គណបក្ស​កាន់​អំណាច​នឹង​បង្កើត​រដ្ឋាភិបាល​គណបក្ស​មួយ​ដែល​ជំរុញ​ដោយ​អាសនៈ របស់​គណបក្ស​ប្រឆាំង ប្រសិន​បើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ឲ្យ​ចូល​រួម​ប្រជុំ​បើក​រដ្ឋសភា​ដែល​ត្រូវ​ធ្វើ ឡើង​ក្នុង​រយៈ​ពេល ៦០ ថ្ងៃ​យ៉ាង​យូរ​បន្ទាប់​ពី​ការ​បោះឆ្នោត។
លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «សុពលភាព​នៃ​អភ័យ​ឯកសិទិ្ធ​នឹង​កើត​មាន​ពេល​ស្បថ។ ប្រសិន​បើ​អ្នក​មិន​ចូល​រួម... អ្នក​នឹង​ប្រឆាំង​ព្រះ​មហាក្សត្រ​»។ លោក​នាយក​រដ្ឋ​មន្រ្តី​បន្ថែម​ថា ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​អាសនៈ​មួយ​ទៀត​ក្នុង​រដ្ឋសភា​នឹង​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
ប៉ុន្តែ លោក សុក សំអឿន នាយក​ប្រតិបតិ្ត​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទិ្ធ​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​អាច​បាត់​បង់​អាសនៈ ប្រសិន​បើ​ខ្លួន​ពិត​ជា​លះបង់​អាសនៈ​នោះ ឬ​ប្រព្រឹត្ត​ខុស​ដល់​កម្រិត​ដែល គ.ជ.ប ដក​បេក្ខភាព​របស់​គណបក្ស​នេះ។
លោក​បាន​ថ្លែង​ថា៖ «[ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​រដ្ឋសភា​] មិន​មាន​ន័យ​ថា លះបង់​អាសនៈ​ទេ។ ប្រសិន​បើ​គេ​ប្រកាស​ថា ខ្ញុំ​មិន​ចង់​បាន​អាសនៈទាំង​នេះ​ទេ នោះ​ទើប​ជា​ការ​លះបង់​អាសនៈ»។
លោក បាន​បន្ថែម​ថា ចំណុច​នេះ​គឺ​បាន​ចែង​ច្បាស់​គ្រប់​គ្រាន់​ក្នុង​ច្បាប់​។ «ប្រហែល [លោក ហ៊ុន សែន] ព្យាយាម​បក​ស្រាយ​ច្បាប់​ដោយ​អត្ថន័យ​ចង្អៀត»។
បន្ទាប់​ពី​ការ អត្ថាធិប្បាយ​របស់​លោក នាយក​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​សុក្រ លោក សុក សំអឿន បាន​បញ្ជាក់​ថា អាសនៈ​ចំនួន ១២០ នៃ ១២៣ អាសនៈ គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​ចាប់​ផ្តើម​រដ្ឋសភា​ថ្មី។ លោក​បន្ត​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៦ អនុញ្ញាត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​មាន​វត្តមាន​តំណាង​រាស្រ្ត ៦៣ រូប​ជា​អ្វី​ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង ប៉ុន្តែ រដ្ឋសភា​ត្រូវ​តែ​ចាប់​ផ្តើម​ដោយ​មាន​សមាជិក ១២០ នាក់​ឬ​ច្រើន​ជាង​នេះ ដើម្បី​អនុម័ត​ការ​ចាប់​ផ្តើម​នៃ​រដ្ឋសភា​ថ្មី។
លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ជម្រាប​លោក​ស្រី Bu Jianguo ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ដែល​តែង​តាំង​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រារាំង​ការ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​ឬ ការ​បង្កើត​រដ្ឋាភិបាល​បាន​ឡើយ​»។ នេះ​បើ​តាម​លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​របស់​លោក ហ៊ុន សែន​បាន​ឲ្យ​ដឹង។
គ.ជ.ប មិន​ទាន់​ចេញ​ផ្សាយ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ គណបក្ស​កាន់​អំណាច​បាន​អះអាង​ពី​ជ័យជម្នះ​ដោយ​ទទួល​បាន ៦៨ អាសនៈ ទល់​នឹង ៥៥ អាសនៈ ជា​តួលេខ​គាំទ្រ​ដោយ​តួលេខ​ផ្លូវ​ការ​បឋម។
គណបក្ស​ប្រឆាំង​ក៏​បាន​អះអាង​ថា ខ្លួន​បាន​ឈ្នះ​ផង​ដែរ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រួម​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ខណៈ​ដែល​ការ​ពិភាក្សា​អំពី​ការ​ស៊ើប​អង្កេត​បាន​បន្ត​កាល​ពី​ម្សិលមិញ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គ្មាន​ប្រការ​ក្នុង​ច្បាប់​ចែង​ថា អាសនៈ​របស់​គណបក្ស​ប្រឆាំង​អាច​រឹប​អូស​យក ហើយ​ប្រគល់​ទៅ​ឲ្យ​គូ​ប្រជែង​ឡើយ។
លោក​បន្ត​ថា ៖«ប្រសិន​បើ​យើង​មិន​លះ​បង់​អាសនៈ​ទេ គ្មាន​អ្នក​ណា​អាច​យក​ពី​យើង​ឡើយ។ ប្រសិន​បើ​គេ​យក​អាសនៈ​យើង នោះ​គឺ​ខុស​ច្បាប់»។
ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់​ក៏​ដោយ អ្នក​វិភាគ​បាន​កត់​សម្គាល់​ថា ច្បាប់​បោះឆ្នោត និង​រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​បាន​គោរព​ទេ ដោយ​រំលោភ​បនិ្តច​បន្តួច ថែម​ទាំង​បាន​កែប្រែ​ពី​មុន​មក​ផង។
ក្នុង​ករណី​នេះ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ បាន​ព្យាករ​ថា រដ្ឋាភិបាល​ឆ្លាត​ណាស់ គឺ​មិន​អនុវត្ត​អ្វី​ដែល​ខ្លួន​បាន​គំរាម ប៉ុន្តែ វា​មិន​អាច​ទេ ដែល​គណបក្ស​កាន់​អំណាច​នឹង​កាន់​អាសនៈ​ទាំង ១២៣ នោះ។
លោក បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា នេះ​គ្រាន់​តែ​ជា​សំឡេង​របស់​ពួកគេ បើ​ទោះ​ជា​ពួកគេ​អាច ពួកគេ​ឆ្លាត​វៃ​មិន​ធ្វើ​បែប​នោះ​ទេ។ គេ​នឹង​មិន​ធ្វើ​ទេ គឺ​វា​ផ្ទុយ​នឹង​គោល​គំនិត [ប្រជាធិបតេយ្យ​សេរី​របស់] រដ្ឋធម្មនុញ្ញ»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​ថ្លែង​ថា លោក​ចាត់​ទុក​បញ្ហា​នេះ​ជា​ភាព​ស្រប​ច្បាប់​នៃ​នយោបាយ​ច្រើន​ជាង​ការ​បកស្រាយ​ច្បាប់​របស់​គណបក្ស​ធំៗ។
លោក​បន្ត​ថា៖ «ពួកគេ​គួរ​ពិនិត្យ​បន្ថែម​ទៀត​លើ​ផល​ប្រយោជន៍​ជាតិ។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បន្ត​វិវាទ​នេះ​»។
លោក​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា គេ​គួរ​ពិនិត្យ​លើ​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ​ត្រង់​ចំណុច​នេះ ... អ្នក​មាន​គណបក្ស​ប្រជាជន​ដែល​ប្រកាស​ថា គេ​នឹង​យក​អាសនៈ​គណបក្ស​ប្រឆាំង និង​កាន់​កាប់​ទាំង ១២៣ អាសនៈ​។ ប៉ុន្តែ ទាំង​សង​ខាង​ត្រូវ​ការ​ចរចា ... ចាំ​បាច់​ត្រូវ​មាន​កំណែ​ទម្រង់​ច្រើន»។
លោក យឹម សុវណ្ណ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ស្រប​ថា ឆន្ទៈ​របស់​ប្រជាជន​គួរ​កំណត់​ថា តើ​អ្វី​នឹង​កើត​ឡើង​ពី​ចំណុច​នេះ​ត​ទៅ។
លោក​បន្ត​ថា៖ «សូម​សួរ​ប្រជាជន ថា​តើ​គេ​យល់​ស្រប​នឹង [គណបក្ស​ប្រជាជន​កាន់​កាប់​ទាំង ១២៣ អាសនៈ​ឬ​យ៉ាង​ណា] ករណី​ល្អ​បំផុត គឺ​ការ​ស៊ើប​អង្កេត​។ គ.ជ.ប ជា​ផ្នែក​នៃ​បញ្ហា ហើយ​យើង​អញ្ជើញ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ចូល​រួម»។
ក្នុង​ការ​បោះឆ្នោត លើក​មុន ការ​គំរាម​ធ្វើ​ពហិការ​នៅ​តែ​បន្ត​ធ្វើ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី ឈាន​ដល់​ការ​ព្រម​ព្រៀង​ជាមួយ​នឹង​គណបក្ស​ប្រជាជន ដើម្បី​«ផល​ប្រយោជន៍​ជាតិ​»។
អ្នក​វិភាគ ដូច​ជា លោក​ស្រី Laura Thornton នាយក​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា ដោយ​លទ្ធផល​ប្រកៀក​គ្នា​បែប​នេះ ការ​តវ៉ា​ខ្លាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ន័យ ចំណែក​ឯ​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​លើ​ការ​ពិភាក្សា​បែង​ចែក​អំណាច​ជាមួយ នឹង​គណបក្ស​ប្រជាជន​ទេ។
លោក​បន្ត​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា មិន​មែន​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​លើ​ទេ។
លោក​បាន​បន្ថែម​ថា៖ «យើង​រង់​ចាំ​មើល ខ្ញុំ​មិន​ចង់​និយាយ​ថា ប្រសិន​បើ​នោះ​ទេ»៕ 

No comments:

Post a Comment

yes