សកម្មភាពកប៉ាល់បូមខ្សាច់បណ្តែតនៅដងទន្លេ មេគង្គ ក្បែរក្បាល កោះដាច់
ប្រជាពលរដ្ឋប្រមាណជិត ១០០ គ្រួសារ រស់នៅក្នុងភូមិ កោះប្រាក់ ឃុំ ភូមិធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បាននាំគ្នាធ្វើការតវ៉ាឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនមួយ ដែលបានធ្វើឲ្យប៉ះពាល់ដល់លំនៅឋាន និងដំណាំចម្ការដោយការបាក់ច្រាំងទន្លេបន្តបន្ទាប់។
តំណាងអ្នក ភូមិ កោះប្រាក់ លោក ភោគ ដារ៉ា អាយុ ៥១ ឆ្នាំ បានឲ្យដឹងថា ចាប់តាំងពីខែមករាមកមានសាឡង់ជាច្រើនគ្រឿងមកបណ្តែតបូមដឹក ខ្សាច់នៅលើផ្ទៃទន្លេ ជិតភូមិ កោះប្រាក់ ដែល ១ ថ្ងៃៗ បូមយកខ្សាច់ជាច្រើនពាន់ម៉ែត្រគុបដឹកជញ្ជូនចេញ។ លោកបន្តថា ការបូមខ្សាច់នៅជិត កោះប្រាក់ នេះធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារ រងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ខូចខាតដំណាំបន្លែនិងដីចម្ការអស់ជាច្រើនហិកតា។
អ្នកភូមិ កោះប្រាក់ ភាគច្រើនគឺសុទ្ធជាកសិករធ្វើចម្ការ និងដាំដំណាំរួមមាន ល្ហុង ចេក ស្វាយ ពោត ដំឡូង ទៅតាមរដូវកាល ប៉ុន្តែមួយរយៈចុងក្រោយនេះដំណាំពួកគាត់បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែការបាក់ច្រាំងទន្លេ ដែលបណ្តាលពីក្រុមហ៊ុនបូមខ្សាច់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
លោក ភោគ ដារ៉ា បានអះអាងថា៖«អ្នករងផលប៉ះពាល់ដំបូងប្រមាណជា ៦០ គ្រួសារទេ ប៉ុន្តែបើសកម្មភាពនេះនៅតែបន្តវាអាចនឹងរាលដាលប៉ះពាល់ដល់រាប់រយគ្រួសារបន្តទៀត»។
លោក ភោគ ដារ៉ា ក៏បញ្ជាក់ដែរថា ៖ «អ្នកភូមិបាននាំគ្នាដាក់ពាក្យបណ្តឹងចំនួន ៤ លើកហើយ តែមិនទាន់ឃើញមានដំណោះស្រាយពីខាងអាជ្ញាធរឡើយ។ ហេតុដូច្នេះ បានជានៅថ្ងៃទី៣ ខែសីហា នេះអ្នកភូមិជិត ១០០ នាក់ បានលើកគ្នាមកធ្វើការតវ៉ាឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមខ្សាច់ ជាបន្តទៀត»។
លោក ព្រុយ ចូច អាយុ ៣២ ឆ្នាំ ជាអ្នកភូមិ កោះប្រាក់ ម្នាក់ដែរបានប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាធ្វើការតវ៉ារួចមក សកម្មភាពបូមខ្សាច់ឃើញផ្អាកមួយរយៈឥឡូវនេះ។ លោកបន្តថា បើទោះជាអាជ្ញាធរគ្មានដំណោះស្រាយក៏ដោយ ប៉ុន្តែ អ្នកភូមិនៅទីនេះបានតាំងចិត្តថា នឹងធ្វើការតវ៉ាដោយហិង្សាបន្តជារៀងរហូត ទាល់តែមានអាជ្ញាធរចេញមុខមកដោះស្រាយ។ លោកបន្តថា៖«យើងមានការបារម្ភដែរនៅថ្ងៃខាងមុខ ដោយខ្លាចអាជ្ញាធរដាក់កម្លាំងប៉ូលិស ប៉េអឹម ឲ្យមកប្រឆាំងមួយនឹងប្រជាពលរដ្ឋ»។
លោក ចន្ទ សាម៉ុន ជាមេភូមិ កោះប្រាក់ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះលោកបានសាកសួរទៅអភិបាលស្រុកជុំវិញរឿងនេះហើយ ប៉ុន្តែខាងស្រុកឆ្លើយថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យធ្វើការស្តារទន្លេ។
លោកបន្តថា៖«ខ្ញុំមិនអាចដោះស្រាយអ្វីជូនពលរដ្ឋក្រៅពីការនាំពាក្យ ឬសុំគោលការណ៍ទៅថ្នាក់លើទេ ប៉ុន្តែការឆ្លើយតបពីលោកអភិបាលស្រុក គឺគ្មានវិធានការទប់ស្កាត់ឡើយ ដោយក្រុមហ៊ុនមានច្បាប់អនុញ្ញាត»។
ប៉ុន្តែយ៉ាងណាក៏អាជ្ញាធរមិនអះអាងថា ការបូមខ្សាច់នោះធ្វើដោយក្រុមហ៊ុនណាដែរ។
លោក ផាយ ប៊ុនធឿន អភិបាលខេត្ត កណ្តាលបានឲ្យដឹងពីម្សិលមិញថា លោកមិនទាន់បានដឹងរឿងនេះទេ ប៉ុន្តែលោកនឹងចុះទៅស្រាវជ្រាវមើលនៅភូមិ កោះប្រាក់។ លោកមានប្រសាសន៍ថា៖ «បើរកឃើញមានការបូមខ្សាច់បែបនេះមែន ខ្ញុំនឹងបញ្ជាឲ្យបញ្ឈប់ភ្លាម ព្រោះការបូមខ្សាច់នៅតំបន់នោះ មិនមានការអនុញ្ញាតទេ»៕
No comments:
Post a Comment
yes