កងកម្លាំងសមត្ថកិច្ចឈរការពារ នៅខាងក្រៅការិយាល័យបោះឆ្នោតដែល
ត្រូវបានបិទក្នុងការរាប់សន្លឹកឆ្នោត នៅក្នុងខេត្តកណ្តាល កាលពីខែមុន
ពីរសប្តាហ៍បានកន្លងផុតទៅ ខេត្ត កណ្តាល មានបញ្ហាកើតឡើងច្រើនគួរសម។ បញ្ហាបានផ្ទុះឡើង នៅឯស្ថានីយបោះឆ្នោតជាច្រើនជាទីដែលអ្នកបោះឆ្នោតត្រូវបានគេលុបឈ្មោះចេញពីបញ្ជី ហើយយ៉ាងហោចណាស់ មានស្ថានីយមួយត្រូវបានគេបង្ខំឲ្យបិទទ្វារ ខណៈដែលអ្នកស្រុក បានរារាំងនូវអ្វី ដែលពួកគេ បានអះអាងថា ជាអ្នកនៅខាងក្រៅបានចូលទៅបោះឆ្នោតនៅក្នុងឃុំរបស់ពួកគេ។
នៅទីបញ្ចប់ ខេត្តដែលមានការប្រកួតប្រជែងខ្លាំងក្លាដែលលោក ហ៊ុន សែន បានឈរឈ្មោះនេះ បានជះឥទ្ធិពលជាលើកដំបូង។ គណបក្សប្រជាជន ដែលធ្លាប់តែឈ្នះឆ្នោតនាំមុខខ្លាំង នៅក្នុងខេត្តនេះ ទទួលបានត្រឹមតែ ៤០ ភាគរយ ទល់នឹង ៥៦ ភាគរយ ដែលគណបក្សសង្គ្រោះជាតិទទួលបាន គឺគណបក្សប្រជាជន ទទួលបាន ៥ អាសនៈក្នុងចំណោម ១១ អាសនៈ។ នេះបើតាមតួលេខបឋមរបស់ គ.ជ.ប។
មានចម្ងាយមិនដល់ ២០ គីឡូម៉ែត្រពីផ្ទះរបស់លោកនាយករដ្ឋមន្រ្តី នៅក្រុង តាខ្មៅ នៅស្រុក ស្អាង គ្រប់ភូមិទាំងអស់នៅក្នុងឃុំខ្លះ បានបោះឆ្នោតជូនគណបក្សប្រឆាំង ហើយខណៈដែលអាជ្ញាធរមូលដ្ឋាន បានព្យាយាមដោះស្រាយជាមួយនឹងការខាតបង់នេះ អ្នកភូមិខ្លះ បានអះអាងថា ពួកគេកំពុងតែរងថ្មបាក់។
លោក តាត សាមឿន និយាយទាំងសើចថា៖ «ក្រុមមេភូមិពីគណបក្សប្រជាជន មានការខឹងសម្បា ព្រោះពួកគេ បានចំណាយលុយយ៉ាងច្រើន ហើយលទ្ធផលមិនល្អទេ»។ នៅភូមិ តានូ ជាទីដែលលោក សាមឿន បានរស់នៅជិតមួយជីវិតរស់លោក «មេភូមិនេះ បានដើរស្រែកថា តើហេតុអ្វីបានជាបក្សសង្គ្រោះជាតិឈ្នះ? មនុស្សជាច្រើនបានបោះឆ្នោតឲ្យលេខ ៤»។
លោក បន្តថា៖ «ការបោះឆ្នោតលើកមុនគឺគណបក្សប្រជាជនឈ្នះ តែការបោះឆ្នោតលើកនេះ គណបក្សសង្គ្រោះជាតិឈ្នះទៅវិញ»។ សរុបសេចក្តីទៅ បក្សប្រឆាំង ឈ្នះប្រមាណ ២ ពាន់សំឡេងនៅក្នុងឃុំ ស្អាងភ្នំ នេះ ដែលមានអ្នកបោះឆ្នោត ១ ម៉ឺននាក់។ នេះបើតាមលោក សាមឿន។
នៅថ្ងៃបោះឆ្នោត ស្ថានីយបោះឆ្នោតលេខ ១២០៤ ត្រូវបិទទ្វារ នៅម៉ោង ៩ ព្រឹក បន្ទាប់ពីអ្នកភូមិខ្លះ បានព្យាយាមរារាំងអ្នកបោះឆ្នោត ដែលពួកគេថា ត្រូវបានគេដឹកតាមឡានមកពីបណ្តាខេត្តឆ្ងាយៗឲ្យមកបោះឆ្នោត។ បុរសម្នាក់ ត្រូវបានគេឃុំខ្លួនអស់ ៩ ម៉ោងប៉ុន្តែនៅទីបញ្ចប់ ត្រូវបានគេដោះលែងដោយមិនមានការចោទប្រកាន់។
លោក សាមឿន បានថ្លែងថា ទោះជាយ៉ាងណា បន្ទាប់ពីលទ្ធផលចេញ «ប្រជាការពារ បានចាប់ផ្តើមធ្វើដំណើរជុំវិញទីនោះ ដោយនិយាយថា ពួកគេកំពុងតែស្វែងរកមនុស្ស ១០ នាក់ ដែលពាក់ព័ន្ធនឹងរឿងនោះ។ ខ្ញុំមិនដឹងពីមូលហេតុនេះទេ»។ ក្នុងភូមិ ១ ដែលមានមនុស្សរាប់រយនាក់ទទួលខុសត្រូវដោយសារតែរារាំងអ្នកបោះឆ្នោត ការគំរាមកំហែងបែបនេះមិនត្រូវបានគេដោះស្រាយទេ។
លោក សាមឿន ថ្លែងថា៖ «ខ្ញុំបានប្រាប់ពួកគេ នៅពេលដែលអ្នកដើរ កុំដើរតែឯង។ ដើរមានគ្នា ២ ឬ ៣ នាក់»។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា អង្គការ អាដហុក ទទួលបានបណ្តឹងមួយចំនួន។
លោកបន្តថា៖ «តាមធម្មតា ការគំរាមកំហែង បានកើតមានមុនការបោះឆ្នោត។ ការបោះឆ្នោតនេះ ខុសប្លែកពីមុនណាស់។ ការគំរាមកំហែង កើតឡើងច្រើន បន្ទាប់ពីថ្ងៃបោះឆ្នោត...អាជ្ញាធរមូលដ្ឋាន មានការខឹងសម្បាជាមួយពលរដ្ឋ (ដោយសារតែពួកគេមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន)។ នៅឆ្នាំនេះ ដោយសារតែគោលនយោបាយ ផ្តល់ប្រាក់ដល់ជនចាស់ជរា ចាប់ពីអាយុ ៦៥ ឆ្នាំឡើងក្នុងម្នាក់ៗ ៤ ម៉ឺនរៀលក្នុងមួយខែ ផ្តល់ប្រាក់ខែ ៦០ ម៉ឺនរៀលដល់កម្មកររោងចក្រ និង ១ លានរៀលសម្រាប់មន្ត្រីរាជការ គណបក្សសង្គ្រោះជាតិ អាចទាក់ទាញការគាំទ្របានច្រើនក្នុងចំណោមអ្នកគាំទ្រ លើការសន្យាធ្វើផ្លូវ ស្ពានរបស់គណបក្សប្រជាជន។
ដូចលោក លួន សុគន្ធា អ្នកភូមិម្នាក់ បានអះអាងថា៖ «ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សារុង ៧០០ ត្រូវបានគណបក្សប្រជាជនយកមកចែកក្នុងភូមិនេះ ប៉ុន្តែនៅពេលបោះឆ្នោត ពួកគេទទួលបាន ៣០០ សំឡេង»។ ក្នុងភូមិ ព្រែកឆ្លង ដែលលោក សុគន្ធា រស់នៅ មានការគំរាមកំហែងជាចំហតិចតួច។
ភរិយារបស់លោក សុគន្ធា អ្នកស្រី ហ៊ុយ ផាន បានថ្លែងថា៖ «ពួកគេ មិនបានគំរាមកំហែងទេ ប៉ុន្តែពួកគេ បានស្តីបន្ទោសអ្នក (ដែលបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ) ពួកគេ និយាយពាក្យមិនល្អ ដល់អ្នកទាំងនោះជារៀងរាល់ថ្ងៃ ហើយពួកយើង មិនមានការព្រួយបារម្ភទេ ប៉ុន្តែវាបានធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បាជាខ្លាំង»។
អ្នកស្រី យីន អុត នៅភូមិ ព្រែកខ្មែរ ដែលនៅក្បែរនោះបានថ្លែងថា «ឥឡូវ ខ្ញុំមិនហ៊ានចាកចេញពីផ្ទះទេ ខ្ញុំបារម្ភអំពីសន្តិសុខរបស់ខ្ញុំ»។ អ្នកស្រីបញ្ជាក់ថា៖ «លោក អនុភូមិ បានស្រែកពីផ្លូវ ចូលមកផ្ទះខ្ញុំថា គាត់មានការខឹងសម្បារាល់ថ្ងៃគាត់ រិះគន់ខ្ញុំ។ គាត់ បានសួរថា តើហេតុអ្វីបានជាអ្នកយកសារុងខ្ញុំ? តើហេតុអ្វីបានជាអ្នកយកលុយខ្ញុំ ហើយមិនបោះឆ្នោតឲ្យយើង?»។
អនុភូមិ លោក គីន លាង បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយនិយាយថា លោកមិនបានគំរាមកំហែង ទេ គ្រាន់តែទប់កំហឹងមិនបានបន្ទាប់ពីអុ្នកស្រី អុត បានចោទប្រកាន់លោកថា រុះរើស្ពានមួយ មិនឲ្យលោក សម រង្ស៊ី ឆ្លងចូលជួបអ្នកភូមិកាលពីពេលថ្មីៗនេះ។ លោក បាននិយាយបន្តថា៖ «ខ្ញុំ មិនបានគំរាមកំហែងគាត់ទេ ហើយខ្ញុំ ក៏មិនបានប្តឹងគាត់ផងដែរ។ ខ្ញុំគ្រាន់តែស្តីបន្ទោសគាត់ នៅពេលដែលខ្ញុំ ខឹង (នូវអ្វីដែលគាត់បាននិយាយ»។
ស្រដៀងគ្នានេះដែរ មេឃុំ ស្អាងភ្នំ លោក ស វិចិត្រ បានការពារកូនចៅរបស់លោកដោយនិយាយថា អាជ្ញាធរទាំងអស់ ត្រូវបានគេហ្វឹកហ្វឺនយ៉ាងល្អ «កុំឲ្យមានប្រតិកម្ម»។ លោកថ្លែងថា៖ «ពួកគេគ្រាន់តែចោទប្រកាន់យើង ប៉ុន្តែយើង មិនបានធ្វើអ្វីចំពោះពួកគេទេ»។
លោក វិចិត្រ បាននិយាយថា តាមពិត គឺអាជ្ញាធរមូលដ្ឋានទេដែលត្រូវបានកំណត់មុខសញ្ញាដោយអុ្នកបោះឆ្នោត មិនមែនអ្នកផ្សេងពីនោះទេ។ លោកបន្តថា៖ «ថ្មីៗនេះពួកគេ និយាយថា ពួកគេចង់ឲ្យខ្ញុំរុះរើការិយាល័យរបស់ខ្ញុំ ព្រោះយើង ចាញ់ឆ្នោត ប៉ុន្តែយើងមិនខ្វល់នូវអ្វីដែលពួកគេនិយាយទេ»។
បើតាមលោក នី ចរិយា ក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីការបោះឆ្នោត អង្គការលោក ទទួលបានប្រមាណ ១៥ បណ្តឹង។
លោកបន្តថា៖ «ខ្ញុំ មិនអាចនិយាយថា តើបញ្ហានេះ មានជាទូទៅឬយ៉ាងណាទេ ប៉ុន្តែយើង បានឮពីការបារម្ភទាំងនេះ។ ចាប់តាំងពីថ្ងៃបោះឆ្នោត ករណីច្រើនជាងមុន បានកើតឡើង។ រហូតមកដល់ពេលនេះយើងមិនឃើញមានស្ថាប័នណាមួយ ចាត់វិធានការប្រឆាំងការគំរាមកំហែងនេះនៅឡើយទេ»៕
No comments:
Post a Comment
yes