សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 12, 2013

គ្រូ​បង្រៀន​ខ្លះ​នៅ​បាត់ដំបង​ចង់​បោះ​បង់​អាជីព​ដោយសារ​ប្រាក់​ខែ​ទាប

លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​តាម​ទី​ជនបទ​នា​ខេត្ត​បាត់ដំបង មួយ​ចំនួន​អះអាង​ថា ពួក​គាត់​នឹង​បោះ​បង់​អាជីព​ជា​គ្រូបង្រៀន ដោយសារ​បៀវត្សរ៍​​ទាប មិន​អាច​ធ្វើ​​ឲ្យ​ជីវភាព​ពួកគាត់​រស់​នៅ​បាន​​​សមរម្យ​ឡើយ។
គ្រូបង្រៀន​បាន​ចាត់​ទុក​ជា​ស្នូល​យ៉ាង​សំខាន់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នៅ​​​ខេត្ត​បាត់ដំបង និង​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​​​អ្នក​ពាក់ព័ន្ធ​លើ​វិស័យ​អប់រំ​បាន​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ដល់​អាជីព​ជា​គ្រូ​​បង្រៀន​នេះ។
លោក​គ្រូ​អ្នក​គ្រូ​មួយ​ចំនួន​​នៅ​តាម​តំបន់​ដាច់ស្រយាល​ខ្លះ​នៅ​ខេត្ត​បាត់ដំបង បាន​អះអាង​ថា​ គាត់​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​បង្រៀន​សិស្ស និង​ជា​រៀង​រាល់​ខែ​ គាត់​ទទួល​​ប្រាក់​បៀវត្សរ៍​មិន​​ទៀង​ទាត់។
ឧបសគ្គ​​ទាំង​នោះ​បាន​ធ្វើ​គ្រូបង្រៀន​មួយ​ចំនួន​ ជា​ពិសេស​អ្នក​គ្រូ បាន​រា​រែក​ក្នុង​ការ​ទៅ​បង្រៀន ឬ​ស្វែង​រក​អន្តរាគមន៍​ដើម្បី​ដោះដូរ​មក​ទីតាំង​ដែល​នៅ​ជិត​ផ្ទះ។ ប៉ុន្តែ​អ្នក​គ្រូ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ខ្លួន​ឯង ត្រូវ​តែ​ទៅ​បង្រៀន​​​នៅ​ទី​នោះ​ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​ជា​ត្រូវ​រស់​នៅ​ទី​កន្លែង​​​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់​​នៅ​តាម​សាលារៀន​​ក៏ដោយ។
គ្រូបង្រៀន​ភាសា​ខ្មែរ​​​ថ្នាក់​អនុវិទ្យាល័យ​រូងជ្រៃ ដែល​ស្ថិត​នៅ​ចម្ងាយ​​ជាង ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង កញ្ញា មៀច ម៉ាលីស បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ គឺ​ជា​រឿង​ធម្មតា​សម្រាប់​អាជីព​ជា​គ្រូ​បង្រៀន។ ប្រាក់​បៀវត្ស​ពី​​ការ​បង្រៀន កញ្ញា​ទទួល​បាន​ប្រមាណ ៤០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដែល​ត្រូវ​ចំណាយ​រឹតត្បិត​បំផុត​ ហើយ​​​ការ​​​បើក​ប្រាក់​​ខែ ជា​ទូ​ទៅ​គឺ​មិន​ទៀង​ទាត់​ឡើយ។ អ្នកគ្រូ ម៉ាលីស បាន​​អះអាង​​ទៀត​ថា​ នឹង​ចាប់​យក​មុខ​របរ​ផ្សេង​មក​ចិញ្ចឹម​ជីវិត ដោយ​សារ​តែ​អាជីព​ជា​គ្រូបង្រៀន​​​​មិន​មែន​ជា​មុខ​របរ​ដែល​រក​ចំណូល​បាន​ខ្ពស់​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គ្រូ​បង្រៀន​នៅ​តាម​បណ្ដា​ស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​​​បាត់ដំបង បាន​អះអាង​ថា​​ អាជីព​ជា​គ្រូ​បង្រៀន​នៅ​តាម​ជន​បទ​នេះ​​​ ពួក​គាត់​នឹង​បោះបង់​នៅ​ពេល​ពេល​អនាគត ដោយសារ​តែ​​អាជីព​នេះ​ មិន​អាច​រក​ចំណូល​រស់​នៅ​បាន​សមរម្យ។ លោក​គ្រូ​អ្នក​គ្រូ​ទាំង​នោះ​សម្លឹង​​ឃើញ​វិស័យ​ផ្សេង​​មក​ធ្វើ​​ជា​​មុខ​របរ​ចិញ្ចឹម​ជីវិត​​ជំនួស​វិញ ដូច​ជា​ធ្វើ​ការ​ងារ​នៅ​​តាម​អង្គការ ស្ថាប័ន​ហិរញ្ញវត្ថុ និង​ការងារ​​​នៅ​ក្នុង​វិស័យ​កសិកម្ម​ជា​ដើម។ និន្នាការ​នៃ​ការ​បោះបង់​អាជីព​គ្រូបង្រៀន​នេះ នឹង​​ជះ​ឥទ្ធិពល​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​អប់រំ​​សិស្ស​នៅ​តាម​ជនបទ។
អ្នក​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា នៃ​អនុវិទ្យាល័យ​រូងជ្រៃ ដែល​ស្ថិត​នៅ​ឃុំ​រូងជ្រៃ​ ស្រុក​បវេល ខេត្ត​បាត់ដំបង កញ្ញា សឹម សុខលាង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ទៅ​នឹង​គ្រូ​ផ្សេងៗ​ទៀត​ដែរ​ថា ចំណូល​ពី​ការ​បង្រៀន​មិន​អាច​​​​ទូទាត់​ទៅ​នឹង​ការ​ចំណាយ​​​បាន​ឡើយ។ ការ​ចាប់​យក​អាជីព​ជា​គ្រូបង្រៀន​ដោយ​សារ​តែ​កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ។
អ្នកគ្រូ សឹម សុខលាង មាន​គម្រោង​បង្កើត​អាជីវកម្ម​​ផ្ទាល់​ខ្លួន​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ចិញ្ចឹម​ជីវិត។ អ្នកគ្រូ​បាន​លើក​ឡើង​ថា ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ គឺ​អ្នក​ពាក់​ព័ន្ធ​​ត្រូវ​ធ្វើ​ឲ្យ​មាន​​តុល្យភាព​​ ចំណូល​និង​ចំណាយ​របស់​​គ្រូបង្រៀន។
យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​បាន​ដំឡើង​​ប្រាក់​ខែ​គោល​ដល់​គ្រូ​បង្រៀន​កន្លង​មក​ប្រមាណ ២០% ស្រប​ពេល​ដែល​មាន​​​កំណើន​អតិផរណា ឬ​​ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើប្រាស់​​សំខាន់ៗ​នានា​ នៅ​ទូទាំង​​ប្រទេស។ ប៉ុន្តែ​គ្រូ​បង្រៀន​នៅ​តាម​តំបន់​ដាច់ស្រយាល​នៅ​ខេត្ត​បាត់ដំបង នេះ បាន​អះអាង​​ថា នៅ​តែ​មិន​គ្រប់គ្រាន់​​នៅ​ឡើយ។
អ្នកគ្រូ​បង្រៀន​មួយ​ចំនួន​បាន​ចាប់​​យក​មុខ​របរ​ផ្សេង​​ជា​បណ្ដើរៗ នៅ​ពេល​ដែល​ខេត្ត​បាត់ដំបង នេះ​ជា​ខេត្ត​ដែល​មាន​ទំនិញ​ឆ្លង​កាត់​​ដែល​បាន​បង្កើត​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ជា​ច្រើន។
បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ខេត្ត​បាត់ដំបង ជា​ខេត្ត​ដែល​មាន​សក្ដានុពល​មួយ​​សម្រាប់​បង្កបង្កើន​ផល​ ជា​ពិសេស​ដំណាំ​ស្រូវ ដែល​បរិមាណ​ស្រូវ​របស់​ខេត្ត​នេះ អាច​​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
គ្រូ​បង្រៀន​​សាលា​​បឋម​សិក្សា​​​តាង៉ែន ស្ថិត​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ លោកគ្រូ ​មួន សុវណ្ណារា បាន​ឲ្យ​ដឹង​ថា លោក​មិន​ចាប់​អាជីព​ជា​គ្រូ​បង្រៀន​ជា​រៀង​រហូត​នោះ​ទេ។ អ្វី​ដែល​​ចង់​ធ្វើ​បំផុត គឺ​នៅ​ក្នុង​វិស័យ​កសិកម្ម​ ដោយ​សារ​តែ​ខេត្ត​បាត់ដំបង​នេះ មាន​​អំណោយ​ផល​ល្អ​លើ​វិស័យ​កសិកម្ម។
លោក គ្រូ មួនសុវណ្ណារា មាន​ប្រសាសន៍​បន្ថែម​ថា មាន​គ្រូ​មួយ​ចំនួន​បាន​បោះបង់​​អាជីព​ជា​គ្រូ​បង្រៀន ស្រប​ពេល​ដែល​​​​​សាលារៀន​នៅ​តាម​ទី​ជនបទ​បច្ចុប្បន្ន​ជួប​ប្រទះ​​បញ្ហា​​សិស្ស​ច្រើន​ តែ​ខ្វះ​គ្រូបង្រៀន​គ្រប់​គ្រាន់។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោកគ្រូ អ្នកគ្រូ​​ដែល​បង្រៀន​ចាប់​តាំង​ពី​កម្រិត​បឋម​សិក្សា រហូត​ដល់​វិទ្យាល័យ បាន​អះអាង​ពី​ការ​បោះបង់​​ចោល​អាជីព​ជា​គ្រូ​បង្រៀន ដោយ​សារ​​ប្រាក់​ខែ​ទាប។ ការ​បោះបង់​នេះ នឹង​ប៉ះពាល់​ដល់​​​ការ​អប់រំ​សិស្ស​នៅ​ខេត្ត​បាត់ដំបង ដោយសារ​ខេត្ត​នេះ​មាន​អត្រា​សិស្ស​ដែល​គ្រប់​អាយុ​ចូល​រៀន​​​ រាប់​សិប​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។
ការ​ស្រាវ​ជ្រាវ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ប្រចាំ​ឆ្នាំ​២០១៣​ បាន​រក​ឃើញ​ថា អត្រា​​សិស្ស​ដែល​គ្រប់​​អាយុ​ចូល​រៀន​មាន​បរិមាណ​ច្រើន​រៀង​រាល់​ឆ្នាំ។ របាយការណ៍​​ដដែល​បាន​បង្ហាញ​​ទៀត​ថា​ ចំនួន​លោក​គ្រូ​អ្នក​គ្រូ​ដែល​បង្រៀន​ថ្នាក់​បឋម​រហូត​​ថ្នាក់​វិទ្យាល័យ​នៅ​ក្នុង​ខេត្ត​បាត់ដំបង មាន​​ចំនួន​ជាង ១​ម៉ឺន ៣​ពាន់​​នាក់​ និង​មាន​បន្ទប់​សិក្សា​ប្រមាណ​ ៧​ពាន់​បន្ទប់។ ក្នុង​នោះ​ចំនួន​សិស្ស​ដែល​គ្រប់​អាយុ​​ចូល​រៀន ចាប់​តាំង​ពី​កម្រិត​ថ្នាក់​បឋម​សិក្សា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​មាន​ជាង ៣២​ម៉ឺន​នៅ​ក្នុង​ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes