ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកក់១ ប្រកាសជាថ្មីថា គ្រួសារគាត់អាចនឹងត្រូវឃាតកសម្លាប់នៅថ្ងៃណាមួយ ដោយសារតែការពារផ្ទះសំបែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៨០។ ពលរដ្ឋឲ្យដឹងថា ពួកគាត់ត្រូវរងទុក្ខបុកម្នេញស្ទើររាល់ថ្ងៃពីសំណាក់ក្រុមសន្តិសុខការពារដីដែលក្រុមហ៊ុនឯកជន ឈ្មោះ ឃុន សៀ បានទិញពីអាជ្ញាធរសង្កាត់បឹងកក់១។
គ្រួសារពលរដ្ឋរស់នៅបរិវេណអតីតសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទល់មុខឆៀងខាងជើងសណ្ឋាគារឡុងប៊ិច ផ្លាហ្សា ដែលមានសមាជិកគ្រួសារ ៤នាក់ នៅព្រឹកថ្ងៃទី១០ ខែសីហា បានប្រកូកប្រកាសប្រាប់អ្នកដំណើរតាមផ្លូវឲ្យជួយដឹងឮបញ្ហាដែលអ្នកមានលុយមានអំណាចរំលោភបំពានសិទ្ធិលំនៅឋានពួកគាត់។ ពលរដ្ឋទាំងនោះប្រាប់មហាជនថា គឺក្រុមគ្រួសារលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាដន្លងនឹងលោក ហ៊ុន សែន និងជាដន្លងរបស់លោក ជា សុផារ៉ា ជាអ្នកនៅពីក្រោយខ្នងនៃបំណងដែលចង់បណ្ដេញពួកគាត់ចេញពីលំនៅឋាន។
អតីតជំនាញការវៀតណាម នៅទសវត្ស៨០ និងជាពលរដ្ឋមានបញ្ហាដីធ្លី លោក លី ស្រ៊ាខេង មានប្រសាសន៍ថា គ្រួសាររបស់លោកបានរស់នៅដីបរិវេណសង្កាត់បឹងកក់១ តាំងពីឆ្នាំ១៩៨០ ដែលកាលនោះលោកកាន់ការជាជំនាញការប្រចាំខណ្ឌទួលគោក ហើយសង្កាត់បឹងកក់១ នោះ គឺកើតឡើងនៅឆ្នាំ១៩៨៥ ប៉ុណ្ណោះ។
លោកបន្តថា លោកមានឯកសារកាន់កាប់ដីធ្លីគ្រប់គ្រាន់តាំងពីពេលស្នាក់នៅដំបូង ប៉ុន្តែអាជ្ញាធរសង្កាត់ និងខណ្ឌទួលគោក បែរជានាំគ្នាលក់ដីសង្កាត់ រួមនិងដីផ្ទះរបស់គាត់ឲ្យទៅឈ្មួញឯកជនទៅវិញ។ លោកបញ្ជាក់ថា ដោយសារតែគ្រួសារលោកមិនព្រមទទួលយកប្រាក់សំណងចំនួន ១.៥ម៉ឺនដុល្លារ ដើម្បីចាកចេញពីផ្ទះសំបែង ទើបក្រុមហ៊ុនឯកជនដែលមានអំណាចនោះប្រើគ្រប់វិធីធ្វើបាបពួកគាត់តែម្ដងទៅ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានកងអង្គរក្សប្រធានព្រឹទ្ធសភា ជា ស៊ីម និងជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺលោកឧត្ដមសេនីយ៍ផ្កាយបី យឹម លាង មានប្រសាសន៍ថា គ្រួសារលោកមិនបានធ្វើដូចការចោទប្រកាន់ទេ ហើយលោកក៏បង្វែរសំណួរទៅកាន់តំណាងក្រុមហ៊ុន ឃុន សៀ ដែលទទួលទិញដីសង្កាត់នោះឲ្យបំភ្លឺជំនួសវិញ។
ចំណែកឯតំណាងក្រុមហ៊ុន ឃុនសៀ លោក នួន សុខាន់ណារ៉ា មានប្រសាសន៍ថា ក្រុមសន្តិសុខការពារដីក្រុមហ៊ុន មិនដែលបានធ្វើទុក្ខបុកម្នេញពលរដ្ឋដូចការចោទប្រកាន់ទេ។ លោកបន្តថា គ្រួសារពលរដ្ឋទាំងបីគ្រួសារដែលមិនទាន់យល់ព្រមចាកចេញពីបរិវេណសង្កាត់នោះ គឺគ្រាន់តែជាអ្នកជួលដីសង្កាត់រស់នៅប៉ុណ្ណោះ។ លោកបញ្ជាក់ថា ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ដើម្បីបកស្រាយ ហើយក្រុមហ៊ុនក៏នឹងបន្តដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធីដែរ។
ទោះជាយ៉ាងណាក្តី តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី ដែលធ្លាប់ជួយអន្តរាគមន៍ពលរដ្ឋទាំងបីគ្រួសារ ពេលដែលមានជនមិនស្គាល់មុខអុកឡុកទាំងកណ្ដាលយប់នោះមានប្រសាសន៍ថា អាជ្ញាធរមិនត្រូវមើលរំលងបញ្ហានេះទេ ព្រោះថា ពលរដ្ឋមានបញ្ហាដីធ្លីអាចប្រឈមមុខធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិត បើសិនជាមិនមានដំណោះស្រាយ។
លោក លី ស្រ៊ាខេង និងកូនប្រុសម្នាក់ ធ្លាប់ត្រូវបាននគរបាលក្រសួងមហាផ្ទៃ ចាប់ដាក់ខ្នោះបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ម្ដងហើយ កាលពីខែមិថុនា ហើយគ្រួសារគាត់ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខតាមកាប់ បំពុលឆ្កែឲ្យងាប់ ជះទឹកលាមកដាក់ផ្ទះទៀតផង៕
No comments:
Post a Comment
yes