គណបក្សប្រជាជនកម្ពុជាបានបង្ហាញជំហរពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិដើម្បីដោះស្រាយបញ្ហានៃការបោះឆ្នោតដោយសន្តិវិធី។ គណបក្សប្រជាជនកម្ពុជាបានប្រកាសជំហរនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវផ្សព្វផ្សាយជាសាធារណៈនៅយប់ថ្ងៃចន្ទទី១៩សីហា។
ជាសេចក្តីថ្លែងការណ៍ដែលច្រានចោលការចោទប្រកាន់នានា ដែលថាគណបក្សកាន់អំណាចមួយនេះឃុបឃិតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីលួចបន្លំសន្លឹកឆ្នោត។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ គណបក្សប្រជាជនកម្ពុជាបានអត្ថាធិប្បាយថា ការចោទប្រកាន់ទាំងនោះ ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
ឆ្លើយតបនឹងការប្រកាសជំហរពិភាក្សារបស់គណបក្សប្រជាជនកម្ពុជានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ចម្លើយរបស់គណបក្សប្រជាជនកម្ពុជានេះគួរតែត្រូវបានធ្វើយូរណាស់ហើយ នៅពេលដែលគណបក្សសង្គ្រោះជាតិ គឺជាអ្នករង់ចាំការពិភាក្សានេះ។ សម្រាប់លោកយឹម សុវណ្ណ ការជួបពិភាក្សាគ្នាលើកក្រោយ ប្រសិនបើមានមែននោះ គណបក្សសង្គ្រោះជាតិរបស់លោក នៅតែប្រកាន់ជំហរមិនទទួលយកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ជាប្រធាននៃគណកម្មការពិសេសចំពោះកិច្ច ដដែល។ គជប ដែលគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ជាអ្នកធ្វើអោយមានបញ្ហាមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនោះ។
ទោះយ៉ាងណាក៏ដោយ លោកយឹម សុវណ្ណបញ្ជាក់ថា ការធ្វើបាតុកម្មអហិង្សា នៅតែជំរើសចុងក្រោយរបស់គណបក្សសង្គ្រោះជាតិដដែល ប្រសិនបើគ្មានដំណោះស្រាយសមរម្យនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសបដិសេធការផ្សព្វផ្សាយឯកសារសំឡេងមួយដែល គេលឺលោកនាយករដ្ឋមន្ត្រីនិយាយថា គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ គណបក្សប្រជាជនកម្ពុជាបានសរសេរថា ឯកសារសំឡេងនោះ គឺជាការរៀបចំប្រឌិតឡើងប៉ុណ្ណោះ ហើយបានស្នើអោយសមត្ថកិច្ចចាត់វិធានការរារាំងច្នៃប្រឌិតនេះ ដែលគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ជាការបំពានច្បាប់៕
No comments:
Post a Comment
yes