នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសកម្មភាពរបស់កងកម្លាំងរាជអាវុធហត្ថ ប៉ូលិស ទាហាន ដែលមានសកម្មភាពស្ទើរគ្រប់ទីកន្លែង ពិសេសនៅក្នុងរាជធានីភ្នំពេញ។ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងសម្រាប់លេងកីឡា កន្លែងហាត់ប្រាណនោះ បានប្រែក្លាយជាកន្លែងសម្រាប់កងរាជអាវុធហត្ថធ្វើការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនជាមុនសម្រាប់ទប់ទល់នឹងការធ្វើបាតុកម្មរបស់ប្រជាជន ក្នុងករណីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតនាពេលកន្លងទៅ។
នៅក្នុងសកម្មភាពនៃការហ្វឹកហាត់នោះ មានការបែងចែកជាពីរក្រុម។ កងកម្លាំងរាជអាវុធហត្ថមួយក្រុម ដើរតួជាអ្នកទប់ទល់ ដែលប្រដាប់ទៅដោយខែល និងដំបងឆក់ ហើយមួយក្រុមទៀត ដើរតួជាក្រុមបាតុករ ដែលមានដបទឹកសុទ្ធជាដើម។
សកម្មភាពហ្វឹកហាត់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្នុងការហ្វឹកហ្វឺនរបស់មន្ត្រីនគរបាលក្តី កងរាជអាវុធហត្ថ ទាហានក្តី គឺមានជាប្រចាំ មិនមែនទើបតែនឹងមានក្រោយពេលបោះឆ្នោតនោះទេ ពីព្រោះការងារនេះជាតួនាទីរបស់មន្ត្រីនៅក្នុងជួរកងប្រដាប់អាវុធ។ លោកបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីកងប្រដាប់អាវុធ គឺមានតួនាទីថែរក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គម ឱ្យប្រកបទៅដោយសន្តិសុខ ពិសេសសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោក ខៀវ សុភ័គ៖ «ខ្ញុំគិតថា បាតុកម្មដោយសន្តិវិធី ដែលអនុវត្តតាមច្បាប់នោះ គឺជារឿងធម្មតាទេ វាអត់មានអីទេ ការធ្វើបាតុកម្មដោយសន្តិវិធីដែលមានច្បាប់ យើងការពារសន្តិសុខយើង។ ក៏ប៉ុន្តែ កុំឱ្យហួសពីព្រំដែននៃបាតុកម្មដោយសន្តិវិធី ដែលចែងដោយច្បាប់»។
ស្របគ្នានេះដែរ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូ ក៏បានឱ្យដឹងដែរថា វាជារឿងចាំបាច់ណាស់សម្រាប់កងកម្លាំងរាជអាវុធហត្ថ គឺមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្រមូលកងកម្លាំងរបស់ខ្លួន ក្នុងការហ្វឹកហ្វឺនជាមុន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ទប់ទល់ទៅនឹងសកម្មភាពបាតុកម្មទាំងឡាយណាដែលឈានទៅរកការប្រើប្រាស់អំពើហិង្សា។
លោក ខេង ទីតូ៖ «ក្រោយពីការបោះឆ្នោតទៅ សភាពការណ៍នយោបាយមួយដែលទាមទារឱ្យយើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថានភាពនៅក្នុងប្រទេសឱ្យមានស្ថិរភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម កុំឱ្យវាមានអំពើហិង្សា ឬក៏ចលាចលណាមួយកើតឡើង ដោយយើង បើសិនជាយើងមិនបានត្រៀមទុកជាមុនទេ វានឹងនាំឱ្យមានមហន្តរាយ ឬក៏មានជនរងគ្រោះ។ អីចឹងហើយ ទាមទារឱ្យយើងត្រូវតែប្រមូលផ្តុំកម្លាំងធ្វើការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចយើងឡើងវិញ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសកម្មភាពហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធនៅពេលនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានបញ្ជាក់ថា វាជារឿងមិនចាំបាច់នោះទេ ក្នុងការបង្អួតកម្លាំងទាហាន ប៉ូលិស នគរបាល ដើម្បីបំភិតបំភ័យប្រជាជន។ លោកបន្តថា ការធ្វើបាតុកម្មរបស់ប្រជាជន ជាការធ្វើឡើងដើម្បីស្វែងរកយុត្តិធម៌ ហើយគឺធ្វើឡើងដោយអហិង្សា មិនមែនហិង្សានោះទេ។
លោក យឹម សុវណ្ណ៖ «ប្រជាពលរដ្ឋទាមទារយុត្តិធម៌តែប៉ុណ្ណឹងទេ ទាមទារការរស់នៅដោយយុត្តិធម៌ ការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចដោយសមធម៌ ការបោះឆ្នោតឱ្យបានត្រឹមត្រូវ ឱ្យមានយុត្តិធម៌ ហើយអ្នកជាប់ក៏ជាប់ដោយកិត្តិយស ហើយអ្នកចាញ់ក៏ចាញ់ដោយអស់ចិត្ត។ មិនមែនប្រើប្រាស់ឧបករណ៍របស់ខ្លួនលួចបន្លំសន្លឹកឆ្នោត ដល់ពេលគេក្រោកឡើងទាមទារ ប្រើកងកម្លាំងប្រដាប់អាវុធគាបសង្កត់ ឬបង្ក្រាបទៅលើគេនោះ រឿងនេះគឺមិនអាចកើតមានឡើងនៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ»។
លោកបន្ថែមទៀតថា ការយកកងកម្លាំងប្រដាប់អាវុធមកប្រើ ដើម្បីសម្លាប់ឆន្ទៈរបស់ប្រជាពលរដ្ឋពេលនេះ លែងមានប្រសិទ្ធភាពទៀតហើយ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់បក្សប្រឆាំង អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ជាសិទ្ធិសម្រេចរបស់រាល់បក្សនយោបាយផ្សេងៗ ក្នុងការបញ្ចេញនូវមតិរបស់ខ្លួន ក៏ប៉ុន្តែ រាជរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសណ្ដាប់ធ្នាប់របស់សង្គមទាំងមូល មិនឱ្យឈានទៅដល់សកម្មភាពអសន្តិសុខណាមួយជាយថាហេតុ។
ទោះយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ ក៏បានសង្ឃឹមដែរថា ប្រទេសកម្ពុជា នៅតែអាចថែរក្សាសុខសន្តិភាពជារៀងរហូត ពីព្រោះកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ វាក៏ជាកត្តាយ៉ាងសំខាន់ដើម្បីឈានទៅរកការរីកចម្រើននៃប្រទេសជាតិទាំងមូល៕
No comments:
Post a Comment
yes