សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 6, 2013

លោកហ៊ុនសែនចំអក​ការ​គំរាម​កាត់​ជំនួយ​របស់អាមេរិក

130806_08
លោក​ហ៊ុន សែន​ពេល​​ទៅ​ពិនិត្យ​​ការ​​សាង​សង់​ស្ពាន​អា​កាស​ស្ទឹង​មាន​ជ័យ​​​
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ ហាក់​បី​ដូចជា​ចំអក ឲ្យ​សភា​សហរដ្ឋ​អាមេរិក ដោយ​ជំរុញ​ឲ្យ​ធ្វើ​តាម​សម្តី​របស់​ពួក​គេ​ដែល​ចង់​កាត់​ជំនួយ​បរទេស​ចំពោះ​កម្ពុជា ប្រសិន​បើ​ពួក​គេ​ចាត់​ទុក​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ជា​ការ​បោះឆ្នោត​ខុស​ច្បាប់។
សវនាការ​សភា​នៅ​ទីក្រុង វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា​បាន​ពិនិត្យ​នៅ​លើ​លទ្ធភាព​នៃ​ការ​កាត់​ជំនួយ​ហិរញ្ញវត្ថុ​ចំពោះ​កម្ពុជា​ប្រសិន​បើ​ការ បោះឆ្នោត​នៅ​កម្ពុជា​មិន​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌ ប៉ុន្តែ លោក ហ៊ុន សែន បាន​អះអាង​ថា លោក​មិន​ភ័យ​ខ្លាច​ចំពោះ​ឱសានវាទ​បែប​នេះ​ទេ។
ទោះ​ជា​យ៉ាង​ណា​ក្តី ក្រុម​អ្នក​វិភាគ បាន​ក្រើន​រំឭក​ថា ការ​ងាក​ចេញ​ពី​អាមេរិក ទៅ​រក​ចិន មិន​ប្រាកដ​ថា នឹង​មិន​មាន​ផល​វិបាក​នោះ​ទេ។
លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ចុះ​ទៅ​ខេត្ត កណ្តាល​ថា៖ «នេះ​គឺជា​ពាក្យ​សម្តី​ពី​សមាជិក​សភា និង​ព្រឹទ្ធ​សមាជិក​ពីរ​បី​នាក់ ដែល​មិន​មែន​ជា​តំណាង​ឲ្យ​សំឡេង​នៃ​ពលរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​របស់​លោក អូបាម៉ា»។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ដូច្នេះ​ពី​មុន​ពេល​ប្រាប់​សភា​អាមេរិក​ថា៖ «កុំ​និយាយ​ច្រើន​ពេក​កាត់​វា​ទៅ​»។

លោក​បន្ត​ថា រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​នឹង​ជំនួយ​នោះ​ទេ ដែល​លោក​ថា​មាន​ចំនួន ៥០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​លោក​ថា ជន​រងគ្រោះ​ពិត​ប្រាកដ នឹង​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​នៃ​ការ​ប្រយុទ្ធ​នឹង​មេរោគ និង​ជំងឺ​អេដស៍ និង​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​របេង​ដែល​ទទួល​មូលនិធិ​ពី​អាមេរិក។
លោក ហ៊ុន សែន ក៏​បាន​រិះគន់​ទៅ​លើ​ជំនួយ​យោធា​អាមេរិក​ផង​ដែរ ដែល​លោក​ថា មាន​ចំនួន​ប្រហែល ១ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​បាន​រំឭក​អំពី​កាល​ពេល​មួយ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ការ​ផ្តល់​ជំនួយ​យានយន្ត​យោធា ១០០ គ្រឿង​ដែល​ខ្លួន​សន្យា​ឲ្យ​កម្ពុជា ដោយ​សារ​ក្តី​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ពាក់​ព័ន្ធ​នឹង​ការ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ «ប៉ុន្តែ​នៅ​ពេល​ចិន​បាន​ឃើញ​វា ចិន​បាន​ផ្តល់​យានយន្ត​យោធា​ចំនួន ២៥៧ គ្រឿង​ជំនួស​អាមេរិក»។
បើ​តាម​តួលេខ​របស់​ក្រសួង​ការ​បរទេស​អាមេរិក ជំនួយ​សរុប​របស់​អាមេរិក​ចំពោះ​កម្ពុជា​គឺ​មាន​ចំនួន​ជិត ៧០ លាន​ដុល្លារ ហើយ​លោក Carl Thayer អ្នក​ជំនាញ​វិភាគ​អំពី​កម្ពុជា​និង​ជា​សាស្រ្តចារ្យ​នៅ​សាកល​វិទ្យាល័យ New South Wales បាន​ដាក់​ជំនួយ​យោធា​អាមេរិក​ថា មាន​ចំនួន​ជិត ៦ លាន​ដុល្លារ។
លោក​បាន​កត់​សម្គាល់​នៅ​ក្នុង​អ៊ីមែល​មួយ​ថា ការ​កាត់​ចំនួន​ធំ​មួយ​នឹង​ធ្វើ​ឲ្យ «ប៉ះ​ពាល់​ទៅ​លើ​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​និង​ក្រុម​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​សង្គម​កម្ពុជា» ប៉ុន្តែ​ថា «ជំនួយ​នឹង​អាច​នៅ​តែ​ផ្តល់​ទៅ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល»។
លោក Thayer បាន​ថ្លែង​ថា៖ «ភាព​ក្លាហាន​របស់​លោក ហ៊ុន សែន ទៅ​កាន់​សភា​អាមេរិក​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ផ្ទាល់​ខ្លួន​ថា គាត់​កំពុង​គ្រប់​គ្រង​កម្ពុជា​និង​អាច​រក្សា​ឯករាជ្យភាព​របស់ កម្ពុជា​ពី​សម្ពាធ​បរទេស​»។
លោក Thayer បាន​កត់​សម្គាល់​អំពី​ថា ការ​ជជែក​តឹងរ៉ឹង​អាច​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក​នយោបាយ​។ «ការ​ច្រាន​ចោល​របស់​លោក ហ៊ុន សែន ចំពោះ​ជំនួយ​របស់​អាមេរិក​អាច​នឹង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​បែក​ជា​ពីរ​ក្រុម​បន្ថែម​ទៀត»។
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​សម្តែង​ទស្សនៈ​ស្រដៀង​គ្នា​ផង​ដែរ។ លោក​ថ្លែង​ថា​៖« ប្រភេទ​នៃ​ជំហរ​បែប​នោះ បាន​ធ្វើ​ឲ្យ​សាធារណៈជន​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​គ្រប់​គ្រង របស់​គាត់​រួច​ទៅ​ហើយ ដូច​ឃើញ​តាម​រយៈ​ការ​បោះឆ្នោត​»។
លោក ម៉ុងហៃ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​អំពី​ការ​រិះគន់​ស្រដៀង​គ្នា របស់​លោក ហ៊ុន សែន ទៅ​លើ​អ៊ុនតាក់​បន្ទាប់​ពី​ការ​បោះឆ្នោត​រៀបចំ​ឡើង​ដោយ​អង្គការ សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៩៣។
លោក​បន្ត​ថា ចាប់​តាំង​ពី​ទសវត្សរ៍ ៨០ «ប្រជាជន​កម្ពុជា​បាន​ងាក​ទៅ​រក​លោក​ខាង​លិច​ជា​ពិសេស​អាមេរិក» ហើយ​បើ​ទោះ​បី​ជា​មាន «ការ​វិនិយោគ​និង​ជំនួយ​ដ៏​ធំ​ពី​ចិន​ក្តី ខ្ញុំ​គិត​ថា ប្រជាជន​កម្ពុជា មិន​អាច​ភ្លេច​បាន​ទេ​អំពី​ជំនួយ​របស់​ចិន​ទៅ​លើ​ពួក​ខ្មែរ​ក្រហម»៕ 

No comments:

Post a Comment

yes