សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 27, 2013

បក្សប្រឆាំង​គំរាម​ធ្វើ​បាតុកម្ម​មុន​ប្រកាស​លទ្ធផល​ផ្លូវការ ​បើ​ការ​ ដោះស្រាយ​មិន​ត្រឹម​ត្រូវ

130827_1
លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​ និង​អនុប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​
ស្វា​គមន៍​អ្នក​គាំ​ទ្រដែល​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រមាណ​២ ម៉ឺន​នាក់ នៅ​ទី​លាន​
ប្រជា​ធិបតេយ្យ​ក្នុង​ក្រុង​ភ្នំ​ពេញ កាល​ពី​ល្ងាច​ម្សិល​មិញ
 មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ មុន​ពេល​គណៈ​កម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ​ប្រកាស​លទ្ធ​ផល​ចុង​ក្រោយ នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា ដរាប​ណា​ភាព​មិន​ប្រក្រ​តី​​​នៃ​​ការ​បោះ​ឆ្នោត​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​​​ឲ្យ​​ត្រឹម​ត្រូវ​​នោះ។
ថ្លែង​ទៅ​កាន់​មនុស្ស​ប្រហែល ២ ម៉ឺននាក់​ នៅ​ទី​លាន​ប្រជា​ ធិបតេយ្យ កាល​ពីម្សិលមិញ ​​លោក សម រង្ស៊ី​ ជា​ប្រធាន​និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​ បាន​ប្រកាស​ជាថ្មី​ម្តង​ទៀត​ថា ​មហា​បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​មុន​ការ​ប្រកាស​​ល​ទ្ធផល​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​។ ​ការ​បញ្ជាក់​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រជា​ជន​ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​​នោះ ​ដែល​បាន​សួរ​អំពី​ថ្ងៃ​ជាក់​លាក់​  ក្នុ​ង​ការ​ធ្វើ​មហា​បាតុកម្ម។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​មហា​បាតុកម្ម​ មុន​ពេល​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​។ ប៉ុន្តែ​ យើង​ជំរុញ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ ដើម្បី​ស្វែង​រក​ការ​ពិត ផ្តល់​យុត្តិ​ធម៌​។ ប្រសិន​បើ​មាន​គណៈកម្មការនេះ ​​យើង​​នឹង​មិន​ធ្វើ​មហា​បាតុ​កម្ម​​ទេ ប៉ុន្តែ​ គណៈកម្មការ​នេះ​​មិន​ចេញ​ទេ ​ហើយ​គេ​រាំង​ស្ទះ​មិន​ឲ្យ​ចេញ ហើយ​គេ​ត្រៀម​ប្រកាស​លទ្ធ​ផល​​ផ្លូវ​ការ នៅ​ពេល​​នោះ​នឹង​មាន​បាតុកម្ម​»។

លោក កឹម សុខា បាន​ប្រាប់​អ្នក​ចូល​រួម​ថា បាតុកម្ម​ដំបូង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗនៅភ្នំពេញ ហើយ​បន្ទាប់​មក​ទៀត​គឺនៅ​ទូទាំង​ប្រទេស​។
លោក កឹម សុខា បាន​បន្ថែម​ថា ៖ «​​មហា​បាតុកម្ម​នោះ​ គឺ​ជា​មហា​បាតុកម្ម​អហិង្សាក្នុង​គោល​បំណង​ទាម​ទារ​យុតិ្ត​ធម៌​​ ដោយ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ដែល​មាន​​អង្គការ​ជាតិនិង​អន្តរ​ជាតិ និង​ក៏​មាន​អង្គ​ការ​សហ​ប្រជា​ជាតិ​ជា​អ្នក​សង្កេត​ការណ៍​ ហើយ​ប្រសិន​បើ​​​គេ​នៅ​តែ​មិន​បង្កើត ​មហា​បាតុកម្ម​នឹង​កើត​មាន​ជា​ទូទៅ​។​ នេះ​​គឺជា​សេចក្តី​សម្រេច​​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រជា​ជន​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ​»។
លោក កឹម សុខា ​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​គ.ជ.ប ​ដោយ​ចោទ​ពី​បទ​ក្លែង​ឯក​សារ​សាធារណៈ​ ដោយ​ចេញ​ទម្រង់​ក្លែង​​ក្លាយឲ្យ​ប្រជា​ជន​ ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​។
ទាក់​ទង​នឹ​ងការ​ចោទ​ដោយ​លោក សម រង្ស៊ី និង​​លោក កឹម សុខា លោក អឹុម​ សួស្តី ប្រធាន​គ.ជ.ប មិន​បាន​ប្រាប់​​លម្អិត​ទេ​គ្រាន់​តែ​ថា មេ​ដឹក​នាំ​ទាំង​ពីរ​ចង់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការឬ​ធ្វើ​មហា​បាតុកម្ម វា​ជា​សិទិ្ធ​របស់​លោកទាងពីរ​ទេ​។
នៅ​សួន​សេរីភាព​មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ។ អ្នក​ទាំង​នោះ​បាន​​បង្ហាញ​ពី​​ឆន្ទៈ​ចង់​ធ្វើ​មហា​បាតុ​កម្មខ្លាំង​​ណាស់ ដោយ​​ថ្កោល​​ទោស និង​ចោទ​ គ.ជ.ប ​ថា លួច​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​។ នៅ​ពេល​​លោក សម រង្ស៊ី និង​លោក កឹម សុខា សួរ​ថា​តើ​គេ​ចូល​រួម​មហា​បាតុកម្មដែរ​ឬ​ទេ? គេ​លើក​ដៃ និង​ស្រែក​ថា គេ​នឹង​ចូល​រួម​ធ្វើ​មហា​បាតុកម្មដើ​ម្បី​រក​យុតិ្ត​ធម៌​ដែល​ពួកគេ​កំពុង​រង់​ចាំ​ ហើយអ្នក​ខ្លះ​បាន​ស្រែក​ថា​ ពួក​គេ​នឹង​ចូល​រួម​ធ្វើ​មហា​បាតុ​កម្ម​ដើម្បី​​ស្វែង​រក​យុត្តិធម៌​ដែល​ពួក​គេ​កំពុង​រង់​ចាំ​។
អ្នក​ស្រី ឡេង យីម អាយុ​៥៩​ឆ្នាំ ​ដែល​បាន​ឡើង​ទៅ​​លើ​ឆាក​​ជា​មួយ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា បាន​ប្រាប់​ទៅ​អ្នក​ចូលរួ​ម​ទាំង​អស់​ថា​៖​ «​​ខ្ញុំ​ជា​ស្រ្តី​ម្នាក់​ ខ្ញុំ​សូម​ចូល​រួម​​ធ្វើ​មហា​បាតុ​កម្ម​។ គ.ជ.ប គឺ​ជា​អ្នក​បង្ក​បញ្ហា​។ ​ពេល​នេះ​ គ.ជ.ប​ ធ្វើ​ឲ្យ​ខ្ញុំ​​ចង់​ធ្វើ​បាតុ​កម្ម​» ។ គាត់​អះ​អាងថា ៖ «​ប្រសិន​បើ​​ខ្ញុំ​ចូល​រួម​បាតុ​កម្ម​ ហើយ​អ្នក​បាញ់​ខ្ញុំ​ស្លាប់​ អ្នក​ក៏​មិនមាន​ផ្លូវ​ដើរ​ដែរ​»។
ហឿន ប៊ុន​ធឿន ជាអ្នក​គាំ​ទ្រ​ម្នាក់​ទៀត​បាន​បន្ទរ​ថា​៖ «​ខ្ញុំ​ជា​អ្នក​បោះឆ្នោត​​ម្នាក់​ ខ្ញុំ​បាន​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ខ្ញុំ​ត្រូវ​ការ​នាយក​រដ្ឋ​មន្រ្តី​ល្អ​»។
ចំណែក​ឈ្មោះរិន​ ចាន់​រិទ្ធិ បាន​​ថ្លែង​ថា​៖ «​ជា​យុវជន​ម្នាក់​ ​ខ្ញុំ​នឹង​ចូល​រួម​​ធ្វើ​បាតុ​កម្ម​​ដើម្បី​ស្វែង​រក​យុត្តិធម៌​​សម្រាប់​ប្រជា​ជន​ខ្មែរ​»​។
ប៉ុន្តែ​ អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន លោក ខៀវ កាញា​រីទ្ធ ​បានថ្លែង​​ព្រ​មាន​ថា ​រដ្ឋា​ភិបាល​នឹង​មិន​អនុញ្ញាត​​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុ​កម្ម​​តាម​ដែល​ពួក​គេ​ចង់​ទេ​ ​ដោយ​លោក​​បាន​អះ​អា​ង​ថា លោក សម រង្ស៊ី និង ​លោក កឹម សុខា​ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​​សកម្ម​ភាព​របស់​ពួក​គេ។
លោក ខៀវ កាញា​រីទ្ធ ថ្លែង​បន្ត​ថា ​៖ «​មិន​អី​ទេ ទុក​ឲ្យ​គាត់​សាក​មើល​​ទៅ!​គាត់​ចង់​​ធ្វើ​បាតុ​កម្ម​​ដើម្បី​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​វា​​ស្រេច​តែគាត់​ ប៉ុន្តែ​ រដ្ឋា​ភិ​បាល​ក៏​កំណត់​ទៅ​តាម​[​សកម្ម​ភាព​នោះ​]»។
លោក​បន្ថែមថា​ លោក សម រង្ស៊ី ​និង​​លោក កឹម សុខា​ ដែល​​បង្ក​ភាព​​វឹក​វ​រឲ្យ​មាន​​ការ​ធ្វើ​មហា​បាតុ​កម្ម​​​ បណ្តាល​ឲ្យ​មាន​ចលា​ ចល​នៅ​ក្នុង​ប្រទេស​ ពួក​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​នៅ​ចំពោះ​មុខ​ច្បាប់​។ អ្នក​នាំពាក្យ​រូប​​នេះបាន​អះ​អាង​​ដែរថា​ ​កញ្ចប់​សុវត្ថិភាព​​ត្រូវ​បាន​បើក​​ ដូច្នេះ​ លទ្ធ​ផល​នឹង​ត្រូវ​បាន​ឃើញ​ច្បាស់​​ ហេតុ​ដូច្នេះ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ដែល​បាន​​ឈ្នះ​ឆ្នោត​ ​មិន​អាច​ធ្វើ​តាម​តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​នោះទេ៕

No comments:

Post a Comment

yes