សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 4, 2013

ករណីយ៉ោមបុប្ផាមិន​ត្រូវ​បំភ្លេច​ទាមទារ​ឲ្យ​ដោះលែង​ទេ

6-story-1
អ្នកស្រី យ៉ោម បុប្ផា​ សកម្ម​ជន​នៃសហគមន៍​បឹងកក់​​
 លោក​យាយ ទឹម សាកមុនី អាយុ ៦៦ ឆ្នាំ សកម្មជន​បុរី​កីឡា បាន​ជាប់​ឃុំ​ជាច្រើន​ខែ​ជាមួយ​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​សិទិ្ធ​ដី​ធ្លី បឹងកក់ ពេល​អ្នក​ទាំង​ពីរ​ជាប់​នៅ​ពន្ធនាគារ ព្រៃស​ជាមួយ​គ្នា​ពី​ឆ្នាំ​មុន។
រហូត​ដល់​ថ្ងៃ​នេះ គាត់​មិន​ជឿ​ថា ស្ត្រី​ជា​ម្តាយ​វ័យ ៣០ រូប​នេះ​ទៅ​បញ្ជា​ឲ្យ​វាយ​ប្រហារ​ដោយ​ប្រើ​ពូថៅ និង ទួណឺវិស​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​នោះ​ឡើយ។
យាយ សាក់មុនី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​មិន​ជឿ​ថា យ៉ោម បុប្ផា ធ្វើ​ដូច្នេះ​ទេ​។ ខ្ញុំ​ស្គាល់​គាត់​ជា​ស្រ្តី​ចិត្ត​ល្អ​ម្នាក់​។ យើង​ក្លាយ​ជា​មិត្ត​ពេល​ជាប់​គុក ៤ ខែ​ជាមួយ​គ្នា។ គាត់​សុំ​បង់​ប្រាក់​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​បាន​កន្លែង​ដេក​ល្អ តែ​ខ្ញុំ​មិន​ព្រម​ព្រោះ​កុំ​ឲ្យ​អស់​ប្រាក់»។
ថ្ងៃ​នេះ​គម្រប់​ខួប ១ ឆ្នាំ ដែល​អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​នគរបាល​ស្លៀក​ស៊ីវិល ចាប់​ខ្លួន​នៅ​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចោទ​ប្រកាន់​និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ពី​បទ​ជា​មេខ្លោង​នៃ​ការ​វាយ​ប្រហារ​នោះ។

លោក លួស សាខន អាយុ ៥៧ ឆ្នាំ ប្តី​អ្នក​ស្រី បុប្ផា ក៏​ត្រូវ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​នៅ​ថ្ងៃ​នោះ​ដែរ ប៉ុន្តែ គាត់​មាន​សេរីភាព​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ខណៈ​ដែល​ប្រពន្ធ​គាត់​ត្រូវ​នាំ​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។
កាល​ពី​ម្សិលមិញ​លោក​ប្រាប់​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​តើ​ហេតុ​អ្វី​គេ​បាន​សម្រេច​ឃុំ​ស្រ្តី ហើយ​ដោះលែង​បុរស​។ ខ្ញុំ​នៅ​តែ​ឆ្ងល់​អំពី​ចំណុច​នេះ»។ លោក សាខន បាន​សង្ស័យ​ពី​ដំបូង​ថា ប្រពន្ធ​គាត់​និង​យាយ សាក់មុនី គឺ​ជា​គោល​ដៅ​ចាប់​ខ្លួន ដោយ​សារ​តែ​ភាព​សកម្ម​របស់​ពួកគេ។
អ្នក​ស្រី បុប្ផា ត្រូវ​គេ​ស្គាល់​កាន់​តែ​ច្រើន​ក្នុង​ជម្លោះ​រ៉ាំរ៉ៃ​នៅ​បឹងកក់ នៅ​ពេល​គាត់​ដឹក​នាំ​បាតុកម្ម​ស្នើ​សុំ​ឲ្យ​ដោះលែង​ស្រ្តី ១៤ នាក់ និង​បុរស​ម្នាក់​ពី​ពន្ធនាគារ​កាល​ពី​ខែ មិថុនា ឆ្នាំ​មុន។
លោក សាខន និយាយ​ដែរ​ថា ពេល​មេ​ដឹក​នាំ​បាតុកម្ម​ជាប់​ឃុំ​នៅ ព្រៃ​ស បុប្ផា បាន​បន្ត​រិះគន់​ការ​អត្ថាធិប្បាយ​របស់​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស ដោយ​ចោទ​ថា ៦ នាក់​នៃ ១៥ នាក់​មិន​មែន​មក​ពី បឹងកក់​ទេ។ លោក​ថា៖ «អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ចង្អុល​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ក្នុង​អំឡុង​បាតុកម្ម​ឈ្មោះ​គាត់​មាន​នៅ​ក្នុង​បញ្ជី​ខ្មៅ ហើយ​អ្នក​នឹង​ត្រូវ​ជាប់​គុក»។
អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​ផ្តន្ទាទោស​ឃុំ​ខ្លួន​បី​ឆ្នាំ នៅ​ចុង​ខែ ធ្នូ ពេល​ចៅក្រម​នៅ​សាលា​ដំបូង​ភ្នំពេញ សម្រេច​ថា គាត់​បាន​បញ្ជា​ប្អូន​ប្រុស យ៉ោម កន្លង់ និង យ៉ោម សិត ឲ្យ​វា​យទៅ​លើ​លោក ង៉ែត ជិត និង​បង​ប្អូន​ជីដូន​មួយ​ឈ្មោះ វ៉ាត់ ថៃសេង។
មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស កម្ពុជា​ចេញ​សេចក្តី​ថ្លែង​ការណ៍ កាល​ពី​ម្សិលមិញ​ថា៖ «រឿង​ក្តី​ប្រឆាំង​នឹង​អ្នក​ស្រី យ៉ោម បុប្ផា គឺ​ផ្អែក​លើ​ការ​សន្មត​ថា ប្អូន​ប្រុស​គាត់​បាន​វាយ​ប្រហារ ប៉ុន្តែ​ប្អូន​ប្រុស​គាត់​ពុំ​មាន​វត្តមាន​ការពារ​ខ្លួន​នៅ​តុលាការ​ឡើយ»។
សក្ខីកម្ម​ក្នុង​សំណុំ​រឿង​អ្នក​ស្រី បុប្ផា រួម​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ដែល​សារភាព​ថា ពួក​គេ​បាន​ផឹក​ស្រា​មុន​មាន​ការ​វាយ​ប្រហារ​នោះ​និង​មាន​សាក្សី​ដែល​ក្រុម​ អង្គការ​សិទ្ធិ​មនុស្ស​ចោទ​ថា ជា​សាក្សី​រៀបចំ​ឡើង។
សេចក្តី​ថ្លែង​ការណ៍​ពី​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចេញ​ផ្សាយ​កាល ​ពី​ម្សិលមិញ​ថា៖ «គ្មាន​ចំណុច​ដែល​ព្រះ​រាជអាជ្ញា​បាន​បង្ហាញ​ភ័ស្តុតាង​ដែល​អាច​ជឿ​បាន ឬ​សាក្សី​ដែល​បង្ហាញ​ថា អ្នក​ស្រី បុប្ផា ប្រព្រឹត្ត​ឬ​រៀបចំ​ផែនការ​វាយ​ប្រហារ​ហិង្សា​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ ប្រហារ​នៅ​ក្នុង​ហាង​ផឹក​ស៊ី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ជិត​ខាង​ម្នាក់​បាន​គាំទ្រ​ទៅ​លើ​សក្ខីកម្ម​ស៊ី​គ្នា​របស់ អ្នក​ស្រី បុប្ផា និង​ប្តី​គាត់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ពួក​គេ​ល្ងាច​នោះ»។
ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​របស់​អ្នក​ស្រី បុប្ផា កាល​ពី​ខែ មិថុនា អ្នក​រត់​ម៉ូតូ​ឌុប​ទាំង​ពីរ​នាក់​ឆ្លើយ​ផ្ទុយ​គ្នា​ប្រាប់​តុលាការ​អំពី​ថា តើ​បង​ប្អូន​ប្រុស​របស់​អ្នក​ស្រី បុប្ផា មួយ​ណា​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ពួក​គេ។
តែ​ទោះ​ជា​យ៉ាង​ណា​ចៅក្រម បាន​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​បន្ថយ​ទោស​លើ​អ្នក​ស្រី យ៉ោម បុប្ផា មក​ត្រឹម​ពីរ​ឆ្នាំ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​សុំ​ឲ្យ​ដោះលែង​សកម្មជន​រូប​នេះ។
លោក​ស្រី Isabelle Arradon អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ថ្លែង​ថា៖ «អ្នក​ស្រី យ៉ោម បុប្ផា មិន​ត្រូវ​គេ​បំភ្លេច​ទេ ក្នុង​អំឡុង​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន»។
«ករណី​របស់​គាត់​និង​សហគមន៍ បឹងកក់ គឺ​តំណាង​ឲ្យ​បញ្ហា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ មិន​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា ការ​អភិវឌ្ឍ​មិន​ស្មើ​ភាព ជម្លោះ​ដីធ្លី ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ទាំង​បង្ខំ និង​ប្រព័ន្ធ​យុត្តិធម៌​ដែល​មិន​អាច​ការពារ​សិទ្ធិ​ជន​ក្រីក្រ និង​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ»៕ 


ប្រភពពី ភ្នំពេញប៉ុស្តិ័

No comments:

Post a Comment

yes