សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

អាជ្ញាធរ​ផ្ទុះ​អាវុធ​ក្នុង​ការ​រុះរើ​លំនៅដ្ឋាន​លើ​ដី​ជម្លោះ

130307_05
លំនៅ​ដ្ឋាន​ពលរដ្ឋ​នៅ​ក្រុង​ខេម​រភូមិន្ទ ​ត្រូវ​អាជ្ញាធរខេត្ត​កោះ​កុង​រុះ​រើ​កម្ទេច​​​ 
កាល​ពី​ម្សិល​មិញ
ភ្នំពេញៈ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​ផ្ទុះ​អាវុធ​នៅ​ក្នុង​ប្រតិបត្តិការ​បន្ត​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង​បន្ថែម​ទៀត នៅ​ភូមិ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ កាល​ពី​ម្សិលមិញ ។
ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹងថា កម្លាំង​ចម្រុះ​ប្រមាណ​ជិត​៥០​នាក់ ដែល​ចុះ​ប្រតិបត្តិការ​បន្ត​រុះរើ​ផ្ទះ​ពលរដ្ឋ ម្សិលមិញ​បាន​បាញ់​គំរាម ធ្វើ​ឲ្យ​អ្នក​ភូមិ​ភិតភ័យ​រត់​ចែក​ជើង​គ្នា​ខណៈ​ផ្ទះ​ជាង​៤០​ខ្នង​ត្រូវ​រុះរើ​បំផ្លាញ​ខ្ទេច​ពីថ្ងៃ​អង្គារ និង​បាន​ឃាត់​អ្នក​ភូមិ​ម្នាក់​ឲ្យ​ធ្វើ​កិច្ច​សន្យា​ផង មុន​នឹង​ដោះ​លែង​វិញ។
អ្នក​ស្រី អ៊ុក ណេង ជា​អ្នក​ភូមិ​ម្នាក់​ប្រាប់​ថា អ្នក​ភូមិ​ជាង​៧០ នាក់ បាន​ផ្តុំ​គ្នា​ខ្លះ​កាន់​បដា​ពាក្យ​ស្លោក​និង​រូបថត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង បាន​រារាំង​មិន​ឲ្យ​កម្លាំង​ចម្រុះ​ចូល​ទៅ​រុះរើ​ផ្ទះ​ពួក​គាត់ ប៉ុន្តែ នៅ​ម៉ោង​ប្រហែល​១០​ព្រឹក អ្នក​ភូមិ​មិន​អាច​ទប់ស្កាត់​កង​កម្លាំង​ទាំង​នោះ​បាន​ទេ ព្រោះតែ​គេ​គំរាម​ថា៖«បើ​អ្នក​ណា​ហ៊ាន​ចូល​មក​រារាំង គេ​នឹង​បាញ់! ពេលនោះ​ខ្ញុំ​ឮ​សំឡេង​គ្រាប់​កាំភ្លើង​ពីរ​គ្រាប់ ក៏​ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​ឈរ​ផ្តុំ​គ្នា​រត់​ចែក​ជើង​គ្នា ទាំង​ខ្ញុំ​ទាំង​គេ ប៉ុន្តែ​គ្រាប់​កាំភ្លើង​មិន​បាន​បាញ់​ត្រូវ​នរណា​ម្នាក់​នោះ​ទេ»។

អ្នក​ស្រី សំ សេរី អ្នក​ភូមិ​ម្នាក់​ទៀត​អះអាង​ថា គាត់​រស់នៅ​លើ​ដី​នេះ​ជាង​៥ឆ្នាំ​ហើយ មាន​លិខិត​ស្នាម​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ជាមួយ​អ្នក​ភូមិ​ប្រមាណ​៤០​គ្រួសារ​ទៀត ប៉ុន្តែ រដ្ឋបាល​ព្រៃឈើ​ចោទ​ថា ពួក​គាត់​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ធ្វើ​ឲ្យ​កើត​ការ​ប្តឹង​ប្តល់​គ្នា​ទៅ​តុលាការ​រហូត​តុលាការ​ចេញ​ដីកា​សម្រេច​បណ្តោះ​អាសន្ន​ជាប់គាំង​ដល់​សព្វ​ថ្ងៃ។ អ្នក​ស្រី បន្ត​ថា នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ​ឆ្នាំ​នេះ អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​បាន​ស្កាត់​ទៅ​ជួប និង​ប្រគល់​លិខិត​ជូន លោក ហ៊ុន ម៉ាណែត ពេល​លោក​ចុះ​សាកសួរ​សុខទុក្ខ និង​សម្ពោធ​សមិទ្ធផល​ក្នុង​ខេត្ត​កោះកុង​សុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​លោក​ក៏​បាន​សន្យា​ថា កុំ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ គ្មាន​ការ​រុះរើ​ផ្ទះ​អី​នោះ​ទេ។
លោក ធូ វិបុល អភិបាល​ក្រុង ខេមរភូមិន្ទ​ថ្លែង​ថា លោក​បញ្ជូន​កម្លាំង​ប៉ូលិស ប៉េអឹម តាម​សំណើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​ពី​ក្រុម​អ្នក​ភូមិ។ លោក​ថា វា​មិនមែន​ជា​ផ្ទះ​ទេ​គឺ​គ្រាន់​តែ​ជា​ខ្ទម​ទើប​សង់​ថ្មី ក្រោយ​ពី​ការ​សន្យា​របស់​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ លោក​បន្ត​ថា អ្នក​ភូមិ​ជាប់​ដីកា​សម្រេច​បណ្តោះ​អាសន្ន​របស់​តុលាការ ពួក​គាត់​ពុំ​មាន​បញ្ហា​ទេ«ប៉ុន្តែ មាន​អ្នក​ភូមិ​ចំណូល​ថ្មី មាន​អ្នក​បំផុស​បំផុល​នៅ​ពី​ក្រោយ ចូលមក​បង្ក​ចលាចល​ចាប់​យក​ដី​ព្រៃ​រដ្ឋបាល​ព្រៃឈើ»។ លោក​ក៏​បដិសេធ​ថា គ្មាន​ការ​បាញ់​គំរាម​ពលរដ្ឋ​ទេ។
លោក ឱម មាក់ការី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដង​ទង់​បាន​ឲ្យ​ដឹង​ដែរ​ថា ដោយ​អ្នក​ភូមិ​មាន​កាំបិត ដំបង ហើយ​រារាំង​និង​វាយ​មក​លើ​កម្លាំង​ចម្រុះ សមត្ថកិច្ច ក៏​បាន​បាញ់​ការពារ​ខ្លួន។ លោក​ថា៖«វា​គ្រាន់​តែ​ជា​ការ​បាញ់​ឡើង​លើ​ទេ។ យើង​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​មេ​ខ្យល់ ដែល​ញុះញង់​ឲ្យ​ពលរដ្ឋ​ទិញ​លក់​ដី​រដ្ឋ ខណៈ​យើង​កំពុង​ពន្យល់​អ្នក​ភូមិ​ឲ្យ​យល់ ហើយ​ធ្វើ​ការ​រុះរើ​ខ្ទម​នោះ​ដោយ​ខ្លួន​ឯង ចេញ​ពី​ដី​របស់​រដ្ឋ»។
លោក អ៊ិន គង់​ជិត មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ទំនាស់​ដី​មាន ៣៦​ហិកតា រដ្ឋបាល​ព្រៃឈើ​កំពុង​ដាំ​ដើម​អាកាស្យា តែ​ពលរដ្ឋ​ថា គ្មាន​ផ្ទះ​សម្បែង​និង​ដី​ធ្លី​បាន​ចូល​ទៅ​សង់ផ្ទះ ក្រោយ​ពី​បាន​ដាក់​លិខិត​ជូន​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២៥ កុម្ភៈ។
ប៉ុន្តែ​លោក ឱម មាក់ការី តប​ថា បើ​ពួក​គាត់​អត់​ដី​នៅ គាត់​អាច​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ស្នើ​បន្ត​មក​ខេត្ត​ឲ្យ​រក​ដី​សម្បទាន​សង្គមកិច្ច​ណា​មួយ​ជូន​ពួក​គាត់ មិន​ត្រូវ​ដើរ​ទន្ទ្រាន​កាន់​កាប់​ដី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​នោះ​ទេ៕

No comments:

Post a Comment

yes