សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 13, 2013

លោកសមរង្ស៊ីប្រកាស​សុំ​យោបល់និង​អនុសាសន៍​ពី​អ្នកគាំទ្រសម្រាប់​ទូល​ព្រះមហាក្សត្រ​​

សម រង្ស៊ី កាលពីកន្លងទៅ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​នៅ​លើ​ហ្វេ​សប៊ុក​របស់លោក ដោយ​សុំ​ជា​អនុសាសន៍ និង​យោបល់​ប្រជាពលរដ្ឋ ក្នុង​ការ​ពិចារ​ណា សម្រាប់​ការចរចា​នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​លោក សម រង្ស៊ី សរសេរថា នៅ​ថ្ងៃ​សៅរ៍​ទី​១៤ ខែ​កញ្ញា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប មាន​ទាំង​រូប​លោក​ផសង នឹង​ចូលគាល់​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​៣​រូប នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​សម រង្ស៊ី បន្ត​សរសេរថា សូម​បងប្អូន​កូនក្មួយ មេត្តា​ជួយ​ផ្តល់​ជា​យោបល់ ឬ​អនុសាសន៍ ឲ្យ​ខ្ញុំ​អាច​យកមក​ពិចារណា ឲ្យបាន​មុន​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​។​
​លោក សម រង្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​គណបក្ស រួមមាន អនុប្រធាន កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​(​ភរិយា​របស់​លោក សម រង្ស៊ី​) នឹង​ទៅ​ចូលរួម​ប្រជុំ ថៃ្ង​ទី​១៤ កញ្ញា ២០១៣ នៅ​ព្រះបរមរាជវាំង​។​

​លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាសថា លោក​នឹង​ចូលរួម​ការចរចា ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ទូល​ព្រះមហាក្សត្រ​ពី​ការទាមទារ​របស់​ប្រជារាស្ត្រ និង​ដំណោះស្រាយ​នៃ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​។​លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖«​យើង​នឹង​ទូល​ព្រះអង្គ​ថា​យើង​អត់​សុខចិត្ត​ទេ ដរាបណា​អត់​មាន​ដំណោះស្រាយ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត មិនចាំបាច់​ជជែក​រឿង​អី​ផ្សេងទៀត​ទេ អត់​ចង់​ដឹង​ទេ អ្វី​ដែល​សំខាន់​គឺ​គោរព​ឆន្ទៈ​ប្រជារាស្ត្រ​»​។​
​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើ​មិន​មាន​គណៈកម្មការ​ចម្រុះ​ទេ ការចរចា​រឿង​បែងចែក​អំណាច មិន​អាច​មាន​ទេ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​បញ្ហា​នេះ​ទៅ​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បន្តថា មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ នៅតែមាន បើទោះជា​មាន​ព្រះរាជសារ​របស់​ព្រះអង្គ​ក៏​ដោយ​។​
​ព្រះ​ហា​ក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី ចូល​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មុន​ការ​ចូល​ប្រជុំ​សភា​ដំបូង​។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បង្ហាញថា សូម​អញ្ជើញ លោក ហ៊ុន សែន និង​សហការី​ចំនួន​ពីរ​រូប​ទៀត និង​លោក សម រង្ស៊ី ព្រមទាំង​សហការី​ពីរ​រូប​ទៀត ចូលរួម​ប្រជុំ ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ក្រោម​អធិបតីភាព​របស់​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ភ្លាមៗ នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ដឹកនាំ​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ ដើម្បី​ចរចា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨ ភាគ រយ នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ជា​បន្តបន្ទាប់​៕


ប្រភពពី VOD

No comments:

Post a Comment

yes