សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 29, 2013

វិភាគ៖កុំ​ហៅ​រដ្ឋសភា​នីតិកាល​ទី​ប្រាំ​ថា​មិន​គ្រប់​ទឹកតែ​ជា​កូន​«ក្រៅ​ខោ»

រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣

រដ្ឋសភាកម្ពុជា ដែលជាប្រកាន់យកតាមរបបប្រជាធិបតេយ្យសេរី ត្រូវតែជារដ្ឋសភាពហុបក្ស និងតំណាងឲ្យជាតិទាំងមូល ដែលមានតំណាងរាស្ត្រ​យ៉ាងតិច១២០នាក់។ មួយវិញទៀត ដើម្បីក្លាយជានាយករដ្ឋមន្ត្រី រដ្ឋសភាត្រូវជ្រើសរើស​តំណាង​រាស្រ្តណាម្នាក់ មកពីគណបក្សដែលមានសម្លេងច្រើនក្នុងរដ្ឋសភា ដើម្បីស្នើសុំសេចក្តីទុកចិត្ត ពីសមាជិករដ្ឋសភាទាំងមូល (ដែលមានតំណាងរាស្ត្រយ៉ាងតិច១២០រូប)។ តែមិនដូច្នេះទេ ព្រោះ«នាយករដ្ឋមន្រ្តីហ៊ុន សែន» ត្រូវ​បាន​តែងតាំងជា​«មុន»​រួចស្រេចដោយព្រះមហាក្សត្រ មុននឹងបញ្ជូនទៅឲ្យរដ្ឋសភាទទួលយល់ព្រម និងថែមទាំងបោះឆ្នោត​គាំទ្រដោយ«លើកដៃ»​ទៅទៀត។ ក្រុមប្រឆាំងបានបរិហារថា សកម្មភាពនេះបានធ្វើឲ្យប្រទេសកម្ពុជា កំពុងដើរឈានទៅប្រកាន់​យករបប​«ផ្តាច់ការ»។ តើជាការត្រឹមត្រូវឬទេ?

រាជធានីភ្នំពេញ  -  រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិមួយ ដែលមានអត្ថន័យស្មើនឹងការប្រព្រឹត្តិទៅនៃរដ្ឋមួយ ដែល​«គ្រប់ពលរដ្ឋ»នៃរដ្ឋនោះ​បាននាំគ្នាបង្កើតឡើង ដើម្បីត្រូវបានគោរពអនុវត្តន៍តាម មិនត្រឹមតែគ្រប់ពាក្យ គ្រប់តួអក្សរដែល​មានចែងនោះទេ តែ​ខ្លឹមសារជាគតិច្បាប់របស់វា ក៏គ្មាននរណាម្នាក់អាចរំលង ឬយកទៅបកស្រាយស្រេច​តែនឹងចិត្តនោះ​ដែរ។ បើប្រៀបធៀប​ទៅនឹងគ្រួសារមួយ នៃប្ដីប្រពន្ធមួយគូរ (រដ្ឋមួយ) រដ្ឋធម្មនុញ្ញមានន័យស្មើរ នឹងការកំណត់យកការ​ព្រមព្រៀងណាមួយ ដើម្បីឲ្យគូរស្វាមីភរិយានេះ រស់នៅជាមួយគ្នាដោយសុខសប្បាយបានជារៀងរហូតទៅ ជាពិសេសនៅ​ពេលពួកគេ ចង់​បាន​បុត្រតកូនពូនជាចៅនោះទៀត។

ខាងក្រោមនេះ ជាមាត្រាពាក់ព័ន្ធមួយចំនួន នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានប្រើ ដើម្បីឈានទៅដល់​ការបង្កើត​និតិកាល​ថ្មីនៃរដ្ឋសភា និង​និតិវិធីដើម្បីឈានទៅបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ៖
ករណីកោះប្រជុំដោយព្រះមហាក្សត្រ
មាត្រា៧៦ ក្នុងជំពូក៧ស្ដីអំពីរដ្ឋសភា នៃរដ្ឋធម្មនុញ្ញបានចែងថា «រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច១២០រូប»។ តាមការបកស្រាយដោយ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ រដ្ឋសភាមានសុពលភាព និងនីតិកាល​អាចកើតឡើងបានលុះត្រាតែមានសមាជិក ១២០រូបយ៉ាងតិច ក្នុងការផ្តល់នូវសុពលភាព សម្រាប់​ការបង្កើតរដ្ឋសភា​នីតិកាលថ្មី។ ក្នុងករណីនេះ ទោះបីគណបក្សប្រជាជនកម្ពុជា និយាយថា ខ្លួនបើកឲ្យមានការចូលរួមពីក្រុមតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគ្រប់ជារដ្ឋសភាទាំងមូលក៏ដោយ តែការព្យាយាមបើកនិតិកាលថ្មី ដោយគ្មានការ​យល់ព្រមពីតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាស្ថាប័នរដ្ឋសភានេះ ស្ថិតក្រោមការចាត់ចែង​ផ្ដាច់មុខ​ពី​គណបក្សប្រជាជនកម្ពុជាតែឯង។
នេះជាឧទាហរណ៍សមញ្ញ មកពន្យល់៖ ពីរនាក់ស្រីប្រុស សន្យាជាមួយគ្នាថានឹងលេងអុកមួយក្ដាឡើង។ តែស្រីបានចោទ​ប្រុសថា លេង«ខូច»មិនទាន់ចង់លេងជាមួយក្នុងពេលនេះទេ ហើយសុំឲ្យមានការកែចរិកឬកពារជាមុនសិន។ តែប្រុស​នោះនៅតែជំនះ បង្ខំដាក់កូនអុកទៅលើក្ដា ហើយលេងម្នាក់ឯង។ បែបនេះ មិនមែនការលេងអុកឡើយ ព្រោះវាខុស​ពី​គោលការណ៍ល្បែង។ ផ្ទុយទៅវិញ បើគេមើលពីក្រៅ ឃើញបុរសលេង«អុក»តែម្នាក់ឯង អ្នកផងស្មានថា​បុរសនោះមាន​សតិមិនល្អទៀតផង។
តាមមាត្រា ៨២ថ្មី ក្នុងជំពូក៧ដដែល បានចែងថារដ្ឋសភា បើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរក្រោយ«ពេល»បោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ តើឲ្យទ្រង់កោះប្រជុំយ៉ាងដូចម្ដេច បើមាត្រាទី៧៦ នៅមិនទាន់ត្រូវបានគោរព ឲ្យ​ពេញលេញផងនោះ? កុំភ្លេចថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ដូច្នេះព្រះមហាក្សត្រ ជា«ស្ដេចផែនដី»ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។ រាជា​និយមអាស្រ័យរដ្ឋធម្មនុញ្ញ មានន័យថា ព្រះមហាក្សត្រមិនអាចធំជាងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្របានទេ។ រាល់ការ​ប្រតិបត្តិរបស់ព្រះមហាក្សត្រ ឬកោះប្រជុំណាក៏ដោយ ទ្រង់ត្រូវទតឈ្វេងយល់ពីធម្មនុញ្ញភាពនៃគ្រប់មាត្រា និងគ្រប់​ពាក្យ​ពេជ្រដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ។
នេះជាឧទាហរណ៍សមញ្ញ មកពន្យល់៖ ពីរនាក់ស្រីប្រុស មិនទាន់ត្រូវគ្នាផង ស្រាប់តែមាន«មេឃុំ»មកបង្ខំ ឲ្យយកគ្នា​ជាប្ដី​ប្រពន្ធ ចូលរោងរៀបអាពាហ៍ពិពាហ៍។ តើការបង្ខំដោយអាងខ្លួនជា«មេឃុំ» អាចធ្វើទៅរួចទេ បើមនុស្សស្រីប្រុសនេះ​បាន​យល់ និងចង់គូសវៀសវាសនាឲ្យមានភាពភ្លឺស្វាងឡើង សម្រាប់អនាគតនៃគ្រួសារខ្លួនទៅថ្ងៃមុខ? តែបើការបង្ខំនៅតែមាន នោះនឹងអាចមានព្រឹត្តិការណ៍ ភាគីម្ខាងឡើងចងក សម្លាប់ខ្លួន។ តើមេឃុំនេះ ចង់អញ្ចឹងឬ?
ដំណើរប្រព្រឹត្តិទៅនៃរដ្ឋសភា និងការបង្កើតរដ្ឋាភិបាល
មាត្រា ៨២ថ្មីដដែល បានចែងក្នុងវាក្យខ័ណបន្តបន្ទាប់ថា «មុន​ចាប់​ផ្ដើម​​ការងារ​​របស់​ខ្លួន​ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​ នូវ​ប្រធាន​​ អនុប្រធាន​រដ្ឋសភា​ និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។»
ដូច្នេះពាក្យថា «​រដ្ឋសភា​ទាំងមូល» មានន័យស្មើនឹងជាតិខ្មែរទាំងមូល មិនមែនជារដ្ឋសភា«មួយចំហៀងស្រុក»ទេ។ ម្យ៉ាង​ទៀត នៅក្នុងដំណើរការនេះ រាល់ការ​អនុម័ត្រណាក៏ដោយ ដោយមតិភាគច្រើន គេត្រូវគិតទាំងសម្លេងប្រឆាំង និងសម្លេង​ស្រប ពីគ្រប់ភាគីទាំងអស់ ដើម្បីឆ្លុះ​បញ្ចាំង​ពីរដ្ឋសភា«ប្រជាធិបតេយ្យពហុបក្ស»។ តែដំណើរការដែលបានធ្វើឡើង​តែពី​សំណាក់តំណាងរាស្ត្រ ៦៨រូបកន្លង​មកនេះ មិនបានឆ្លុះបញ្ចាំងពីរដ្ឋសភានៃជាតិទាំងមូល ហើយថែមទាំងខុសពីគតិច្បាប់​នៃស់មាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញនោះ​ទៀត។
នៅក្នុង មាត្រា១១៩ថ្មី បានចែងច្បាស់ទៀតថា «តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃ​រដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើត​រាជ​រដ្ឋាភិបាល។ » ដូច្នេះ ការតែងតាំងរបស់ព្រះមហាក្សត្រ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ខែកញ្ញា មុនការ​ជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា ដែលទើបនឹងត្រូវបានធ្វើ នៅថ្ងៃទី២៤ខែកញ្ញានោះ មិនមែនអនុវត្តន៍តាមមាត្រា ១១៩នេះទេ។ តែជាការប្រតិបត្តិតាមមាត្រា ៤នៃ ច្បាប់ធម្មនុញ្ញបន្ថែម ដែលអនុញ្ញតឲ្យមានការបោះឆ្នោតជា«កញ្ចប់» ក្នុង​រដ្ឋសភា។ វាក្យខ័ណមួយ នៃមាត្រា ៤ នេះ បានចែងថា «តាម​សេចក្ដី​ស្នើ​ពី​គណបក្ស​នយោបាយ​ ដែល​មាន​ចំនួន​អាសនៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​រដ្ឋសភា​ តាម​រយៈ​ព្រឹទ្ធសមាជិក​រដ្ឋសភា​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​ចំណោម​តំណាងរាស្ត្រ​ នៃ​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​ ឱ្យ​បង្កើត​រាជរដ្ឋាភិបាល»។
ក្រមុំកម្លោះមិនត្រូវគ្នា តែត្រូវបានបង្ខំឲ្យរៀបការដើម្បីបានកូន ?
រដ្ឋាភិបាលដែលបានបង្កើតឡើង នៅថ្ងៃទី២៤ ខែកញ្ញានេះទៀតសោធ ក៏ត្រូវបានប្រកាសឲ្យដឹងថា  ជាការអនុវត្តន៍តាម មាត្រា៣នៃច្បាប់ធម្មនុញ្ញបន្ថែមដែរ។ មាត្រានោះ បានចែងថា «ក្នុង​ករណី​ដែល​ឃើញ​ថា​នីតិវិធី​នៃ​មាត្រា​ ៨២​ និង​ ១១៩​ ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ មិន​អាច​សម្រេច​បាន​ រដ្ឋសភា​ តាម​សំណើ​របស់​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ នៅ​ក្នុង​រដ្ឋសភា​អាច​ដំណើរ​ការ​បោះឆ្នោត"​ជា​កញ្ចប់​" ដើម្បី​ជ្រើស​តាំង​ ប្រធាន​ អនុប្រធាន​រដ្ឋសភា​ ក៏​ដូចជា​ ប្រធាន​ និង​ អនុប្រធាន​គណៈកម្មការ​ ក្នុង​ពេល​ជាមួយ​គ្នា​ និង​ការ​ផ្ដល់​សេចក្ដី​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល»។ ដូច្នេះដំណើរការជ្រើសតាំងនោះ ជាការបោះឆ្នោតជា«កញ្ចប់» ដែលមានចែងនៅក្នុងច្បាប់ធម្មនុញ្ញបន្ថែមនោះ។
ប៉ុន្តែការកោះប្រជុំ​សភា របស់ព្រះមហាក្សត្រ ក្នុងមាត្រា ៨២ ដែលបានយកមកប្រើប្រាស់ដើម្បីបើកនិតិកាលថ្មីនេះ មាន​ន័យស្មើ នឹង«ភាពមិនចាំបាច់»នៃការឈានទៅប្រើប្រាស់មាត្រា៣ ឬមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមនោះទេ។ ម្យ៉ាងទៀត បើគេ​ងាក​ទៅមើលមាត្រា ៦ នៃច្បាប់ធម្មនុញ្ញបន្ថែមដដែល ដែលបានចែងថា «ការ​បោះឆ្នោត​ជា​កញ្ចប់​ខាង​លើ​នេះ​ ត្រូវ​យកតាម​មតិភាគច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល» ក៏មានន័យគ្រប់គ្រាន់ស្ដីពីពាក្យ«រដ្ឋសភាទាំងមូល»​នេះដែរ ព្រោះរដ្ឋសភាមួយចំហៀង មិនតំណាងឲ្យជាតិនៃតំណាងរាស្ត្រទាំង១២៣រូបទេ។
សរុបសេចក្តីមក ការបង្កើតនិតិកាលរដ្ឋសភាដំបូង និងបង្កើតរដ្ឋាភិបាល នៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស  ប្រៀបបានទៅនឹងគ្រូសារមួយមាន«ប្តី» និង«ប្រពន្ធ» ដែលថ្ងៃអនាគតចង់បាន«កូន»។ សំនួរសួរថា បើកម្លោះក្រមុំទាំងពីរ​នាក់នេះ មិនត្រូវគ្នាផង តើបំណងបង្ខំឲ្យរៀបការជាមួយគ្នានោះ អាចទៅរួចទេ? កុំថាឡើយ ដល់មានកូននោះ។ ដូច្នេះ កូនដែលបានបង្កើតចេញមកថ្ងៃនេះ វាចេញពីណាមក ? ឬជាកូន«ក្រៅខោ» ដែលកម្លោះ ឬក្រមុំនេះ យកមកប្រកាស​ធ្វើ​ជាកូន «ស្របច្បាប់»តែរៀងៗខ្លួន?

No comments:

Post a Comment

yes