សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 13, 2013

គ្រាប់​បែក​ច្នៃ​ត្រូវ​គេ​បង្កៃ​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​នៅ​ភ្នំពេញ

គ្រាប់​បែក​ច្នៃ ភ្នំពេញ ៦១០
គ្រាប់​បែក​ច្នៃ​ពី​គ្រាប់​កាំភ្លើង អិម ៧៩ (M79) ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​សួន​
ខាង​កើត​ស្ពាន​នាគ នៃ​រមណីយដ្ឋាន​វត្តភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៣

សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ ប្រទះ​ឃើញ​គ្រាប់​បែក​កែច្នៃ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បង្កៃ​ទុក​នៅ​តាម​សួន​ច្បារ​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា ក្នុង​រាជធានី​ភ្នំពេញ។ មន្ត្រី​ជំនាញ​អង្គការ​ដោះ​មីន​ស៊ីម៉ាក់ (CMAC) បាន​ចុះ​កម្ទេច និង​នាំ​យក​គ្រាប់​កែច្នៃ​ទាំង​នោះ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ស៊ើប​អង្កេត​រក​ជន​បង្ក​ហេតុ។

ករណី​នេះ មន្ត្រី​គណបក្ស​ប្រឆាំង ចាត់​ទុក​ជា​ការ​គំរាម​កំហែង​ដល់​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​សប្ដាហ៍​នេះ។
ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គ្រាប់​បែក​កែច្នៃ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​បង្កៃ​ទុក​នៅ​សួន​ច្បារ​មុខ​មន្ទីរ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន និង​នៅ​សួន​ច្បារ​​រូប​សំណាក​មហា​ត្មះគន្ធី ជាប់​ស្ពាន​នាគ​ជិត​ទីលាន​​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។
ប៉ូលិស​និយាយ​ថា គ្រាប់​បែក​កែច្នៃ​ទាំង​ពីរ​ទីតាំង ត្រូវ​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ពី ៧ ទៅ ៨​ព្រឹក ថ្ងៃ​សុក្រ ទី១៣ ខែ​កញ្ញា។

កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស​ប្រឆាំង​ភេរវកម្ម ប៉ូលិស​មូលដ្ឋាន និង​មន្ត្រី​ដោះ​មីន​អង្គការ​ស៊ីម៉ាក់ បាន​ចុះ​​​​ពិនិត្យ​ដល់​ទី​កើត​ហេតុ និង​​បាន​បិទ​ផ្លូវ​​​នៅ​ជុំវិញ​ទីតាំង​ទាំង​ពីរ។
គ្រាប់​បែក​ច្នៃ ភ្នំពេញ ៦១០
ក្រុម​ប៉ូលិស​កំពុង​ត្រួត​ពិនិត្យ​គ្រាប់​បែក​ច្នៃ​ពី​គ្រាប់​កាំភ្លើង អិម ៧៩ (M79) ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​សួន​ខាង​កើត​ស្ពាន​នាគ នៃ​រមណីយដ្ឋាន​វត្តភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៣។
ហេតុការណ៍​នេះ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​ស៊ីម៉ាក លោក ហេង រតនា ក៏​បាន​ចុះ​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ និង​បាន​សម្រេច​ឲ្យ​មន្ត្រី​ខ្លួន កម្ទេច​​គ្រាប់​កែច្នៃ​ដាក់​ក្នុង​ប៊ីដុង​ជ័រ នៅ​មុខ​មន្ទីរ​​រដ្ឋសភា​ចោល​នៅ​នឹង​កន្លែង ព្រោះ​​មិន​អាច​យក​ចេញ​បាន។ ចំណែក​គ្រាប់ អិម ៧៩ ឬ សេវិនធីណៃ (M79) ចំនួន ៣​គ្រាប់​ចង​ផ្អោប​គ្នា បង្កៃ​នៅ​សួន​ច្បារ​​​ស្ពាន​នាគ ត្រូវ​មន្ត្រី​ស៊ីម៉ាក់ នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​​​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​​បន្ត។
​សំឡេង​បំផ្ទុះ​គ្រាប់​បែក​កែច្នៃ​នៅ​មុខ​មន្ទីរ​រដ្ឋសភា បាន​បង្ក​ឲ្យ​មាន​សំឡេង​កង​រំពង និង​មាន​ផ្សែង​ខ្មួលខ្មាញ់ នាំ​ឲ្យ​​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្បែរ​តំបន់​នោះ​ភ្ញាក់ផ្អើល និង​ភ័យ​តក់ស្លុត។
ហេតុការណ៍​នេះ ឃើញ​មាន​មន្ត្រី​ដឹក​នាំ​ស្ថាប័ន​ប្រដាប់​អាវុធ​ពាក់ព័ន្ធ បាន​ចុះ​មក​ពិនិត្យ​ដល់​ទីកន្លែង​កើត​ហេតុ ក្នុង​នោះ​ក៏​មាន​វត្តមាន លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែរ។ ប៉ុន្តែ មន្ត្រី​ទាំង​នោះ​មិន​​​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​លើ​ករណី​ជន​មិន​ស្គាល់​មុខ​បង្កៃ​គ្រាប់​បែក​នេះ។
​​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ ដែល​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​កើត​ហេតុ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រទះ​ឃើញ​គ្រាប់ M79 ចំនួន ៣​គ្រាប់ ត្រូវ​ជន​ល្មើស​ចង​ផ្អោប​គ្នា​​ក្នុង​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ​មួយ ទុក​នៅ​ក្នុង​សួន​ផ្កា​ខាង​កើត​ស្ពាន​នាគ វេលា​ម៉ោង​ប្រមាណ ៨​ព្រឹក ថ្ងៃ​សុក្រ ទី១៣ ខែ​កញ្ញា។ លោក​ថា ការ​រក​ឃើញ​គ្រាប់​កែច្នៃ​នេះ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាយការណ៍​ដល់​សមត្ថកិច្ច។
លោក​​សន្និដ្ឋាន​ថា ករណី​បង្កៃ​គ្រាប់​កែច្នៃ​នេះ ទំនង​ជា​អាច​មាន​ជន​ណា​មួយ​មាន​​​បំណង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ក្រោយ​ការ​បោះ​ឆ្នោត៖«ចំនួន ៣​គ្រាប់ M79 នៅ​ទាំង​គូថ មួយ​កំប្លេ។ ប្រហែល​ជា​មាន​អ្នក​ណា​មួយ​មាន​បំណង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ហើយ។ គ្រាប់​នេះ​មាន​ទាំង​ខ្សែ​ភ្លើង​មក​ជាមួយ។ ដូច្នេះ ទុក​ឲ្យ​ជំនាញ ទុក​ឲ្យ​ស៊ីម៉ាក់ ជា​អ្នក​ពិនិត្យ​ចុះ»
លោក ហូរ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​ដល់​ទីតាំង​ដែល​ជន​​មិន​ស្គាល់​មុខ​បង្កៃ​គ្រាប់ នៅ​ជិត​ស្ពាន​នាគ ព្រឹក​ថ្ងៃ​ទី១៣ ខែ​កញ្ញា។ លោក​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ការ​គំរាម​កំហែង​ដល់​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា។
យ៉ាង​នេះ​ក្តី លោក​ថា មហា​បាតុកម្ម​អហិង្សា​ដឹក​នាំ​ដោយ​បក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​កើត​មាន​តាម​ការ​គ្រោង និង​មិន​តក់ស្លុត​ទេ៖ «ខ្ញុំ​យល់​ថា នេះ​វា​ជា​ការ​គំរាម​កំហែង​មួយ​ទៅ​លើ​ការ​ចូល​រួម​របស់​បាតុករ​យើង។ ខ្ញុំ​យល់​ថា នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា នឹង​មាន​បាតុករ​យ៉ាង​ច្រើន​កុះករ​មក​ចូល​រួម ទោះ​ជា​មាន​ការ​គំរាម​កំហែង​បែប​នេះ​ក៏ដោយ ខ្ញុំ​សង្ឃឹម​ថា បាតុករ​យើង​នឹង​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ដូច​ការ​គ្រោង​ទុក​របស់​យើង»
​​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ក៏​មាន​ករណី​ជន​មិន​ស្គាល់​មុខ​បាន​បង្កៃ​គ្រាប់​បែក​មួយ​គ្រាប់​នៅ​ក្បែរ​វេទិកា​ស្វាគមន៍ និង​ជួប​ជុំ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​គាំទ្រ នៅ​ក្រុង​សៀមរាប នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​នឹង​ទីក្រុង​ភ្នំពេញ​ពេល​នេះ​ដែរ។
​យ៉ាង​ណា​ក៏ដោយ សមត្ថកិច្ច​ចម្រុះ​នៅ​មិន​​ទាន់​កំណត់​មុខ​សញ្ញា​របស់​ជន​បង្កៃ​គ្រាប់​ទាំង​ពីរ​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ឡើយ​​ទេ។ ប៉ុន្តែ សមត្ថកិច្ច​បាន​និយាយ​ថា មន្ត្រី​ជំនាញ​កំពុង​​ស៊ើប​អង្កេត និង​ស្រាវជ្រាវ ដើម្បី​រក​អត្តសញ្ញាណ​​ជន​ដៃ​ដល់​ដោយ​យក​ចិត្ត​ទុក​ដាក់៕


ប្រភពពី RFA

No comments:

Post a Comment

yes