រូបថតរបស់អ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បោកគ្រាប់បែក
កាលពីថៃ្ង៣០ មីនា ឆ្នាំ១៩៩៧
គណបក្សសង្គ្រោះជាតិ ត្រៀមរៀបចំពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបាតុករដែលបានស្លាប់ដោយអំពើភេរវកម្មវាយប្រហារដោយគ្រាប់បែកដៃ នៅចេតិយមុខអតីតមន្ទីររដ្ឋសភា កាលពីឆ្នាំ១៩៩៧។ ពិធីនេះ លោក សម រង្ស៊ី ក៏នឹងមកគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ដល់ជនរងគ្រោះ ដែលសមត្ថកិច្ចមិនទាន់រកយុត្តិធម៌ជូននៅឡើយនោះ។
មន្ត្រីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងនិមន្តព្រះសង្ឃចំនួន ២៧អង្គ ដើម្បីរាប់បាត្របង្សុកូល និងឧទ្ទិសកុសលជូនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃ មុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
លោក ហូរ វ៉ាន់ មន្ត្រីរៀបចំកម្មវិធីបុណ្យ និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិ។ លោកមានប្រសាសន៍នៅថ្ងៃទី២៨ ខែកញ្ញា ថា ពិធីបុណ្យបង្សុកូលឧទ្ទិសកុសលដល់បាតុករនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ខាងមុខនឹងមានពលរដ្ឋ អ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងគ្រួសារជនរងគ្រោះប្រមាណ ៥០០នាក់ចូលរួម។ លោកថា ពិធីបុណ្យនេះនឹងចាប់ផ្ដើមពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅចេតិយពីខាងត្បូងរបងព្រះបរមរាជវាំង។
លោក ហូរ វ៉ាន់ បន្តថា អំពើភេរវកម្មនេះ សមត្ថកិច្ចមិនទាន់វែករកមុខជនដៃដល់ ឬអ្នកនៅពីក្រោយយកមកផ្ដន្ទាទោសនៅឡើយទេ។ មន្ត្រីរូបនេះ បានរំឭកថា អំពើភេរវកម្មបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា អាចមានមនុស្សស្លាប់ចន្លោះពីជិត ២០នាក់ ទៅ ៣០នាក់ និងរងរបួសប្រមាណ ២០០នាក់។ ប៉ុន្តែ លោកថា រយៈពេល ១៦ឆ្នាំទៅហើយ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌ទេ។
លោក ហូរ វ៉ាន់ ឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏នឹងចូលរួមគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ និងមានថ្លែងសារនយោបាយជុំវិញព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករអហិង្សាថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងមហាផ្ទៃ តាមទូរស័ព្ទ ដើម្បីបំភ្លឺលើសំណុំរឿងវាយប្រហារដោយគ្រាប់បែកដៃ ទៅលើហ្វូងបាតុករនៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានទេ។
ករណីនេះដែរ លោក សម រង្ស៊ី ធ្លាប់បានដាក់ពាក្យបណ្ដឹងឧក្រិដ្ឋកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តុលាការសហរដ្ឋអាមេរិក ក្នុងឱកាសដែល លោក ហ៊ុន សែន បានធ្វើដំណើរទៅទីក្រុងញីវយ៉ក (New York) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី និងសហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយមក លោក សម រង្ស៊ី បានប្រាប់វិទ្យុអាស៊ីសេរី ថា លោកសម្រេចព្យួរបណ្ដឹងប្រឆាំង លោក ហ៊ុន សែន ដោយសារលោកគ្មានភស្តុតាងគ្រប់គ្រាន់ ហើយថា លោក ហ៊ុន សែន បានសន្យាឈប់បង្កបញ្ហាជាមួយលោកជាបន្តទៀត។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់បានបដិសេធ និងច្រានចោលរាល់ការចោទប្រកាន់របស់ លោក សម រង្ស៊ី ដែលចោទថា លោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការបោកគ្រាប់បែកឆ្នាំ១៩៩៧ ជារឿងមិនពិត។
ទោះជាបែបណា លទ្ធផលនៃការស៊ើបអង្កេតករណីវាយប្រហារគ្រាប់បែកដៃឆ្នាំ១៩៩៧ នៅមិនទាន់បានបង្ហាញជាសាធារណៈទេ ទោះបីការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វ.ប៊ី.អាយ (FBI) របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយក្តី។
អ្នកតាមដានការស៊ើបអង្កេតករណីវាយប្រហារគ្រាប់បែកឆ្នាំ១៩៩៧ បានអះអាងថា ការស៊ើបអង្កេតឯករាជ្យរបស់ អេហ្វ.ប៊ី.អាយ ត្រូវបានរារាំង ហើយមន្ត្រីរបស់ អេហ្វ.ប៊ី.អាយ ក៏ត្រូវបានគំរាមកំហែង។
បញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ក៏ធ្លាប់បានធ្វើការរិះគន់រដ្ឋាភិបាលកម្ពុជា ថាមិនបាននាំខ្លួនជនសង្ស័យនៅពីក្រោយការវាយប្រហារគ្រាប់បែកដៃ យកមកផ្ដន្ទាទោស ផ្តល់យុត្តិធម៌ជូនជនរងគ្រោះនេះដែរ។ អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ឲ្យដឹងទៀតថា នៅថ្ងៃវាយប្រហារគ្រាប់បែកដៃ គឺថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រុមអង្គរក្សរបស់ លោក ហ៊ុន សែន ដែលពេលនោះជាកងពលតូចលេខ៧០ ត្រូវបានគេដាក់ពង្រាយនៅកន្លែងធ្វើបាតុកម្ម មុនពេលផ្ទុះគ្រាប់បែក។ ហើយថា ក្រោយគ្រាប់បែកបានផ្ទុះ ក្រុមអង្គរក្ស លោក ហ៊ុន សែន មិនបានជួយចាប់ជនសង្ស័យទេ ដោយបណ្តោយឲ្យជនសង្ស័យរត់គេចខ្លួន ហើយបានគំរាមបាញ់អ្នកដែលចង់ចាប់ជនសង្ស័យបំផ្ទុះគ្រាប់បែកនោះថែមទៀត៕
No comments:
Post a Comment
yes