លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានប្រកាសថា ពេលនេះក្រុមការងាររបស់ គណបក្សសង្គ្រោះជាតិ កំពុងរៀបចំប្រប្រមូលញត្តិពីប្រជាពលរដ្ឋអ្នកគាំទ្រ ឲ្យបានយ៉ាងតិច ៣,៣០០,០០០ (បីលាន បីសែន) ស្នាមមេដៃ ដើម្បីជំទាស់លទ្ធផលនៃការបោះឆ្នោតដែល ប្រកាសដោយ គ. ជ. ប. កាលពីពេលកន្លងទៅ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ បានសរសេរនៅលើទំព័រFacebook របស់លោកថា មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំដើម្បីធ្វើយុទ្ធនាការប្រមូលញត្តិ ដែលមានស្នាមមេដៃពីប្រជាពលរដ្ឋឲ្យបាន យ៉ាងតិចណាស់ក៏ជាង ៣ លាន ៣ សែននាក់។ ការប្រមូលស្នាមមេដៃនេះគឺក្នុងគោលបំណងឲ្យសហគមន៍ជាតិ និងអន្តរជាតិ បានដឹងថា ប្រជាពលរដ្ឋខ្មែរមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែលប្រកាស ដោយ គ.ជ.ប កាលពីពេលកន្លងទៅទេ។
នៅលើបណ្តាញសង្គមfacebookនោះ របស់លោក សម រង្ស៊ី ក៏បានបញ្ជាក់ទៀតថា ការប្រកាសលទ្ធ ផល របស់គ.ជ.ប កាលពីពេលកន្លងទៅ ដែលឲ្យគណបក្សប្រជាជនកម្ពជាបានទទួលជ័យជំនះ លើ គណបក្សសង្គ្រោះជាតិ ដោយមានសំឡេងឆ្នោតសរុបជាង ៣ លាន ២ សែន សំឡេងនោះ ជាការប្រកាសទាំងងងឹតងងុលតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញរិទ្ធ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ អាចនឹងរៀបចំធ្វើមហាបាតុកម្មលើកទី ៣ របស់ខ្លួន នៅក្រោយថ្ងៃបុណ្យ ភ្ជុំបិណ្ឌបញ្ចប់ ដើម្បីប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត និងទាមទាររកយុត្តធម៌ជូនម្ចាស់ឆ្នោត ដែលគណបក្សនេះ អះអាងថា មានភាពមិនប្រក្រតីពេលបោះឆ្នោតនោះ។
ទោះជាយ៉ាងណាក៏ដោយ នាពេលកន្លងមកលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ធ្លាប់បានអះអាងថា អ្វីដែលគ.ជ.ប បានធ្វើ គឺស្របតាមនីតិវិធីជានិច្ច និងមិនមាននិន្នាការគាំទ្រខាងណោះ នោះទេ។ មិនតែប៉ុណ្ណោះ លោក មិនមានការភ្ញាក់ផ្អើលនឹងការធ្វើសកម្មភាពប្រឆាំងទៅនឹង លទ្ធផលបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិឡើយ៕
No comments:
Post a Comment
yes