សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

អាជ្ញាធរ​តាម​ខេត្ត​មួយ​ចំនួន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ស្ដាប់​វិទ្យុ​អាស៊ីសេរី

រូប​វិទ្យុ ៦១០

ក្នុង​ពេល​វិបត្តិ​នយោបាយ​ថ្នាក់​ជាតិ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តានតឹង​នេះ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នៃ​បណ្ដា​ខេត្ត​មួយ​ចំនួន ក៏​កំពុង​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ឯ​ទីក្រុង​ភ្នំពេញ ដែរ។ បន្ថែម​លើ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ខ្លះ​ក៏​បាន​បំបិទ​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន ដោយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​បើក​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ជាដើម។

តើ​ទង្វើ​បែប​នេះ វា​បំពាន​ទៅ​នឹង​ច្បាប់​អ្វី​ខ្លះ​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ?
ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប បាន​អះអាង​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន កំពុង​ព្យាយាម​បំភ័យ​ពួក​គេ​កុំ​ឱ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​នៅ​កន្លែង​ខ្លះ អាជ្ញាធរ​ក៏​ចង់​បញ្ចៀស​អ្នក​ភូមិ​មិន​ឱ្យ​ស្ដាប់​ការ​ផ្សាយ​ព័ត៌មាន​ពី​វិទ្យុ​បរទេស​ទេ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដានរុន ស្រុក​សូទ្រនិគម ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​និយាយ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ស្ដាប់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក។
ស្ត្រី​ម្នាក់​ជា​អ្នក​ភូមិ​បេង ឃុំ​ដានរុន ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ គាត់​បាន​មាន​ប្រសាសន៍​ថា ប្ដី​របស់​គាត់ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​បើក​ស្ដាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ដៃ។ ប៉ុន្តែ កាល​ពី​ពេល​ថ្មីៗ មេ​ឃុំ​ដានរុន បាន​ប្រមូល​អ្នក​ភូមិ​ជាច្រើន​នាក់​ទៅ​ប្រជុំ ពី​រឿង​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការ​អភិវឌ្ឍ។
នៅ​ក្នុង​ការ​ជួប​ប្រជុំ​នោះ បន្ទាប់​ពី​ចប់​រឿង​ជា​ផ្លូវ​ការ គឺ​បាន​ចូល​ដល់​រឿង​នយោបាយ​ម្ដង ដោយ​មេ​ឃុំ​បាន​ហាម​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ បន្ថែម​លើ​នេះ មេ​ឃុំ​ក៏​បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ស្ដាប់​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ជាដើម៖«គេ​ហាម​នោះ​ឯង គេ​ថា​ស្ដាប់​វិទ្យុ​អាស៊ីសេរី ទៅ គឺ​មនុស្ស​ទៅ​ផ្សេង បើ​ស្ដាប់​ប៉ុស្តិ៍​បាយ័ន គឺ​ស្ដាប់​ទៅ​ចូល​ត្រចៀក។ មិន​ដឹង​ថា​ម៉េច បើ​គេ​ហាម​ហើយ យើង​ប្រជាជន​ចេះ​តែ​តាម​គេ បើ​អត់​មាន​អ្នក​ណា​គេ​ជំទាស់​ផង»
បុរស​ម្នាក់​ទៀត​ជា​អ្នក​ភូមិ​បេង ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា​នេះ បាន​មាន​ប្រសាសន៍​នៅ​មុន​ពេល​ដែល​មហា​បាតុកម្ម​អហិង្សា​លើក​ទី២ ធ្វើ​ឡើង ថា មេ​ឃុំ​ដានរុន បាន​ប្រមូល​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​អំពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការ​អភិវឌ្ឍ ហើយ​បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​បើក​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី មែន។ បុរស​ដដែល​បាន​បញ្ជាក់​ថា គាត់​មិន​សប្បាយ​ចិត្ត​ចំពោះ​មេ​ឃុំ​ដែល​ហាម​ប្រាម​បែប​នេះ​ទេ ពីព្រោះ​គាត់ គឺ​ជា​អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់​ព័ត៌មាន​ពី​វិទ្យុ​ជាច្រើន៖ «គាត់​និយាយ​ការងារ​ក្នុង​ឃុំ​រួច​រាល់​អស់​ទៅ គឺ​គាត់​និយាយ​ថា បើ​យក​ល្អ​ស្ដាប់​ប៉ុស្តិ៍​បាយ័ន​ទៅ​ត្រឹមត្រូវ បើ​ប៉ុស្តិ៍​អាស៊ីសេរី រាង​បំផ្លើស​បន្តិច។ គាត់​ថា គួរ​ស្ដាប់​ក៏​ស្ដាប់ បើ​មិន​ចង់​ស្ដាប់​ក៏​បាន។ ខ្ញុំ​អត់​ទេ ខ្ញុំ​បើក​ស្ដាប់​រាល់​តែ​ថ្ងៃ ល្ងាច​ឡើង​ស្ដាប់ៗ​ព័ត៌មាន​បាតុកម្ម បើក​ដាក់​ចិញ្ចើម​ថ្នល់​តូប​ខ្ញុំ​ស្ដាប់​ទៅ។ ស្ដាប់​ព័ត៌មាន​បាយ័ន ខ្លះ ភាគ​ច្រើន​ស្ដាប់​អាស៊ីសេរី អាមេរិកាំង ទៀប​ភ្លឺ​ស្ដាប់​ដែរ​តើ​ខ្ញុំ ព្រោះ​សិទ្ធិ​របស់​ខ្ញុំ ត្រូវ​តែ​ស្ដាប់ យក​ចំណុច​ណា​ល្អៗ យើង​វិភាគ​ពិចារណា​ត្រង់​ណា​អាក្រក់ យើង​មិន​បាច់​យក។ អាស៊ីសេរី ក៏​ខ្ញុំ​ស្ដាប់ អាមេរិកាំង ក៏​ខ្ញុំ​ស្ដាប់ ស្ដាប់​គ្រប់​ប៉ុស្តិ៍​នោះ​ឯង»
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី បាន​ទូរស័ព្ទ​ទៅ លោក អឿ ដាំ ជា​មេ​ឃុំ​ដានរុន ជាច្រើន​ដង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ អំពី​ការ​រារាំង​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ ក៏ប៉ុន្តែ លោក​មិន​បាន​ទទួល​ទូរស័ព្ទ​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ។
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បិទ​សិទ្ធិ​សេរីភាព​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ពី​អាជ្ញាធរ នៅ​ក្នុង​អំឡុង​ពេល​ដែល​នយោបាយ​ថ្នាក់​ជាតិ​កំពុង​មាន​វិបត្តិ​នេះ។
កាល​ពី​ពេល​ថ្មីៗ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​ចុះ​ស៊ើប​អង្កេត​ជុំវិញ​ការ​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខាង​ទទួល​ព័ត៌មាន​នោះ។
អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ឈុយ វ៉ាន់ថា បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ជួប​សាកសួរ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មួយ​ចំនួន នៅ​ក្នុង​ឃុំ​ដានរុន នោះ ហើយ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​បញ្ជាក់​ថា លោក​មេ​ឃុំ​ដានរុន ពិត​ជា​បាន​និយាយ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​បើក​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី មែន។
ចំណែក​អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ច័ន្ទ ចំរើន បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ស៊ើប​អង្កេត​ឃើញ​ដូច​គ្នា​នេះ​ដែរ។ លោក ច័ន្ទ ចំរើន បាន​មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​ឃុំ​ដានរុន លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​ជា​ការ​បំបិទ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ដែល​ធានា​ដោយ​ច្បាប់​របស់​ប្រទេស​កម្ពុជា៖ «បើ​សិន​ជា​គាត់​និយាយ​ដូច​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​មែន គឺ​ថា​ខុស​ច្បាប់​ហើយ។ បាន​សេចក្តី​ថា ក្នុង​ផ្លូវ​ច្បាប់ ប្រជាពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គ្រប់​បែប​យ៉ាង គ្មាន​អ្នក​ណា​មួយ​អាច​មក​ហាម​ឃាត់​គាត់​មិន​ឱ្យ​ទទួល​បាន​ព័ត៌មាន​ទេ។ បើ​សិន​ជា​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​ថា​ពាក់ព័ន្ធ​ដល់​ការ​រារាំង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ហើយ គឺ​ខុស​ច្បាប់​ហើយ»
ចំណែក​នៅ​តាម​ភូមិ​មួយ​ចំនួន​នៃ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប កាល​ពី​ពេល​ថ្មីៗ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​អះអាង​ថា អាជ្ញាធរ​បាន​និយាយ​មិន​ឱ្យ​អ្នក​ភូមិ​បើក​ស្ដាប់​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី ដូច​គ្នា​នេះ​ដែរ។
នៅ​ខេត្ត​ព្រះវិហារ ឯណោះ​វិញ មាន​សេចក្តី​រាយការណ៍​ថា បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ និង​សមត្ថកិច្ច​នៅ​ទីក្រុង​ភ្នំពេញ បណ្ដាល​ឱ្យ​អ្នក​ខ្លះ​រង​របួស និង​ស្លាប់​ម្នាក់​មក គឺ​អាជ្ញាធរ​ក្រុង​ព្រះវិហារ បាន​លើក​យក​ចំណុច​នេះ​បំភ័យ​ប្រជាពលរដ្ឋ កុំ​ឱ្យ​នាំ​គ្នា​ទៅ​ចូល​រួម​បន្ត​ធ្វើ​បាតុកម្ម ដែល​កំពុង​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង។
ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា មាត្រា ៣៥ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ ចំណែក​មាត្រា ៤១ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ រួម​នឹង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ផង។ ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​ចែង​អំពី​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ដែរ៕

No comments:

Post a Comment

yes