កម្លាំងសមត្ថកិច្ច និង របាំងចំរឹងដែកបន្ថែមច្រើននៅក្បែរមន្ទីររដ្ឋសភា ដើម្បីការពារសន្តិសុខ សណ្ឋាប់ធ្នាប់ ដល់ព្រះមហាក្សត្រ និងបេក្ខជនតំណាងរាស្ត្រ ដែលចូលរួមប្រជុំសភា លើកដំបូង សម្រាប់នីតិកាលទី៥ នៅថ្ងៃចន្ទស្អែកនេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ ថ្លែងថា គោលដៅដែលសមត្ថកិច្ចយកចិត្តទុកខ្ពស់ ក្នុងការពង្រឹងសន្តិសុខនៅថ្ងៃស្អែកគឺនៅតំបន់វិមានរដ្ឋសភា ដើម្បីធានាសន្តិសុខដល់ព្រះមហាក្សត្រ និង បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ។ ប៉ុន្តែ លោក មិនបញ្ជាក់ពីចំនួនកម្លាំងសមត្ថកិច្ចទេ គឺគ្រាន់តែ បញ្ជាក់ថា កម្លាំង និងឧបករណ៍មានគ្រប់គ្រាន់សម្រាប់ការពារសន្តិសុខ។
នៅរសៀលថ្ងៃអាទិត្យនេះ មានរបាំងដែក និង របាំងលួសបន្លា ដាក់លើចិញ្ចើមផ្លូវក្បែរមន្ទីររដ្ឋសភា ផ្ទះលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និង ក្បែរព្រះបរមរាជវាំង។
នៅព្រឹកថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋ និង មន្ត្រីអង្គការសង្គមស៊ីវិល ជាង១ពាន់នាក់ ដែលយកញត្តិថ្វាយព្រះមហាក្សត្រសុំពន្យារពេលប្រជុំសភានោះ អះអាងថា ប្រសិនបើថ្ងៃស្អែកនៅតែបើកប្រជុំសភាដំបូងនោះពួកគេនឹងតវ៉ា ជាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និង នៅតាមខេត្តមួយចំនួនទៀត។ យ៉ាងហោចណាស់ ក៏មានស្នាមមេដៃប្រជាពលរដ្ឋជាង២៦ ម៉ឺនដែលដាក់ថ្វាយព្រះមហាក្សត្រ សុំពន្យារពេលប្រជុំសភា ដើម្បីទុកពេលស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជាមុនសិន។
ទោះយ៉ាងណា រហូតដល់ម៉ោង៤ រសៀលថ្ងៃអាទិត្យនេះ មិនមានព័ត៌មានមួយណា ដែលបង្ហាញពីការកែប្រែកម្មវិធីប្រជុំសភាលើកដំបូងនៅថ្ងៃស្អែកទេ បើទោះបីជាតំណាងរាស្ត្រ ៥៥រូបរបស់គណបក្សសង្គ្រោះជាតិធ្វើពហិកាក៏ដោយ៕
No comments:
Post a Comment
yes