សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

ភិក្ខុសង្ឃ១អង្គប៉ង​ដុត​ព្រះកាយ​បញ្ជាក់​ពី​ការ​ឈឺចាប់

130918_01
ភិក្ខុ​សង្ឃ សេក ឌីណា (ពាក់វែន​តា) ដែល​ព្យាយាម​ដុត​ព្រះ​កាយនៅក្នុង​បាតុកម្ម​
នៅ​ឯទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ម្សិលមិញ​
បន្ទាប់​ពី​សម្តែង​ការ​ឈឺចាប់​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ មន្រ្តី ហ៊ុន សែន ថា ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុតិ្តធម៌ ភ្លាមៗ​នោះ​ភិក្ខុ​សង្ឃ​នាម សេក ឌីណា ព្រះជន្ម ៣៥ វស្សា បាន​ទាញ​យក​ដប​សាំង​ដែល​លាក់​ក្នុង​ស្បង់​មក​ស្រោច​ប៉ុន​ប៉ង​ដុត​ព្រះកាយ​លើ​វេទិកា មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ។
ព្រះភិក្ខុ សេក ឌីណា បាន​ឡើង​លើ​វេទិកា​កាល​ពី​ម្សិលមិញ​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សួន​សេរីភាព ក្នុង​ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​ថ្ងៃ​ចុង​ក្រោយ​ប្រឆាំង​នឹង​ភាព អយុតិ្តធម៌​ក្នុង​ការ​បោះឆ្នោត ហើយ​ព្រះអង្គ បាន​មាន​សង្ឃដីកា​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០ ឆ្នាំ​ថា នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ធ្វើ​បាប​និង​សម្លាប់​ប្រជាជន​ខ្មែរ ដោយ​បញ្ជូន​ពួកគេ​ទៅ ក-៥ ហើយ​បាន​បំផ្លាញ​ធនធាន​ជាតិ។ លើស​ពី​នេះ​ព្រះ​តេជគុណ​បន្ត​ថា លោក ហ៊ុន សែន បាន​ផ្តល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​បរទេស រហូត​ដល់ ៩៩ ឆ្នាំ​ទៀត​ផង។

ព្រះអង្គ​មាន​ថេរដីកា​ថា ៖ «ប្រសិន​បើ​ពិភពលោក​ខ្វាក់​ភ្នែក​មើល​មិន​ឃើញ​ប្រជាជន​ខ្មែរ​ស្លាប់​ដោយ សារ​អំពើ​ព្រៃផ្សៃ​ដែល​បក្ខពួក​លោក ហ៊ុន សែន ធ្វើ​ពេល​នេះ​តាម ហ្វេសប៊ុក។ ហេតុ​អ្វី​មិន​ជួយ​ខ្មែរ? ប្រសិន​បើ​ពិភពលោក​មិន​ជឿ​ថា បក្ខពួក​លោក ហ៊ុន សែន សម្លាប់​ប្រជាជន អាត្មា​មក​ទីនេះ សូម​ដុត​ខ្លួន​ឯង​ធ្វើ​ជា​ភ័ស្តុតាង»។
លោក សម រង្ស៊ី និង​លោក កឹម សុខា ពុំ​បាន​ថ្លែង​សុន្ទរកថា ទាក់​ទិន​នឹង ព្រះសង្ឃ ប៉ង​ដុត​ព្រះ​កាយ​នោះ​ទេ ពេល​មក​ដល់​សួន​សេរីភាព។
លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រាន់​តែ​បាន​ថ្លែង​ប្រាប់​ទៅ​ក្រុម​បាតុករ​គាំទ្រ​ថា បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​ជាង ៣ ម៉ោង គណបក្ស​ទាំង​ពីរ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​ល្អ លើ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ប្រទេស​ជាតិ​នៅ​ឡើយ។
លោក សម រង្ស៊ី បាន​ប្រាប់​បាតុករ​ដែរ​ថា កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​ព្រម​ព្រៀង​ដូច​កិច្ច​ប្រជុំ​ថ្ងៃ​ចន្ទ​ទេ ហើយ​លោក សម រង្ស៊ី ពុំ​បាន​ថ្លែង​លម្អិត​អំពី​កិច្ច​ប្រជុំ​នោះ​ទេ ក្រៅ​តែ​ពី​អំពាវនាវ​ឲ្យ​បាតុករ​ត្រៀម​ចូល​រួម​ក្នុង​បាតុកម្ម​លើក​ក្រោយ​ទៀត។ លោក​ក៏​បាន​ប្រាប់​ទៅ​បាតុករ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ប្រសិន​បើ​បញ្ហា​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ ដើម្បី​រក​យុតិ្តធម៌​ជូន​អ្នក​បោះឆ្នោត។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​និង​អំពាវនាវ​ឲ្យ​ប្រជាជន​ចូល​រួម​ក្នុង បាតុកម្ម​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ។ ដូច្នេះ វា​ល្អ​ណាស់ ដរាប​ណា​ឆន្ទៈ​របស់​យើង​ក្លាហាន យើង​នៅ​តែ​ប្តេជ្ញា​រួម​គ្នា ខ្ញុំ​ជឿ​ជាក់​ថា កម្លាំង​យុតិ្តធម៌​នឹង​ឈ្នះ​អំពើ​អយុតិ្តធម៌»។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គណបក្ស​ប្រជាជន​កំពុង​ខ្លាច​បាតុកម្ម ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​មិន​គិត​អំពី​យុតិ្តធម៌​សម្រាប់​អ្នក​បោះឆ្នោត​ទេ មហា​បាតុកម្ម​នឹង​រៀបចំ​ឡើង​ជា​ថ្មី​នៅ​ទូទាំង​ប្រទេស​តែ​ម្តង។
លោក កឹម សុខា ថ្លែង​ថា៖ «ថ្ងៃ​នេះ យើង​គ្រាន់​តែ​ផ្អាក​សិន ព្រោះ​យើង​បាន​សន្យា​ជាមួយ​នឹង​ប្រជាជន​ថា យើង​នឹង​រៀបចំ​រយៈ​ពេល ៣ ថ្ងៃ​។ ឥឡូវ ៣ ថ្ងៃ​នេះ បាន​ជោគជ័យ ប៉ុន្តែ យើង​បន្ត​តស៊ូ​ថែម​ទៀត​ក្នុង​ការ​ចរចា​ដើម្បី​ទាមទារ​អ្វី​ដែល​ប្រជាជន​ចង់​បាន​ដោយ​តទល់​ជជែក​ពិភាក្សា ហើយ​បើ​ជជែក​ពិភាក្សា​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី ២២ ខែ កញ្ញា មិន​អាច​ទទួល​យក​បាន នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា យើង​ជា​តំណាងរាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​អង្គ​ប្រជុំ​សភា​ដំបូង​ជា​ដាច់​ខាត»។
លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ ពុំ​បាន​ថ្លែង​លម្អិត​ទេ ដោយ​ថ្លែង​ប្រាប់​ខ្លី​ថា អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវតិ្តសាស្រ្ត។
លោក កែម ឡី អ្នក​វិភាគ​នយោបាយ បាន​លើក​ទឹក​ចិត្ត​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជួប​ចរចា​គ្នា​បន្ថែម​ទៀត បន្ទាប់​ពី​ការ​ចរចា​លើក​ទី១ មាន​ចំណុច​វិជ្ជមាន បើ​ទោះ​ជា​វា​ត្រូវ​ការ ៣ ឬ ៥ ខែ​ទៀត​ក្តី លោក​បន្ត​ថា ព្រះសង្ឃ​ប៉ុន​ប៉ង​ដុត​ព្រះ​កាយ​គឺជា​សារ​ឲ្យ​មេ​ដឹក​នាំ​ពិចារណា​ស៊ី​ជម្រៅ​អំពី​បញ្ហា​ធ្ងន់​ធ្ងរ​របស់​ប្រជាជន។
លោក កែម ឡី ថ្លែង​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​នយោបាយ​ចាប់​ដៃ​គ្នា ញញឹម​ដាក់​គ្នា គួរ​បន្ត​កិច្ច​ប្រជុំ​។ កុំ​ឲ្យ​មាន​បាតុកម្ម។ អ្នក​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​គឺ​គណបក្ស​ប្រជាជន ដែល​មិន​យល់​ព្រម​ពិភាក្សា។ គាត់​ប្រញាប់​បញ្ចប់ គ.ជ.ប បញ្ចប់​កិច្ចការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ឈាន​ទៅ​អង្គ​ប្រជុំ​លើក​ដំបូង»។
លោក យ៉ាន ជឹម អាយុ ៦៤ ឆ្នាំ មក​ពី​ខេត្ត កំពង់ចាម បាន​ថ្លែង​ថា លោក​នឹង​មក​សួន​សេរីភាព​ម្តង​ទៀត ដើម្បី​ចូល​រួម​បាតុកម្ម បើ​លោក សម រង្ស៊ី និង​លោក កឹម សុខា អំពាវនាវ។
លោក​និយាយ​ថា៖ «បាតុកម្ម​សំខាន់​ណាស់ ព្រោះ​ដើម្បី​រក​យុតិ្តធម៌​ឲ្យ​កូន​ចៅ»។
លោក ហាន ឡា អាយុ ៦៥ ឆ្នាំ​និង​ប្រពន្ធ យីន ហ៊ីន អាយុ ៥៥ ឆ្នាំ​មក​ពី​ខេត្ត កែប​ថ្លែង​ថា៖ «យើង​មាន​ការ​ឈឺចាប់។ យើង​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​។ តែ គ.ជ.ប មិន​ឲ្យ​ឈ្នះ​ខ្ញុំ​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់ ដែល​បាត់បង់​សន្លឹក​ឆ្នោត។ ខ្ញុំ​នឹង​ទាមទារ​វា​មក​វិញ»៕

No comments:

Post a Comment

yes