សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

ថ្ងៃ​បាំង​ឆត្រ​ខ្មែរ​ចាប់​ជានា​គ្នា

130918_02
ថ្ងៃ​បាំង​ឆត្រនៅ​ទីលាន​ប្រជា​ធិប​តេយ្យ​កាល​ពី​ថ្ងៃ​អា​ទិត្យ​
និយាយ​លាក់​បាំង​អី ក្នុង​មួយ​ជីវិត​នេះ​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​ម្តង​ម្កាល​អ៊ីចឹង​ដែរ រឿង​ថ្ងៃ​បាំង​ឆត្រ នៅ​កណ្តាល​មេឃ​ស្រឡះ​ចែស​មើល​ទៅ​ឃើញ​សម្បើម​គួរ​ឲ្យ​ស្ញប់​ស្ញែង​ព្រឺ សម្បុរ​។ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​នឹក​គិត​ស្មាន​ថា​ជា​អព្ភូតហេតុ​ដ៏​កម្រ​ដែល​មាន​ប្រផ្នូល​អ្វី​មួយ​នោះ​ទេ​។ ខ្ញុំ​យល់​ថា វា​គ្រាន់​តែ​ជា​ដំណើរ​ធម្មជាតិ ដែល​តែង​កើត​ឡើង​យូរៗ​ម្តង​ប៉ុណ្ណោះ​។ ប៉ុន្តែ​រឿង​ខ្មែរ​នា​ពេល​នេះ​មាន​ភាព​ចម្លែក​ត្រង់​ថា ថ្ងៃ​បាំង​ឆត្រ​ចំ​ពេល​វេលា​ដែល​ស្រុក​ខ្មែរ​កំពុង​មាន​មហា​បាតុកម្ម​ដ៏ គគ្រឹក​គគ្រេង​យ៉ាង​កម្រ​មួយ​ដែល​ខ្មែរ​មិន​ដែល​មាន​ទាល់​តែ​សោះ​តាំង​ពី​ដើម​រៀង​មក។
(ថ្ងៃ​អាទិត្យ​)ទី ១៥ ខែ កញ្ញា ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​សញ្ញា​ព្រះ​អាទិត្យ​រះ​ឡើង​ចិញ្ចាច​ចិញ្ចែង កំពុង​តែ​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ សំឡេង​ឆ្នោត ដែល​ពួក​គេ​យល់​ថា បាន​បាត់បង់​ទៅ​ដោយ​សារ​ការ​លួច​បន្លំ របស់ គ.ជ.ប។ គឺ​ក្នុង​ខណៈ​នេះ​ហើយ​ដែល​អព្ភូតហេតុ​ដ៏​កម្រ​នេះ បាន​កើត​ឡើង​ធ្វើ​ឲ្យ​ខ្មែរ​រាល់​គ្នា​នឹក​ឆ្ងល់​ពី​ប្រផ្នូល​ផ្សេងៗ ជា​ពិសេស​ពី​ភ័ព្វ​ព្រេង​សំណាង​របស់​ប្រទេស​ជាតិ​តាម​សញ្ញា​នៃ​ថ្ងៃ​បាំង​ឆត្រ​ចំ​ថ្ងៃ​ប្រារព្ធ​ធ្វើ​មហា​បាតុកម្ម។

រក​ថា​មិន​បាន​ដែរ​រឿង ប្រផ្នូល​ដែល​ជា​សញ្ញា​មក​ពី​ឋានសួគ៌​។ ជួនកាល​ព្រះ​មហា​អាទិទេព ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​ខ្មែរ​ខ្លះ និង​របស់​ជន​បរទេស​ខ្លះ ដែល​អាណិត​អាសូរ​ជនជាតិ​ខ្មែរ​ក៏​ទ្រង់​សម្រេច​ព្រះ​រាជ​ហឫទ័យ ផ្ញើ​សញ្ញា​នេះ​មក​ជូន​ខ្មែរ​ដ៏​អភ័ព្វ ឲ្យ​ពួក​គេ​បាន​យល់​ថា សេចក្តី​សប្បុរស​នៃ​ព្រះ កំពុង​តែ​ហើរ​ចូល​មក​ក្នុង​ព្រេង​វាសនា​របស់​ពួក​គេ​ហើយ។ គឺ​ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យ​ព្រលឹង​វិញ្ញាណ​ខ្មែរ​មូល​ចូល​គ្នា​យ៉ាង​ត្រជាក់ ត្រជុំ ឈប់​បែក​បាក់​គ្នា ឈប់​ឈ្លោះ​ប្រកែក​គ្នា​តទៅ​ទៀត​ហើយ។
ចម្លែក ដែរ​រឿង​ខ្មែរ​បង​ប្អូន​ប្រុស​ពីរ​នាក់​ដែល​មិន​សូវ​ត្រូវ​រ៉ូវ​គ្នា ស្រាប់​តែ​ឥឡូវ​ចាប់​ដៃ​គ្នា​ជា​លើក​ដំបូង ដោយ​ភាព​រាក់​ទាក់​ញញឹម​រីក​រាយ​មើល​ទៅ​ឃើញ​គួរ​ឲ្យ​ឆ្ងល់ ដែល​រាស្ត្រ​ខ្មែរ​ខ្លះ​នាំ​គ្នា​អេះ​ក្បាល​ហើយ​គិត​ថា​រឿង​ហ្នឹង​វា​យ៉ាង ម៉េច​អ៊ី​ចេះ? ត្រូវ​ហើយ​ក្រោយ​ពេល​ប្រជុំ​លើក​ទីពីរ រវាង​បក្ស​ប្រជាជន​និង បក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​ជាង ៤ ម៉ោង ក្នុង​ថ្ងៃ​ចន្ទ ទី១៦ កញ្ញា ឆ្នាំ ២០១៣ សម្តេច​តេជោ ហ៊ុន សែន បាន​ជួប​ដោយ​ផ្ទាល់​មុខ​ជាមួយ​នឹង​លោក​ប្រធាន សម រង្ស៊ី ហើយ​លោក​ទាំង​ពីរ បាន​ចាប់​ដៃ​គ្នា ជា​រូបភាព​ល្អ​ដ៏​កម្រ​មួយ​ដែល​យើង​រាល់​គ្នា​ចង់​ឃើញ​ជា​យូរយារ​មក​ហើយ​។ គឺជា​រូបភាព​នៃ​ពន្លឺ​ត្រជាក់​ត្រជុំ ចែង​ចាំង​លើ​កម្ពុជរដ្ឋ និង​ជាតិ​សាសន៍​ខ្មែរ​ឲ្យ​មាន​សិរីសួស្តី​ជ័យមង្គល​កើត​ឡើង។
ជា​ការ​ប្រសើរ​ណាស់​ទៅ​ទៀត បើ​សិន​ជា​វរជន​ខ្មែរ​ទាំង​ពីរ​រូប​នេះ​ឱប​ក្រសោប​គ្នា​យ៉ាង​ស្និទ្ធ​ស្នាល​ដូច ដែល​សម្តេច​លោក​ឱប​មេ​យួន មេ​សៀម នា​ពេល​កន្លង​ទៅ។
ក្នុង​កិច្ច​ប្រជុំ​ជា​លើក​ទីពីរ​នោះ ពួក​គេ​បាន​រក​ឃើញ​លទ្ធផល​ល្អ ៣ ចំណុច​ក្នុង​ជំហាន​ដំបូង។ យើង​ជា​រាស្ត្រ​សាមញ្ញ​តែង​តែ​សង្ឃឹម ក្នុង​ចិត្ត​ថា ព្រលឹង​វិញ្ញាណ​ត្រជាក់​ត្រជុំ​ជានា​នឹង​គ្នា រវាង​ខ្មែរ​និង​ខ្មែរ នឹង​បន្ត​មាន​រស្មី​កាន់​តែ​ភ្លឺ​ត្រចះ​ត្រចង់​ល្អ​ឡើង ថែម​ទៀត​ដែល​គតិយុត្តិធម៌​និង​ព្រលឹង​នៃ​សេចក្តី​ស្នេហា​ជាតិ​មាតុភូមិ​ក៏​កំពុង​តែ​ដុះ​ឡើង​ផង​ដែរ ក្នុង​ដួង​វិញ្ញាណ​នៃ​មេ​ដឹក​នាំ​រដ្ឋ​ខ្មែរ។
មិន​ត្រឹម​តែ​ការ​លូត​លាស់​ដុះ​ដាល​ចម្រុង​ចម្រើន​នៃ​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​យើង​ចង់​បាន​ធំ​បំផុត​នោះ គឺ​សេចក្តី​សុខ​ក្សេមក្សាន្ត​រមនា​ក្នុង​ជីវិត​យើង​ជា​រាស្ត្រ​រាល់​គ្នា ទូទៅ​គ្មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ឯ​ណា​មក​បៀត​បៀន​ការ​រស់​នៅ របស់​យើង​ត​ទៅ​ទៀត​សោះ​ឡើយ​។ យើង​ចង់​ថែរក្សា​បូរណភាព​ទឹក​ដី​យើង ឲ្យ​បាន​គង់វង្ស​ល្អ​ដើម្បី​ជីវិត​រស់​នៅ​របស់​កូន​ចៅ​យើង រាប់​លាន​តំណ​តទៅ​ទៀត​។ យើង​នៅ​សល់ដី​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ​យើង​មិន​ហ៊ាន​ឲ្យ​អ្នក​ណា​ចូល​មក​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ដ៏​តិច​តួច​របស់​យើង​នេះ​ឡើយ​។ អ្វីៗ​ដែល​យើង​របូត​ដៃ​ជ្រុះ​បាត់​អស់​ទៅ យើង​នៅ​អាឡោះ​អាល័យ​សោក​ស្តាយ​ជា​អនេក ហើយ​យើង​ចង់​រក​ឲ្យ​ឃើញ​មក​វិញ​។ យើង​មិន​អាច​បំភ្លេច​បាន​ឡើយ​។
ដរាប​ណា​ជីវិត​យើង​នៅ​រស់ យើង​នៅ​តែ​នឹក​មិន​ភ្លេច អ្វីៗ​ដែល​ជា​ទ្រព្យ​របស់​យើង ហើយ​យើង​ក៏​មិន​ជិន​ណាយ​ក្នុង​ការ​បូក​សង​គិត​គូរ រក​មធ្យោបាយ​ទាមទារ​ទ្រព្យ​សម្បត្តិ​របស់​យើង​មក​វិញ​សោះ​ឡើយ​។ បើ​យើង​មិន​ក្បត់​សតិសម្បជញ្ញៈ​ខ្លួន​ឯង ហើយ​យើង​ខិតខំ​ត្រិះរិះ (ដោយ​ឆន្ទៈ​មោះមុត) ក្នុង​ការ​ព្យាយាម​ស្រាវជ្រាវ​រក​រូបមន្ត​ល្អៗ​យក​មក​ប្រើ ដើម្បី តវ៉ា​យ៉ាង​សកម្ម ទាញ​យក​អ្វីៗ​ដែល​ជា​របស់​យើង​មក​វិញ​គឺ​យើង​ពិត​ជា​អាច​ធ្វើ​បាន...ព្រោះ សកម្មភាព​នានា ដែល​យើង​ប្រឹង​ប្រែង​ធ្វើ​ដោយ​ព្យាយាម​ដោយ​អត់ធ្មត់​និង​ដោយ​ហ្មត់ចត់ គឺ​យើង​អាច​ទាញ​យក​លទ្ធផល​ល្អ​បាន។ តែ​បើ​យើង​ខ្សោយ​ហើយ​គ្មាន​ឆន្ទៈ​មោះមុត ក្នុង​កិច្ចការ​នេះ​ទេ​គឺ​យើង​បាត់​អស់​ហើយ​គ្មាន​អ្វី​នឹង​បាន​មក​វិញ​ទេ។ ជនជាតិ​គេ​ក៏​ប្រមាថ​មើល​ងាយ​យើង​តាម​ហ្នឹង​ដែរ។
ពេល​នេះ​ខ្មែរ កំពុង​ជានា​គ្នា​ហើយ បង​ប្អូន​កូន​ក្មួយ​ទាំង​អស់​គ្នា​អើយ​។ សូម​ឲ្យ​ភាព​ជានា​គ្នា​នេះ​បាន​សះស្បើយ​ល្អ​ដូច​កាល​បុព្វបុរស​ខ្មែរ​រស់​នៅ​ក្នុង​សម័យ​ដើម នៃ​យុគ មហានគរ​ដ៏​ប្រសើរ​បវរ​របស់​យើង​។ យើង​ចង់​ស្រែក​ឲ្យ​ឮ​កងរំពង​ថា ជយោ!ជនជាតិ​ខ្មែរ​! ជយោ! ទឹក​ចិត្ត​ជានា​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​! សូម​ជូនពរ​បវរ សិរីសួស្តី​ជ័យមង្គល​ល្អ ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ ប្រទេស​សាន្តត្រាណ យើង​បាន​ជួប​ជុំ​គ្នា​ក្នុង​បរិយាកាស​រុង​រឿង​ល្អូក​ល្អិន គ្មាន​អំពើ​ស្អុយ​គគ្រុក​ពុករលួយ​ឯណា​នឹង​ឮ​មក​ដល់​ត្រចៀក​យើង​ទៀត​ឡើយ​។ ខ្មែរ​ចាប់​ផ្តើម​ជានា​គ្នា​ហើយ... ជយោ!!!៕

No comments:

Post a Comment

yes