សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

បក្ស​ប្រឆាំង​ស្វែង​រក​យន្តការ​ចរចា​ឡើង​វិញ

130927_03
ប្រធាន និងអនុ​ប្រ​ធាន គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និ​សីទកាសែត​
នៅស្នាក់​ការ​គណបក្ស​
បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​របស់​គណបក្ស​កាល​ពី​ម្សិលមិញ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា គណបក្ស​នេះ​នឹង​ស្វែង​រក​ការ​ចាប់​ផ្តើម​ចរចា​ឡើង​វិញ ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​អាច​នឹង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល។
ការ​ប្រកាស​នេះ​អាច​ជា​របត់​ផ្លាស់​ប្តូរ​មួយ បន្ទាប់​ពី​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​របស់​គណបក្ស ដែល​កាល​នោះ​លោក សម រង្ស៊ី បាន​គំរាម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល « ខុស​ច្បាប់» និង​បាន​ថ្លែង​ថា កម្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាំង​ក្លា​បំផុត​ប្រសិន​បើ​ខ្លួន​នៅ​តែ​នៅ​ក្រៅ​រដ្ឋសភា។
លោក សម រង្ស៊ី បាន​ថ្លែង​កាល​ពី​យប់​មិញ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​ជម្រាប​ថា យើង​នឹង​ពិចារណា​យក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បន្ទាប់​ពី​យើង​ធ្វើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។
លោក​បន្ត​ថា ៖ «នៅ​ក្នុង​ការ​ចរចា​ទាំង​នេះ យើង​នឹង​សុំ​ឲ្យ​មាន​កំណែ​ទម្រង់​ជា​បន្ទាន់ ដែល​មិន​តម្រូវ​ពេល​វេលា​និង​ប្រាក់​កាស ដើម្បី​អនុវត្ត​ឡើយ»។
លោក សម រង្ស៊ី បាន​បន្ថែម​ថា គណបក្ស​របស់​លោក​បាន​រៀបចំ​បញ្ជី​នៃ​ការ​ទាមទារ​ចំនួន ១០ ហើយ​ដែល​ការ​ទាមទារ​មួយ ក្នុង​ចំណោម​ការ​ទាមទារ​ទាំង​នោះ គឺ​នៅ​តែ​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត «វាយតម្លៃ​និង ដោះស្រាយ» ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។
វិធានការ​បន្ទាន់ ដែល​តម្រូវ​ដោយ​គណបក្ស​ប្រឆាំង នឹង​មាន​ដូចជា ការ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ឈើ និង «ការ​រំលោភ​យក​ដីធ្លី» ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច។
បញ្ហា​ទាំង​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​នៅ​ក្នុង​យុទ្ធសាស្រ្ត​រយៈ​ពេល​ប្រាំ​ឆ្នាំ របស់​រាជ​រដ្ឋាភិបាល​ដែល​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។
បន្ទាប់​ពី​ការ​អនុម័ត​បង្កើត​គណៈ​រដ្ឋ​មន្រ្តី​នៅ​ក្នុង​ការ​បោះឆ្នោត ជា​ឯកច្ឆន្ទ​ដែល​មាន​តែ​គណបក្ស​មួយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ «បើក​ទ្វារ​ចំហ​សម្រាប់​ការ​ចរចា» ជាមួយ​គណបក្ស​ប្រឆាំង។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋាភិបាល​ដោយ​មិន​មាន​វត្តមាន​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គឺ​ស្មើ​ទៅ​នឹង «រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ»។
លោក សម រង្ស៊ី ក៏​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ផង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សុំ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​មួយ​ដែល​រួម​បញ្ចូល​គណបក្ស​ប្រឆាំង តំណាង​សង្គម​ស៊ីវិល​និង​សមាជិក​សហគមន៍​មូលដ្ឋាន​ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​កំណែ​ទម្រង់​សមស្រប​តាម​ការ​សន្យា។
លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ បាន​គំរាម​បង្ហាញ​ចេញ​នៅ​លើ ហ្វេសប៊ុក នូវ​សំឡេង​ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ព្រម​បោះបង់​ការ​អំពាវនាវ​ឲ្យ​ខ្លួន ដែល​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត​ជា​ថ្នូរ​នឹង តំណែង​ប្រធាន​រដ្ឋសភា​ក្នុង​អំឡុង​ការ​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល របស់​គណបក្ស​ទាំង​ពីរ​កាល​ពី​សប្តាហ៍​មុន។
ប្រហែល​ជា​ការ​ឆ្លើយ​តប មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ការ​ចរចា​បន្ថែម​នឹង​ត្រូវ​មាន «តម្លាភាព» ដើម្បី​បង្ហាញ​សាធារណជន​ថា គណបក្ស​មិន​កំពុង​ស្នើ​សុំ​តំណែង​រដ្ឋាភិបាល​ទេ។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​ចង់​បង្ហាញ​ឲ្យ​ច្បាស់​អំពី​គំនិត​របស់​យើង ហើយ​យើង​ចង់​ចែក​រំលែក ហើយ​នឹង​មិន​មាន​ការ​ពិភាក្សា​សម្ងាត់​អី​ទេ ហើយ​យើង​នឹង​រីករាយ ប្រសិន​បើ​វា​នឹង​ត្រូវ​ចាក់​ផ្សាយ​ទូទាំង​ប្រទេស»។
លោក សម រង្ស៊ី បន្ត​ថា៖ «ប្រសិន​បើ​មាន​តំណែង​ណា​មួយ វា​គ្រាន់​តែ​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​កំណែ​ទម្រង់។ ប៉ុន្តែ សំខាន់​បំផុត​គឺ​កំណែ​ទម្រង់​ពួក​គេ ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ»។
អ្នក​វិភាគ​នយោបាយ លោក កែម ឡី បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ចំពោះ​វិធីសាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ទង្វើ​ល្អ ពីព្រោះ​ថា គេ​បាន​ដាក់​តម្រូវ​ការ​ប្រជាជន មុន​បញ្ហា​នយោបាយ។
លោក​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា វា​ល្អ ប្រសិន​បើ​ពួក​គេ​ចាប់​ផ្តើម​ចរចា​គ្នា​ឲ្យ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ពួកគេ​គួរ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព ទៅ​លើ​បញ្ហា​អន្តោប្រវេសន៍ ការ​រំលោភ​យក​ដីធ្លី ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បក្ខពួក​និយម និង​បញ្ហា​បង្កើត​ស្តង់ដារ​សេវា​សាធារណៈ​ផង​ដែរ»។
បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ដាក់​បង្ហាញ​របៀបវារៈ​កំណែ​ទម្រង់​ទាំង ១០ ចំណុច​របស់​ខ្លួន​ក៏​ដោយ ក៏​លោក កែម ឡី មាន​សង្ឃឹម​ថា របៀប​វារៈ​នោះ​នឹង​មាន​គោលដៅ​ទៅ​រក​បញ្ហា​យន្តការ​ជាតិ​ដែល​គ្មាន​ប្រសិទ្ធភាព ដូចជា គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ហើយ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។
លោក កែម ឡី បន្ថែម​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​មិន​គួរ​ប្រើ​ដើម្បី ផ្លាស់​ប្តូរ​លទ្ធផល​បោះឆ្នោត​ទេ ប៉ុន្តែ​គឺ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត​សម្រាប់​អនាគត។
លោក កែម ឡី បន្ត​ទៀត​ថា៖ «ពួក​គេ ត្រូវ​តែ​គិត​គូរ អំពី​បញ្ហា​ប្រឈម​ទាំង​អស់​ដែល​កើត​ឡើង​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ការ​បោះឆ្នោត [មិន​មែន​ដើម្បី​កែ​លទ្ធផល​ទេ]»៕ 

No comments:

Post a Comment

yes