សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

អាជ្ញាធរ​រំខាន​ការ​ជួប​ជុំ​រវាង​សង្គម​ស៊ីវិល​និង​ពលរដ្ឋ

130927_04
ក្រោយ​ពី​មាន​ការ​រំខាន​ពី​អា​ជ្ញា​ធរ អង្គ​ការ​អាដ​ហុក​ នៅ​តែ​បន្ត​ជួប​ប្រជុំ​​ជា
មួយ​អ្នក​ភូមិ​​នៅ​ឃុំ​ប៉ា​តាង
 អាជ្ញាធរ​ឃុំ ប៉ាតាង ក្នុង​ស្រុក លំផាត់ បាន​រារាំង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​និង​ជនជាតិ​ដើម​ភាគ​តិច មិន​ឲ្យ​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា ដើម្បី​រៀនសូត្រ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ​ដែល​កំពុង​តែ​ទទួល​រង​ការ​រំលោភ​បំពាន និង​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។
លោក ឆាយ ធី មន្រ្តី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ក្នុង​ឃុំ ប៉ាតាង ដែល​រួម​មាន​នាយ​ប៉ុស្តិ៍ មេភូមិ​និង​កម្លាំង​ការពារ​សន្តិសុខ​ភូមិ​ចំនួន ៧ នាក់ បាន​រារាំង​លោក​មិន​ឲ្យ​ជួប​ប្រជុំ​ជាមួយ​នឹង​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ១៩ នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​ម៉្ងៃ។ លោក​បញ្ជាក់​ថា៖ «ជា​ការងារ​ខ្ញុំ​ដែល​ត្រូវ​ចុះ​ជួប​ប្រជុំ​និង​បង្រៀន​ប្រជា​ពលរដ្ឋ ពី​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​តវ៉ា ដាក់​ពាក្យ​បណ្តឹង និង​ការ​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃឈើ និង​រ៉ែ តែ​អាជ្ញាធរ​មូលដ្ឋាន បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​មក​ហាម​ឃាត់»។
សកម្មជន សិទ្ធិ​មនុស្ស​ដដែល​នេះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​តំបន់​នោះ​ជនជាតិ​ភាគ​តិច​កើត​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឌីអឹម គ្រុប លើ​ទំហំ​ដី ២៦០ ហិកតា ក្នុង​ឆ្នាំ ២០០៥ ហើយ​ខែ កក្កដា ឆ្នាំ ២០១២ អាជ្ញាធរ​មូលដ្ឋាន ក្នុង​ភូមិ និង​ឃុំ ប៉ាតាង ដែល​រួម​មាន​ទាំង​ប៉ូលិស​ផង​នោះ​ធ្លាប់​បាន​គំរាម​កំហែង និង​រារាំង​មន្ត្រី អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ (ដែល​កាល​នោះ​ជា​អ្នក​សម្រប​សម្រួល) និង​លោក ឈឹម សាវុធ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មិន​ឲ្យ​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​នឹង​ប្រជា​សហគមន៍។
លោក​ឲ្យ​ដឹង​ទៀត​ថា៖ «កាល​ឆ្នាំ​នោះ អាជ្ញាធរ​រារាំង​បាន​សម្រេច ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ ខ្ញុំ​ជម្នះ​ប្រជុំ​ទាល់​តែ​បាន​ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ តែ​ផ្ទុយ​ទៅ​វិញ វា​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ ហើយ​អង្គការ​ខ្ញុំ ចុះ​បញ្ជី​ត្រឹម​ត្រូវ»។ មន្រ្តី​អង្គការ​រូប​នេះ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចូល​រួម​ប្រជុំ​ជាមួយ​គ្នា ដើម្បី​បាន​ដឹង​ពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នោះ​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ថា អង្គការ​សង្គម​ស៊ីវិល​ដើរ​ញុះញង់​ប្រជា​ពលរដ្ឋ។
មេភូមិ ប៉ាតាង លោក ថេង មាំង បាន​ឲ្យ​ដឹង​ថា មន្ត្រី​អង្គការ អាដហុក លោក ឆាយ ធី មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ទេ​នៅ​មុន​ពេល​ដែល​បើក​កិច្ច​ប្រជុំ​នោះ។
លោក​មេភូមិ​បាន​បញ្ជាក់​ថា៖ «រឿង​ប្រជុំ​ពី​សិទិ្ធ​មនុស្ស និង​ច្បាប់​ផ្សេងៗ​នោះ​យើង​មិន​ហាម​ឃាត់​ទេ តែ​សូម​ឲ្យ​មាន​ការ​ផ្តល់​ដំណឹង​តាម​ទូរស័ព្ទ​ឬ​លិខិត​ក៏​បាន​ដែរ​។ យើង​ជា​អ្នក​គ្រប់​គ្រង​តែង​តែ​សួរ​នាំ​អ៊ីចឹង​ហើយ ពេល​មាន​ការ​ជួប​ជុំ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​នោះ»។
ប្រជា​សហគមន៍​លោក ហ្យាយ ខាំណា អាយុ ៥០ ឆ្នាំ ដែល​បាន​ចូល​រួម​ប្រជុំ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពិត​ជា​បាន​រារាំង​បញ្ឈប់​ការ​ប្រជុំ​នោះ​មែន តែ​ក្រោយ​ពី​ការ​សម្រប​សម្រួល​គ្នា​ក៏​បាន​បន្ត​ប្រជុំ​រហូត​ដល់​ចប់។

លោក​បន្ត​ថា៖ «បន្ទាប់​ពី​ការ​ប្រជុំ​បែប​នោះ​ពួក​យើង​ខ្ញុំ​មាន​ការ​យល់​ដឹង​ខ្លះៗ​ពី ច្បាប់​និង​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ។ កម្រ​មាន​អ្នក​មក​បង្រៀន​បែប​នេះ​ណាស់ ហើយ​ចង់​ឲ្យ​មាន​ការ​បង្រៀន​បែប​នេះ​ច្រើន​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ»៕

No comments:

Post a Comment

yes