ប្រជាពលរដ្ឋនៅក្នុងភូមិស្លែង ខណ្ឌមានជ័យដែលបានទទួលរងនូវ
ជំនន់ទឹកភ្លៀង។ រូបថត ហេង ជីវ័ន
ក្រសួង ធនធានទឹក និងឧតុនិយមបានប្រកាសឲ្យដឹងកាលពីម្សិលមិញថា កម្ពុជានឹងរងនូវឥទ្ធិពលខ្យល់ព្យុះថ្មី ឈ្មោះ ណារី ចាប់ពីថ្ងៃ ទី១៦ តុលា ដល់ ១៨ ដែលនឹងប៉ះពាល់ខេត្តចំនួន ១៣ នឹងធ្វើឲ្យកម្រិតទឹកទន្លេមេគង្គឡើង បន្តិច ខណៈទឹកជំនន់ចាប់ផ្តើមស្រក ដែលបានបណ្តាលឲ្យមនុស្សចំនួន ១២២ នាក់បានស្លាប់និងប៉ះពាល់ប្រជាពលរដ្ឋជាង ១ លាន ៥ សែននាក់។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹកបានថ្លែងនៅក្នុងសេចក្តីជូនដំណឹងថា ឥទ្ធិពលខ្យល់ព្យុះ ណារី នឹងមានភ្លៀងធ្លាក់មធ្យមនិងបង្គួរធ្វើឲ្យទឹកទន្លេមេគង្គឡើងបន្តិច ហើយខេត្តដែលរងប៉ះពាល់នោះមានដូចជា ខេត្ត ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង កោះកុង កែប កំពត និងខេត្ត ព្រះសីហនុ។លោកថា៖ «កម្ពុជានឹងរងឥទ្ធិពលព្យុះ ណារី ធ្វើឲ្យទឹកឡើងបន្តិចហើយរលកសមុទ្រមានកម្ពស់ពីមួយម៉ែត្រទៅ ២ ម៉ែត្រ»។
ជាមួយគ្នានេះ លោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួង ធនធានទឹកនិងឧតុនិយមបានថ្លែងឲ្យដឹងថា ទំនប់ទឹកអាង ត្រពាំងថ្ម មិនមែនប្រេះនោះទេ គឺគ្រាន់តែជ្រាបដោយសារទំនប់ធ្វើឡើងដោយដី ហើយទំនប់នាពេលបច្ចុប្បន្នផ្ទុកទឹករហូតទៅដល់ ២០០ លានម៉ែត្រគុប ទៅហើយ ធ្វើស្ថានភាពទឹកស្ថិតនៅក្នុងការព្រួយបារម្ភពីរលកទឹក។ តែទោះជាយ៉ាងណាក៏ដោយស្ថានភាពមិនធ្ងន់ធ្ងរនោះទេ ព្រោះមន្រ្តីជំនាញបានរៀបចំទប់ទឹករួច។
លោកថា៖ «មន្រ្តីជំនាញធ្វើការទាំងថ្ងៃទាំងយប់ដើម្បីរៀបចំទប់ទឹក ដោយប្រើប្រាស់បាវខ្យល់ និងរថយន្ត ហើយស្ថានភាពមិនធ្ងន់ធ្ងរគួរឲ្យមានការព្រួយបារម្ភនោះទេ»។
លោក ហឹម ផាន អធិការ ស្រុក ភ្នំស្រុក បានថ្លែងថា ប្រជាពលរដ្ឋលែងបារម្ភបន្ទាប់ពីមានការពារទំនប់ទាំងយប់ពី មន្រ្តីជំនាញនិងក្រសួង ធនធានទឹកហើយប្រជាពលរដ្ឋខ្លះបានត្រឡប់មកផ្ទះវិញ។
នៅក្នុងបេសកកម្មជួយជនរងគ្រោះដោយទឹកជំនន់នេះអង្គការទស្សនៈពិភពលោក ក៏បានចែកចាយដបទឹកដែលមានចំណុះ ២០លីត្រ ចំនួន ៧០០ ដប កញ្ចប់ថ្នាំសម្លាប់មេរោគក្នុងទឹក ២០៩,៤៤០ កញ្ចប់ ធុងសំរាម ១០០ បង្គន់ ៥០ ធុងទឹកដែលមានចំណុះ ៣០០០ លីត្រចំនួន ៤ ធុងនិងសាងសង់តំបន់កុមារមេត្រីចំនួន ១០ កន្លែង។
លោក ស្រី ទិត វតនា មន្រ្តីអង្គការទស្សនៈពិភពលោកបានថ្លែងឲ្យដឹងថាអង្គការបាន ប្រមូលក្មេងប្រមាណជា ២០០ នាក់ពីកន្លែងជម្លៀសដើម្បីមកអប់រំពី សុវត្ថិភាពចៀសវាងពីការលង់ទឹកនិងការធ្វើអនាម័យខ្លួនក្នុងរដូវ ទឹកជំនន់។ លោកស្រីថា៖ «យើងចុះមកបង្រៀនពួកគេពីការធ្វើអនាម័យខ្លួននិងប្រយ័ត្នពេលទឹកជំនន់ដែលជាចំណុចគ្រោះថ្នាក់ ដែលភាគច្រើនជាកុមារស្លាប់ដោយការលង់ទឹក»។
លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចទំនាក់ទំនងធ្វើការអត្ថាធិប្បាយបានទេ។
យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាទឹកជំនន់ធ្វើឲ្យមនុស្សចំនួន ១២២ នាក់ស្លាប់និងប៉ះពាល់ប្រជាពលរដ្ឋជាង ១ លាន ៥ សែននាក់៕
No comments:
Post a Comment
yes