ប្រជាពលរដ្ឋផ្តិតមេដៃគាំទ្រគណបក្សសង្គ្រោះជាតិ។ រូបថត ស្រេង ម៉េងស៊្រុន
គណបក្ស សង្គ្រោះជាតិ ក្រុង ប៉ោយប៉ែត កំពុងស្វះស្វែងសុំអន្តរាគមន៍ទៅសាលាខេត្ត បន្ទាយមានជ័យ ដើម្បីសុំឯកសារស្នាមមេដៃដែលអាជ្ញាធរមូលដ្ឋាន បានចាប់ដកហូតយកកាលពីថ្ងៃចន្ទ។
ចាប់តាំងពីការធ្វើសមាជប្រជាជននៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ ទី៦ តុលា មក គណបក្ស សង្គ្រោះជាតិ បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ តាមខេត្តក្រុង រាជធានី ឲ្យបានរាប់លាននាក់ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ សុំឲ្យជួយអន្តរាគមន៍ដោះស្រាយនូវភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃ ទី២៨ ខែ កក្កដា។
លោក មាន សារិទ្ធ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ក្រុង ប៉ោយប៉ែត បានឲ្យដឹងម្សិលមិញថា កាលពីថ្ងៃចន្ទមេភូមិ គីឡូម៉ែត្រ លេខ ៤ លោក សេង ឡុង នៃ សង្កាត់ ផ្សារ កណ្តាល ក្រុង ប៉ោយប៉ែត បានមកកញ្ឆក់យកសៀវភៅមួយក្បាលដែលមានស្នាមមេដៃ ពលរដ្ឋប្រមាណជាង ៧០ នាក់នៅដែលពេលក្រុមការងារកំពុងប្រមូលស្នាមមេដៃ ពីពលរដ្ឋ។ នៅពេលនោះ មានការទាស់ពាក្យសម្តីគ្នា ចំពោះការកញ្ឆក់សៀវភៅ តែមេភូមិក៏បានយកសៀវភៅទុក និងបានបញ្ជូនទៅថ្នាក់ឃុំ។
លោកបានបន្តថា៖ «លោកមេភូមិថា យើងប្រមូលស្នាមមេដៃគឺខុសច្បាប់។ ខ្ញុំសួរគាត់ថា ខុសកន្លែងណា យើងគ្រាន់តែសុំតាមការស្ម័គ្រចិត្ត ដើម្បីដាក់ជូនអន្តរជាតិរឿងមិនប្រក្រតីនៃការបោះឆ្នោត តែគាត់នៅតែមិនឲ្យហើយក៏ថា គាត់បានបញ្ជូនទៅមេឃុំហើយ។ ពេលសួរមេឃុំ គាត់ថា បញ្ជូនទៅក្រុងពេលសួរក្រុងគេថាសៀវភៅនេះ ដល់ចៅហ្វាយខេត្តហើយ»។
លោក បន្តថា៖ «យើងនឹងសុំឯកសារយើងមកវិញដើម្បីបន្តការប្រមូលស្នាមមេដៃ។ បើមិនឲ្យយើងនឹងដើរសុំស្នាមមេដៃពលរដ្ឋដដែលម្តងទៀត»។
លោក មាន សារិទ្ធ ក៏បានឲ្យដឹងដែរថា លោកមេភូមិ បានដើរប្រាប់ពលរដ្ឋក្នុងភូមិកុំឲ្យផ្តល់ស្នាមមេដៃគាំទ្របក្សសង្គ្រោះជាតិ និងពន្យុះឲ្យពលរដ្ឋ ប្រើអំពើហិង្សាចំពោះអ្នកណាដែលសុំស្នាមមេដៃទៀតផង ដែលនេះលោកថា «ជាការបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ»។
នៅរាជធានី ភ្នំពេញ កាលពីសប្តាហ៍មុន អាជ្ញាធរ ក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិបង្វែរការប្រមូលស្នាមមេដៃតាមទីសាធារណៈ ទៅកាន់ទីស្នាក់ការគណបក្សវិញផងដែរ ជាអ្វីដែលអាជ្ញាធរ បានលើកហេតុផលថា ដើម្បីចៀសវាងនូវរាល់បាតុភាពអសកម្ម ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោក សេង ឡុង មេភូមិ គីឡូម៉ែត្រ លេខ ៤ បានថ្លែងថា លោកពិតជាបានដកហូតសៀវភៅមួយក្បាលដែលមានស្នាមមេដៃរបស់ពលរដ្ឋ គាំទ្រគណបក្សសង្គ្រោះជាតិពិតមែន ដោយសារគណបក្សនេះ មិនបានសុំការសហការ និងជូនដំណឹងអាជ្ញាធរ។
លោកបន្តថា៖ «ក្នុងនាមអាជ្ញាធរដែនដីខ្ញុំសូមជម្រាបថាគណបក្សនេះ មិនសហការ ឬជូនដំណឹងមកខ្ញុំទេ ធ្វើឲ្យពលរដ្ឋនៅទីនេះ មានភាពច្របូកច្របល់មិនយល់។ ណាមួយការប្រមូលស្នាមមេដៃ គឺខុសនីតិវិធីខុសប្រធានបទ ព្រោះគាត់បានដើរប្រាប់ពលរដ្ឋថា ប្រមូលយកទៅចែកអំណោយទឹកជំនន់»។ ការនិយាយកុហកថា យកទៅចែកអំណោយទឹកជំនន់ ត្រូវបានមេភូមិអះអាងថា ពលរដ្ឋ ៤៦ នាក់ ដែលបានផ្តិតមេដៃកំពុងធ្វើពាក្យប្តឹងសុំលុបស្នាមមេដៃពួកគាត់វិញ។ «ខ្ញុំក៏មិនប្រាកដថា ពលរដ្ឋប្តឹងលើបទចោទអ្វីនោះដែរ ព្រោះគេបោកបញ្ឆោតពលរដ្ឋថា យកស្នាមមេដៃដើម្បីចែកអំណោយទឹកជំនន់»។
លោក កែរ សម្ផស្ស ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ គណបក្ស សម រង្ស៊ី បានឲ្យដឹងកាលពីម្សិលមិញថា ក្រៅពីក្រុង ប៉ោយប៉ែត មានស្រុក ភ្នំស្រុក និងស្រុក ព្រះនេត្រព្រះ ដែលសរុបទាំងអស់មាន ៥ ករណី តាំងពីថ្ងៃទី ១៣ តុលា មក ដែលអាជ្ញាធរ បានចាប់យកសៀវភៅស្នាមមេដៃពីគណបក្សសង្គ្រោះជាតិទុក។
លោកថ្លែងថា៖ «គេប្រើរូបភាពសុំមើលសៀវភៅរួចក៏ដកហូត។ គេថា យើងធ្វើខុសច្បាប់ តែអ្វីដែលយើងធ្វើ គ្រាន់តែស្នើសុំតាមការស្ម័គ្រចិត្តដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត»។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស អាដហុក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា ការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដែលធ្វើឡើងតាមការស្ម័គ្រចិត្ត មិនមានអ្វីខុសច្បាប់ទេ លើកលែងតែធ្វើឡើងដោយការបង្ខិតបង្ខំ៕
No comments:
Post a Comment
yes