លោក សម រង្ស៊ី ពេលទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី០៧ខែតុលា
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា លោកនឹងជួបជាមួយមន្ត្រីអង្គការសហ ប្រជាជាតិ ក្នុងដំណើរការទូតរបស់លោកនៅក្រៅប្រទេស ដោយជំរុញឲ្យដកអាសនៈរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន ចេញពីអង្គការសហប្រជាជាតិ។
នៅថ្ងៃចន្ទ វេលាម៉ោងជិត៣រសៀលនេះ លោក សម រង្ស៊ី បានបញ្ចប់ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យមួយ ក្នុងភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។លោក សម រង្ស៊ី បានឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីចុះឈ្មោះបោះឆ្នោតថា លោកនឹងចាកចេញទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅវេលាម៉ោង៨និង៣០នាទីថ្ងៃចន្ទនេះ ដោយនឹងពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអង់គ្លេស កុំឲ្យទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថា«ខុសរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាទីក្រុងប៉ារីស»។
ដំណើរទៅក្រៅប្រទេសផ្នែកការទូតរបស់លោក សម រង្ស៊ី នឹងមានរយៈពេលពីរសប្តាហ៍។ លោកសម រង្ស៊ី បន្ថែមថា ដំណើរការទូតរបស់លោក នឹងបន្តទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា។
លោកសម រង្ស៊ី បញ្ជាក់ថាលោកនឹងជួបជាមួយមន្ត្រីអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យដកអាសនៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។លោកបន្តថា លោក ក៏នឹងធ្វើចលនាជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីឲ្យស្ថាប័នអន្តរជាតិទាំងនោះ ដាក់លក្ខខណ្ឌសម្រាប់ជំនួយមកកម្ពុជា។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាល ទាក់ទងនឹងបញ្ហានេះ បាននៅឡើយទេ។ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ខែកញ្ញា បានចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថា អស់សុពលភាព សម្រាប់ប្រទេសកម្ពុជា នៅពេលនេះ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិរួចទៅហើយ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនត្រូវការជនបរទេស ឬឯកអគ្គរដ្ឋទូតប្រទេសណាមួយ ប្រមុខរដ្ឋប្រទេសណាមួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នៅកម្ពុជានោះទេ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ៕
No comments:
Post a Comment
yes