សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីសុំកន្លែងទីលានប្រជាធិបតេយ្យ ប្រារព្ធពិធីទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ខាងមុខនេះ។
លិខិតចេញផ្សាយនៅថ្ងៃទី០៧ ខែតុលានេះ ឲ្យដឹងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មាតាសិស្ស សិស្ស និស្សិត យុវជន កម្មករ សហគម សហជីព និងអង្គការសង្គមស៊ីវិល ចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ វេលាម៉ោង៨ព្រឹក។
ពិធីអបអរសាទរនេះ ក្នុងគោលបំណងគោរពនូវទួនាទីដ៏សំខាន់របស់គ្រូបង្រៀន ដែលបានផ្ដល់ចំណេះដឹង ឲ្យសិស្សានុសិស្ស គ្រប់កម្រិតសិក្សា និងដើម្បីទាញយកការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងសាធារណជន ចំពោះតួនាទីគ្រូបង្រៀននៅទូទាំងប្រទេសដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ ធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់។
នៅក្នុងលិខិតដដែល សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយវិបត្តិដូចជា ដំឡើងប្រាក់បៀវត្សរ៍អប្បបរមា ១លានរៀលក្នុងមួយខែ សម្រាប់គ្រូបង្រៀន ផ្ដល់សិទ្ធិសេរីភាពដល់លោកគ្រូ អ្នកគ្រូ ឲ្យបានពេញលេញ និងបញ្ឃប់ការរើសអើងនឹងគ្រូបង្រៀននៅកន្លែងការងារ និងត្រូវវិនិយោគលើគ្រូបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំចំណេះដឹងទូទៅ និងឧត្តមសិក្សានៅកម្ពុជា។
ទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០១៣នេះ នឹងលើកយកប្រធានបទ៖ «អំពាវនាវចំពោះគ្រូបង្រៀនទាំងអស់ឲ្យយកចិត្តទុកដាក់ជាគំរូសម្រាប់គុណភាពអប់រំ»។ កម្មវិធីនេះ នឹងមានការចូលរួមពីសមាជិក សមាជិកា សហគមន៍លោកគ្រូ អ្នកគ្រូ កម្មករ យុវជន សិស្ស និស្សិត អាណាព្យាបាលសិស្ស សហជីព អង្គការជាតិ និងអង្គការអន្តរជាតិ ប្រមាណជាង៦០០នាក់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា លោក មិនទាន់បានទទួលលិខិតពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយ។
អ្នកចូលរួមទិវាគ្រូបង្រៀនពិភពលោកនេះ នឹងដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូន ក្រសួងអប់រំ យុវជន និងកីឡា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភាជាតិ៕
No comments:
Post a Comment
yes