សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

សេដ្ឋី​រុស្ស៊ី​គ្រោង​ប្តឹង​មន្ត្រី​កម្ពុជា​ពី​បទ​ជំរិត​ប្រាក់

 មេធាវី​កម្ពុជា​ដែល​តំណាង​ឲ្យ​សេដ្ឋី​អចលន​ទ្រព្យ​រុស្ស៊ី​ឈ្មោះ Sergei Polonsky ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ដាក់​បណ្តឹង​ចំនួន​បួន​ទៅ​សាលា​ដំបូង​ខេត្ត ព្រះ​សីហនុ ដោយ​ចោទ​ប្រកាន់​ពាណិជ្ជករ​រុស្ស៊ី​ដែល​រស់​នៅ​ក្នុង​ប្រទេស កម្ពុជា ពី​បទ​គំរាម​យក​ប្រាក់​ពី​កូន​ក្តី​របស់​លោក​ចំនួន​រាប់​រយ​លាន​ដុល្លារ​និង​កំពុង​រៀបចំ​បណ្តឹង​ចំនួន ១៧ ផ្សេង​ទៀត​ប្រឆាំង​ទៅ​លើ​មន្រ្តី​កម្ពុជា​ជាច្រើន​រូប​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។
ខណៈ​កំពុង​សុំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​លោក Polonsky ក្នុង​ប្រទេស​កម្ពុជា​មុន​ធ្វើ​បត្យាប័ន​គាត់​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​កិបកេង​ប្រាក់​លោក​មេធាវី រស់ ស៊ីថា បាន​ថ្លែង​ថា លោក​កំពុង​រៀបចំ​បណ្តឹង​ចំនួន ១៧ ប្រឆាំង​ទៅ​លើ​មន្រ្តី​កម្ពុជា «ពុក​រលួយ» និង​ពាណិជ្ជករ។
លោក​បាន​ថ្លែង​បន្ត​ថា៖ «លោក​នៅ​មាន​សំណុំ​រឿង​នៅ​សាលា​ដំបូង​ខេត្ត ព្រះសីហនុ នៅ​ឡើយ​ដូច្នេះ​យើង​ចង់​ឲ្យ​តុលាការ​ធ្វើ​ការ​កាត់​ទោស​នៅ​ទី​នេះ​មុន​ពេល​បញ្ជូន​គាត់​ទៅ​ប្រទេស រុស្ស៊ី»។
ដីកា​ចាប់​ខ្លួន​សេដ្ឋី​រូប​នេះ​ក្នុង​ប្រទេស​រុស្ស៊ី​ពាក់​ព័ន្ធ​ករណី​កិប​កេង​ប្រាក់ ១៧៦ លាន​ដុល្លារ ពី​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ ត្រូវ​បាន​ចេញ​កាល​ពី​ខែ សីហា។ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​គាត់​នៅ កោះ រ៉ុង ជិត​ឆ្នេរ​ខេត្ត ព្រះសីហនុ កាល​ពី​ថ្ងៃ ទី១០ ខែ វិច្ឆិកា បន្ទាប់​ពី​មាន​សំណើ​ពី​ប្រទេស រុស្ស៊ី សុំ​ធ្វើ​បត្យាប័ន​គាត់។
លោក Polonsky ជា​ម្ចាស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ឈ្មោះ Mirax ដែល​បាន​បញ្ឈប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០១១។ គាត់​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ៣ខែ ក្នុង​ខេត្ត ព្រះសីហនុ កាល​ពី​ដើម​ឆ្នាំ​នេះ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​អ្នក​បើក​ទូក ៦នាក់ ប៉ុន្តែ​ក្រោយ​មក​គាត់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។
លោក​បាន​ថ្លែង​ថា លោក​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្រសួង យុត្តិធម៌ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ប្រាប់​ទេ​ថា តើ​នៅ​ពេល​ណា​ពួក​គេ​ធ្វើ​បត្យាប័ន Polonsky។
«Polonsky អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ជាង ១០ឆ្នាំ ក្នុង​ប្រទេស រុស្ស៊ី ប្រសិន​បើ​គាត់​ត្រូវ​បាន​ធ្វើ​បត្យាប័ន»។
លោក ប៊ូ ប៊ុនហាង ព្រះ​រាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត ព្រះ​សីហនុ ថ្លែង​ថា លោក​មិន​ទាន់​បាន​ឃើញ​បណ្តឹង​ពី​មេធាវី​របស់​លោក Polonsky ទេ។
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់ រុស្ស៊ី បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា Alexander Karabanov មេធាវី​របស់ Polonsky បាន​ថ្លែង​ថា កូន​ក្តី​របស់​គាត់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ជ្រោក​កោន​ក្នុង​នោះ​រួម​ទាំង​អាមេរិក។ ប៉ុន្តែ លោក តិល សាមុត ដែល​ជា​ជំនួយការ​ផ្ទាល់​និង​អ្នក​បកប្រែ​ឲ្យ Polonsky បាន​ថ្លែង​ថា Polonsky ដឹង​ថា​មិន​មាន​ការ​ផ្តល់​ឲ្យ​បែប​នេះ​ទេ។ លោក​ថា៖ «ខ្ញុំ​បាន​ពិនិត្យ​ព័ត៌មាន​នេះ​ជាមួយ​គាត់ (Polonsky) ហើយ ប៉ុន្តែ​វា​មិន​ផ្លូវ​ការ​ទេ វា​គ្រាន់​តែ​ជា​អ្វី​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ រុស្ស៊ី ប៉ុណ្ណោះ»។ លោក​ថា៖ «អ្វី​ដែល​យើង​កំពុង​ធ្វើ​សម្រាប់​ករណី​នេះ​នា​ពេល​ឥឡូវ​នេះ​គឺ​សុំ​អន្តរាគមន៍​ពី​ក្រសួង យុត្តិធម៌ ឬ​អគ្គ​ព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​រក្សា​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បញ្ចប់​សំណុំ​រឿង​តុលាការ របស់​គាត់​ជា​មុន​សិន។ ជម្រើស​តែ​មួយ​ប៉ុណ្ណោះ​គឺ​ត្រូវ​រក្សា​គាត់​ឲ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ទៀត»៕

No comments:

Post a Comment

yes