ព្រះសង្ឃ និងសកម្មជនបំបួសដើមឈើ នៅតំបន់ទំនប់វារីអគ្គិសនី
ស្ទឹងអារ៉ែង កាលពីថ្ងៃពុធ ដើម្បីផ្ញើសារឲ្យរដ្ឋាភិបាល បញ្ឈប់គម្រោង
សង់ទំនប់ដែលបំផ្លាញធនធានធម្មជាតិ។ រូបថត សហការី
ព្រះសង្ឃ និងក្រុមនិស្សិតជាង ៧០ អង្គ-នាក់ បានធ្វើវេទិកាសហគមន៍ និងបំបួសដើមឈើជាង ១០០ ដើម នៅស្ទឹង អារ៉ែង ក្នុងស្រុក ថ្មបាំង ដើម្បីបញ្ជ្រាបចំណេះដឹងដល់សហគមន៍ ពីផលប៉ះពាល់នៃគម្រោងសាងសង់ទំបន់វារីអគ្គិសនី អារ៉ែង និងអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យបញ្ឈប់គម្រោងក្រុមហ៊ុនចិន ដែលធ្វើឲ្យវិនាសអន្តរាយដល់ធនធានធម្មជាតិក៏ដូចជាសត្វព្រៃ កម្រជាច្រើនប្រភេទនេះ។
វេទិកាសហគមន៍និងការបំបួសដើមឈើ ដែលធ្វើឡើងកាលពីថ្ងៃពុធថ្មីៗនេះ ត្រូវបានដឹកនាំដោយព្រះសង្ឃ ព្រះនាម ប៊ុត ប៊ុនតិញ ព្រះជន្ម ៣៤ ព្រះវស្សា ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ ព្រះសង្ឃនិងក្រុមនិស្សិត បាននិមន្ត និងធ្វើដំណើរដោយថ្មើរជើង លើចម្ងាយផ្លូវចំនួន ៦៤ គីឡូម៉ែត្រទាំងទៅ ទាំងមក ចូលទៅកាន់ស្ទឹង អារ៉ែង ដែលស្ថិតនៅក្នុងស្រុក ថ្មបាំង។
ព្រះតេជ គុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា ក្រុមអ្នកចូលរួម បានធ្វើធម្មយាត្រាជួបប្រជាពលរដ្ឋនៅតាមគេហដ្ឋាននីមួយៗ ហើយបានបំបួសដើមឈើចំនួន ១១៥ ដើម។ ព្រះអង្គមានថេរដីកាថា៖ «យើងបញ្ជ្រាបការយល់ដឹងដល់សហគមន៍ឲ្យបានយល់ពី ផលប៉ះពាល់នៃទំនប់អគ្គិសនីចិននេះ ហើយការបំបួសដើមឈើ គឺដើម្បីការពារព្រៃឈើនិងបរិស្ថានកុំឲ្យក្រុមហ៊ុនចិនបំផ្លាញ»។
ព្រះតេជគុណ ប៊ុនតិញ បន្តថា ប្រជាសហគមន៍ អាចនឹងទទួលបានផលប្រយោជន៍តិចតួចណាស់ ពីគម្រោងទំនប់វារីអគ្គិសនីនេះ ប៉ុន្តែពួកគាត់ទទួលផលប៉ះពាល់វិញគឺធ្ងន់ធ្ងរណាស់។ ចំពោះសំណង ១០០ ឬ ២០០ ដុល្លារ និងដីមួយកន្លែងវិញវាស្ទើរតែមិនអាចយកទៅរុះរើផ្ទះបានផង។ នេះមិនទាន់គិតពីថ្លៃសាងសង់ផ្ទះផងទេ។ ព្រះអង្គថា៖ «ប៉ះពាល់ទីមួយគឺមនុស្ស ទីពីរគឺធនធានធម្មជាតិ និង ទី៣ គឺប្រទេសតែម្តង ព្រោះមានតែកន្លែងនេះទេ ដែលនៅមានធនធានធម្មជាតិច្រើនបែបនេះ។ យើងនឹងបាត់បង់វាអស់។ សូមមើលភ្នំ បូកគោ នៅខេត្ត កំពត ជាឧទាហរណ៍ស្រាប់។ បន្ទាប់ពីអភិវឌ្ឍហើយ ឥឡូវវាក្លាយជាឋានសួគ៌សម្រាប់អ្នកមាន។ មិនសម្រាប់ពលរដ្ឋទូទៅនោះទេ។ វាអាក្រក់ខ្លាំងណាស់សម្រាប់ជាតិ និងពលរដ្ឋយើង»។ ព្រះអង្គសង្ឃឹមថា គម្រោងនេះនឹងបញ្ឈប់ ហើយបើមិនដូច្នេះទេ «អាត្មានឹងនៅទីនេះដើម្បីបូជាជីវិត សម្រាប់ជនរួមជាតិយើងទាំងអស់គ្នា ព្រោះបើរស់នៅបានសុខតែឯង ហើយជនរួមជាតិផ្សេងទៀតមានគ្រោះមិនជួយនោះ វាគ្មានន័យសម្រាប់រូបអាត្មាទេ»។
ព្រះអង្គមានសង្ឃដីកាផងដែរថា បន្ទាប់ពីធ្វើវេទិកាសហគមន៍នោះចប់ព្រះអង្គគ្រោងនឹងធ្វើការប្រមូល ផ្តុំព្រះសង្ឃរាប់រយពាន់អង្គនិងជនរួមជាតិទាំងអស់ធ្វើយុទ្ធនាការរួមគ្នាគ្រប់ទីកន្លែងដើម្បីហែក្បួនពី វត្តភ្នំ ទៅស្ថានទូត ចិន ក្នុងគោលបំណងផ្ញើសារទៅរដ្ឋាភិបាល កម្ពុជា និង ចិន កុំឲ្យបន្តធ្វើទំនប់នោះទៀត។
ប្រជាសហគមន៍ដែលជាគ្រូបង្រៀនម្នាក់លោក សុខ រស្មី បានឲ្យដឹងថា សហគមន៍លោកមិនទាន់បានទទួលសេចក្តីជូនដំណឹងណាមួយពីគម្រោងសាងសង់ទំនប់នោះទេ ប៉ុន្តែពួកលោកបានឃើញជនជាតិ ចិន ចុះទៅសិក្សានៅក្នុងមូលដ្ឋាននោះពីរ បីដងមកហើយ។ លោកថ្លែងថា៖ «កន្លែងនេះ មានធម្មជាតិច្រើនប្រភេទល្អណាស់ និងផ្តល់សេចក្តីសុខដល់យើង។ តែខ្ញុំពិតជាបារម្ភខ្លាំងណាស់ពេលដឹងពីគម្រោងនេះ»។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការ លីកាដូ បានឲ្យដឹងថា តំបន់ស្ទឹង អារ៉ែង លាតសន្ធឹងក្នុងឃុំ ជំនាប់ ឃុំ ប្រឡាយ និងឃុំ ថ្មដូនពៅ ស្រុក ថ្មបាំង។ លោកថា តំបន់នេះសម្បូរធនធានធម្មជាតិច្រើនប្រភេទ ហើយមានភ្នំជុំវិញ។ ប្រជាពលរដ្ឋភាគច្រើននៅទីនោះ ជាជនជាតិដើមភាគតិច។ លោក គង់ជិត បានបញ្ជាក់ថា៖ «ពលរដ្ឋជាង ៣៨០ គ្រួសារនឹងត្រូវរើចេញ ហើយព្រៃអារក្ស ដូនតាជនជាតិដើម និងសត្វកម្រនឹងត្រូវប៉ះពាល់»។
បណ្តាញសង្គម Facebook មួយឈ្មោះថា Mother Nature Cambodia ដែលមានអ្នកចុច Like ជាង ១ ម៉ឺននាក់បានបង្កើតឡើងដោយព្រះសង្ឃដើម្បីយុត្តិធម៌ធម្មជាតិ កំពុងធ្វើសកម្មភាពអំពាវនាវឲ្យបញ្ឈប់គម្រោងនេះបានសរសេរថា ការអភិវឌ្ឍវារីអគ្គិសនីនៅ អារ៉ែង ត្រូវការ ការពិចារណាម្តងទៀត ពីព្រោះថា វានឹងបំផ្លាញជម្រកដ៏សំខាន់ជាងគេនៅលើពិភពលោករបស់សត្វ ក្រពើភ្នំ និងបំផ្លាញព្រៃការពារភ្នំ ក្រវាញ ភាគកណ្តាល CCPF ចំនួន ១ ម៉ឺនហិកតាដែលជាជម្រករបស់ពពួកសត្វកម្រមានចំនួន ៣១ ប្រភេទ ជាពិសេស ដំរី និង ត្រីនាគ។ លើសពីនេះ ផ្លូវចូលនិងបណ្តាញបញ្ជូនអគ្គិសនីនឹងឆ្លងកាត់តាម CCPF ដែលនឹងបង្កើតឲ្យមានច្រកចូលសម្រាប់អ្នកកាប់ព្រៃឈើនិងអ្នកបរបាញ់ ព្រមទាំងនឹងធ្វើឲ្យទឹកអាងទំនប់ជន់លិចដល់ភូមិទាំង ៩ របស់ជនជាតិភាគតិច ដីស្រែចម្ការនិងព្រៃជាទីសក្ការ: របស់ពួកគេ។ល។
ក្រុមហ៊ុនចិន ដែលមានគម្រោងសាងសង់ទំនប់នៅស្ទឹង អារ៉ែង នោះ បានផ្ទេរគម្រោងពីក្រុមហ៊ុនមួយទៅមួយទៀត ហើយក្រុមហ៊ុនដែលកំពុងសិក្សានាពេលបច្ចុប្បនេះឈ្មោះថា China Guodian។
ទោះយ៉ាងណា លោក ស៊ុន ដារ៉ា អភិបាលរងខេត្ត កោះកុង បានថ្លែងថា សាលាខេត្ត មិនទាន់ដឹងពីគម្រោងសាងសង់ទំនប់នោះច្បាស់លាស់ទេ បើទោះបីជាកន្លងមក លោកធ្លាប់បានចុះទៅពិនិត្យស្ទឹង អារ៉ែង ក៏ដោយ។ លោកបានថ្លែងថា៖ «ពីមុនមានក្រុមហ៊ុនចិនមកសិក្សាតែបានផ្តេរទៅក្រុមហ៊ុនមួយទៀតហើយ។ ខ្ញុំជាអាជ្ញាធរនៅថ្នាក់ក្រោមបាត់ដំណឹងឈឹងពីគម្រោងនេះ»។
លោក ទឹង ស៊ីនី អគ្គនាយកនៃអគ្គនាយដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕
No comments:
Post a Comment
yes