សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 7, 2013

គណបក្ស​សង្គ្រោះ​ជាតិជំរុញ​សភាជាតិអនុម័ត​កញ្ចប់​ថវិកា​ជាតិសម្រាប់​ពលរដ្ឋ​ខ្ចី​​

លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​
(រូបថតដោយ តាំង វីដា​)

គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​សភាជាតិ អនុម័ត​កញ្ចប់​ថវិកា​ជាតិ នៅ​ឆ្នាំ​២០១៤ សម្រាប់​ផ្តល់​ជា​កម្ចី​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្ម​ជាតិ ជាពិសេស​​គ្រោះទឹកជំនន់​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បេក្ខភាព​ជាប់ឆ្នោត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ថ្លែងថា គ្រោះ​ទឹក​ជំនន់ ឆ្នាំ​​២០១៣ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាង ៣៧​ម៉ឺន​គ្រួសារ បាត់បង់​ដីធ្លី ស្រែចម្ការ​ និង​បាន​បង្ក​ជា​បញ្ហា​ចំណាកស្រុក​របស់​ប្រជាកសិករ ទៅកាន់​ប្រទេស​​ថៃ ដើម្បី​រក​ប្រាក់​សងបំណុល ឬ​គេចខ្លួន​ពី​បំណុល​។ លោក​ស្រី​ថា នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ដែល​គប្បី​រៀបចំ​ជា​កញ្ចប់​ថវិកា​ជាតិ ដាច់​ដោយឡែក និង​បើកចំហរ​ជា​សាធារណៈ ក្នុង​អត្រា​ការប្រាក់​ទាប សម្រាប់​ផ្តល់​ជា​កម្ចី​ដល់​ប្រជាពលរដ្ឋ ងាយស្រួល​សម្រប​ខ្លួន​នឹង​គ្រោះ​ធម្មជាតិ រួចផុត​​ពី​ការ​កើន​បំណុល​តាម​កម្ចី​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ ​៖​ "អ្វីដែលជាការ​សម្រួល​ដល់ប្រជា​ពលរដ្ឋ​យើង​ គឺ​យើង​ទាំង​អស់​​គ្នា ដែល​រួម​កម្លាំង​ត្រូវ​តែ​ធ្វើ ហើយ​ខ្ញុំ​ដឹង​ថា នៅ​ឆ្នាំ​២០១១ ក៏​រាជ​រដ្ឋាភិបាលបាន​ចាត់​វិធានការ​ហ្នឹង​ហើយ​ អញ្ចឹង​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ ហើយ​ការ​អំពាវនាវនេះ គឺ​អំពាវ​នាវ​ទាំងអស់ ហើយ​លិខិត​ខ្ញុំ​នឹង​សរ​សេរ​លិខិត​ជូន​ទៅដល់​ World Bankធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ធំៗដទៃ​ទៀត"។

ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា សុំ​ផ្អាក​ការ​ទារបំណុល​ពី​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​បញ្ចុះតម្លៃ​ការប្រាក់​១%​ក្នុង​១​ឆ្នាំ និង​បញ្ឈប់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ ពី​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅ​ឆ្នាំ​២០១៣​នេះ​។​
​សមាជិក​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាងថា បញ្ហា​នេះ គឺ​រដ្ឋាភិបាល បាន​រៀបចំ​ថវិកាជាតិ​បម្រុង​ជាង ១​ពាន់​លាន​ដុល្លារ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រចាំឆ្នាំ​។ លោក​បន្តថា់ រដ្ឋាភិបាល ក៏​បាន​ត្រៀម​នឹង​អនុម័ត​ថវិកា​ជាតិ សម្រាប់​ផ្តល់​ជា​កម្ចី​ដល់​ប្រជាពលរដ្ឋ និង​ប្រជាកសិករ តាមរយៈ​ធនាគារ​ជាតិ​កម្ពុជា​ ​៖ "កន្លង​ទៅ យើង​អំពាវ​នាវ​ទៅ​អេស៊ី​លីដា ទៅ​ស្អី​ៗផ្សេង​ទៀត​​ជា​ច្រើន​ Micro Finance តាម​មូល​ដ្ឋាន​នានា សុំ​ឲ្យ​គេ​កុំ ធ្វើម៉េច​គឺ​ថា​អនុ​គ្រោះ​ខ្លះ​ៗ កុំ​ឲ្យ​ពេល​ប្រជា​ជនគាត់​លំបាក​វេទនា​ យើង​​ទៅ​ជាន់​ក​គាត់​ថែម​ រាជរដ្ឋាភិបាល​ធ្វើ​តាម​រយៈធនាគារ ​ធនាគារ​ជាតិ​នៃ​កម្ពុជា ឯកឧត្តម​ទេសាភិបាល ជា ចាន់​តូ"។
​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង គិមអេង មានប្រសាសន៍ថា យន្តការ​ផ្តល់​កម្ចី​ថវិការ​ជាតិ​ដល់​ប្រជាពលរដ្ឋ គឺជា​ជម្រើស​ល្អ​មួយ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ តែ​ការអនុវត្ត​សេវា​នេះ មាន​ប្រសិទ្ធិភាព​លុះណាតែ​មាន​ការសម្រួល​និតីវិធី និង​ការរៀបចំ​ស្ថាប័ន​ជាតិ តាម​តំបន់ ដើម្បី​ងាយ​ដល់​ប្រជាពលរដ្ឋ​អាច​ទទួល​សេវា​នេះ​បាន​ ​៖ "ជួយ​​ប្រជា​ពលរដ្ឋ​​មែន​ទែន គឺ​ត្រូវ​តែឲ្យ​សេវា​ហ្នឹង​វា​ទៅ​ដល់​ភូមិ ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ហ្នឹង ចង់​ខ្ចី​​​គាត់គ្រាន់​តែ​​​ចំណាយ​ពេល​តែ​មួយ​ភ្លែត គាត់​ខ្ចីបាន អាហ្នឹង​បាន​មាន​ប្រ​សិទ្ធ​​ភាព បើ​សិន​ណា​​នៅ​ចង់​រក្សា​​ទុក​​នូវ​ធនា​គារ​ជាតិ​ហើយ​​ឲ្យ​ធនា​គារ​ជាតិ​ ដើរ​តួ​នាទីក្នុងការ​ធ្វើ​ហ្នឹង គឺ​ខ្ញុំ​គិត​ថា មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ប៉ុន្មាន​ទេ ព្រោះ​អី​ប្រជា​ពលរដ្ឋ​​អត់ហ៊ាន​មក​ខ្ចី​ទេ"។
កាលពី​ខែ​តុលា​កន្លងទៅ គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អនុម័ត​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​​នៅ​ឆ្នាំ​២០១៤ មាន​ទឹក​ប្រាក់​​ស្មើ​នឹង​ ​៣៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ តែ​ថវិកា​នេះ មិនទាន់​ដឹង​ថា ត្រូវ​ចំណាយ​លើ​ផ្នែក​អ្វីខ្លះ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes