មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) កាលពីថ្ងៃចន្ទម្សិលមិញ រិះគន់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀងករណីលោក ឈូក បណ្ឌិត ដោយមិនបានផ្លាស់ប្តូរបទចោទឲ្យរឹតតែស៊ីសង្វាក់ទៅនឹងស្ថានភាព នៃបទល្មើសដែលជនជាប់ចោទបានប្រព្រឹត្ត។
សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ប្រកាសសាលដីកាផ្តន្ទាទោសកំបាំងមុខអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបង្ករបួសស្នាមដោយអចេតនាទៅលើកម្មការិនីរោងចក្របីនាក់ ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធមួយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅខេត្តស្វាយរៀង។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ក៏បង្គាប់ឲ្យសមត្ថកិច្ចតាមរកចាប់ខ្លួនជនដៃដល់មកដាក់ពន្ធនាគារផងដែរ។ សេចក្តីសម្រេចនេះធ្វើទ្បើង បន្ទាប់ពីលោក ឈូក បណ្ឌិត បានប្តឹងទាស់សាលក្រមតុលាការខេត្តស្វាយរៀង។
សេចក្តីថ្លែងការណ៍របស់CCHR ចុះថ្ងៃទី៤ ខែវិច្ឆិកា ឲ្យដឹងថា លោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់តាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ដែលកំណត់អំពី អំពើដែលបណ្តាលឲ្យអ្នកដទៃរងរបួសដោយ “ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា”។ ប៉ុន្តែ សេចក្តីថ្លែងការណ៍បន្តថា ភស្តុតាងបង្ហាញថា អំពើនោះគឺគ្មានអ្វីជាងការប៉ុនប៉ងមនុស្សឃាតនោះទេ។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) លោក សុក សំអឿន ធ្លាប់ប្រាប់VODថា តាមនីតិវិធីច្បាប់ ការទាមទារប្តូរបទចោទ មានភាពយឺតយ៉ាវ និងមិនអាចទៅរួចនោះទេ ពីព្រោះ បណ្តឹងឧទ្ធរណ៍នៅពេលនេះ ធ្វើឡើងដោយជនជាប់ចោទ មិនមែនដោយតំណាងអយ្យការតុលាការខេត្តស្វាយរៀង។
ទោះយ៉ាងណា ប្រធានCCHR លោក អ៊ូ វីរៈ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា និទណ្ឌភាពនៅតែកើតមាននៅកម្ពុជា ដោយសារលោក ឈូក បណ្ឌិត កំពុងតែមានសេរីភាពដើរហើរនៅទ្បើយ។ លោកយល់ថា ប្រទេសកម្ពុជាមានប្រព័ន្ធយុត្តិធម៌ពីរ គឺប្រព័ន្ធយុត្តិធម៌មួយសម្រាប់អ្នកមានឥទ្ធិពលផ្នែកនយោបាយ និងអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាច។ លោកបន្តថា ប្រព័ន្ធយុត្តិធម៌មួយទៀតសម្រាប់អ្នកដទៃផ្សេងទៀត៕
No comments:
Post a Comment
yes