ឧបការីរងជាន់ខ្ពស់នៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ស្កត់ ម៉ាសៀល បានបញ្ចប់ទស្សនកិច្ចរបស់លោក រយៈពេល២ថ្ងៃនៅកម្ពុជាហើយ ដោយលោក ជំរុញឲ្យអ្នកនយោបាយកម្ពុជា ដែលខ្វែងគំនិតគ្នានេះ បន្តបើកការចរចាជាមួយគ្នាឡើងវិញ សំដៅបំបែកភាពទាល់ច្រកនយោបាយ ដែលបានជាប់គាំងជាង ៣ខែមកនេះ។
លោក ស្កត់ ម៉ាសៀល បានជួបពិភាក្សាបញ្ហានយោបាយកម្ពុជា ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល។
ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃចន្ទ មុនលោកឡើងយន្តហោះត្រឡប់ទៅអាមេរិកវិញនៅយប់នេះ លោក ស្កត់ ម៉ាសៀល បានថ្លែងថា លោក មកកម្ពុជានៅពេលនេះ គឺដើម្បីលើកទឹកចិត្តឲ្យអ្នកនយោបាយ ដែលខ្វែងគំនិតគ្នា បន្តពិភាក្សាជាមួយគ្នាឡើងវិញ សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថា៖«ជាថ្មីម្តងទៀត គោលជំហររបស់សហរដ្ឋអាមេរិក គឺពួកយើងគាំទ្រការរីកចម្រើនលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ ដំណោះស្រាយផ្នែកនយោបាយ គឺជាដំណោះស្រាយ ដែលបានមកពីកម្ពុជា ពួកយើងមិនមែនមកទីនេះ ដើម្បីជំរុញដំណោះស្រាយណាមួយឡើយ។ ប៉ុន្តែពួកយើងគាំទ្រ គ្រប់កិច្ចប្រឹងប្រែង សំដៅពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ជាមួយគ្នានេះ លោក ស្កត់ ម៉ាសៀល មានប្រសាសន៍ថា អាមេរិក មិនប្រកាន់បក្សពួកនយោបាយណាមួយឡើយ តែលោក សង្ឃឹមថា អ្នកនយោបាយនៅកម្ពុជា នឹងប្រកាន់យកនូវស្មារតីអហិង្សា បន្តកិច្ចចរចារកដំណោះស្រាយជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់VOD ក្រោយជំនួបជាមួយលោក ស្កត់ ម៉ាសៀលថា លោកបានលើកឡើងជាច្រើនអំពីដើមចមដែលធ្វើឲ្យមានវិបត្តិនយោបាយនៅ កម្ពុជា។ តែទោះជាយ៉ាងណា លោក កឹម សុខា មិនបានប្រាប់ថា លោក ស្គត់ម៉ាសៀល បានសន្យាយ៉ាងណាទេនៅចំពោះ លោក សម រង្ស៊ី និងរូបលោក អំពីការប្ដេជា្ញចិត្តរបស់អាមេរិក ក្នុងការជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ឲ្យដឹងថា ជំនួបពិភាក្សារវាងអង្គការ សង្គមស៊ីវិល និងឧបការីរងជាន់ខ្ពស់រូបនេះ គឺបានផ្តោតទៅលើបញ្ហាប្រទេសជាតិធំៗ ពាក់ព័ន្ធនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងជម្លោះក្រោយការបោះឆ្នោត។
គួរបញ្ជាក់ថា ក្រុមការងារគណបក្សសង្គ្រោះជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រោងជួបគ្នាដោយបិទទ្វារនៅថ្ងៃទី០៥ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាកំណត់យកចំណុចសំខាន់ ត្រៀមសម្រាប់មេដឹកនាំកំពូល គណបក្សទាំងពីរ ជួបគ្នាជាថ្មីនៅពេលខាងមុខ ដើម្បីពិភាក្សាដោះស្រាយវិបត្តិនយោបាយ។ ពីកិច្ចពិភាក្សានេះ៕
No comments:
Post a Comment
yes