ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត(Smart) នៅថ្ងៃពុធនេះ ប្រកាសថា ក្រុមហ៊ុនខ្លួន នឹងផ្លាស់ប្តូរកម្មវិធីហៅទូរស័ព្ទមួយចំនួន ដោយនឹងយកតម្លៃ តេចេញក្នុងប្រព័ន្ធ៤.៥សេន/១នាទី ចាប់ពីថ្ងៃទី០៤ខែធ្នូ តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សេចក្តីប្រកាសព័ត៌មានអំពីការផ្លាស់ប្តូរគម្រោងតម្លៃនិងកម្មវិធីពិសេស ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ទីស្តីការគណៈរដ្ឋមន្រី្ត បានសម្រេចដាក់ឲ្យដំណើរការនូវសេចក្តីប្រកាសអន្តរក្រសួងលេខ២៣២ រវាងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ សេចក្តីប្រកាសអន្តរក្រសួង ឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់រួមទាំងSmart មិនត្រូវបានអនុញ្ញាតឲ្យគិតលុយ ឬក៏ផ្តល់លុយបន្ថែម ដែលបណ្តាលឲ្យអត្រាតម្លៃតេចេញក្នុងប្រព័ន្ធតិចជាង៤.៥សេនក្នុងមួយនាទីទេ។ សេចក្តីប្រកាសបន្តថា ដូចនេះ Smart សម្រេចផ្លាស់ប្តូរគម្រោងតម្លៃ និងកម្មវិធីពិសេសចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។
ការហៅចេញក្នុងប្រព័ន្ធត្រឹមតែ ៤.៥សេន/១នាទី បញ្ចុះតម្លៃ១០ភាគរយ (ហៅចេញគិតលុយជាវិនាទី) និងការហៅចេញទៅគ្រប់ប្រព័ន្ធ (គិតប្រាក់រាល់១នាទីម្តង)តម្លៃ៦សេន។សម្រាប់នាទីបន្ថែមជារៀងរាល់ថ្ងៃ នឹងត្រូវបានប្តូរទៅជា ២០សារសម្រាប់ក្នុងប្រព័ន្ធ បូកបន្ថែម១០MB សម្រាប់ អ៊ិនធើណេត ចំពោះការបញ្ចូលលុយតិចជាង ៥ដុល្លារ។ ចំពោះការបញ្ចូលលុយចាប់ពី ៥ដុល្លារឡើងទៅ ក្រុមហ៊ុន នឹងផ្តល់៣០សារសម្រាប់ក្នុងប្រព័ន្ធ បូកបន្ថែម១៥MB សម្រាប់អ៊ិនធើណេត។ រាល់ពេលបញ្ចូលលុយ អតិថិជនស្មាត នឹងទទួលបាន ២០០ភាគរយបន្ថែមសម្រាប់ប្រើអ៊ិនធើណេត ៣០០ភាគរយ សម្រាប់ផ្ញើសារក្នុងប្រព័ន្ធ។
សម្រាប់កម្មវិធីដូរលុយ អតិថិជនស្មាត នៅតែអាចបន្តរីករាយជាមួយកម្មវិធី Smartដូរលុយ តែលុយដែលដូរបានអាចប្រើសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធ និង ប្រើអ៊ិនធើណែត។ សម្រាប់សេវាតេអស់ស្ទះ នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន។
លោក ម៉ៅ ចរិយា ប្រធាននិយតករទូរគមនាគមន៍កម្ពុជា ប្រាប់VODកាលពីថ្ងៃអង្គារថា ក្រសួងបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទទាំងអស់ ឲ្យយកតម្លៃហៅទូរស័ព្ទចេញក្នុងមួយនាទីធម្មតាវិញ ដើម្បីជាការគោរពតាមបញ្ញត្តិរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាការការពារផលប្រយោជន៍របស់ក្រុមហ៊ុន។ លោកបន្តថា ក្រសួងចង់ឲ្យយកថ្លៃដើម ដើម្បីឲ្យការប្រកួតប្រជែងឲ្យមានតម្លាភាព មិនចង់ឲ្យក្រុមហ៊ុនផ្សេងទៀតដួលរលំ និងចង់ឲ្យមានអ្នកវិនិយោគលើសេវានេះកាន់តែច្រើន។ លោកបញ្ជាក់ថា កាលណាក្រុមហ៊ុនទាំងនោះ ដួលរលំ នាំឲ្យរាជរដ្ឋាភិបាល ខាតបង់ថវិកា។
លោក ម៉ៅ ចរិយា បញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងក្នុងការឲ្យក្រុមហ៊ុនទូរស័ព្ទយកតម្លៃដើម នេះ នឹងមិនប៉ះពាល់ដល់ទីផ្សារសេរីទេ ព្រោះក្រសួង អនុញ្ញាតឲ្យមានការយកលើសបន្តិចបន្តួច តែកុំឲ្យឆ្ងាយពេក និងមានប្រ៊ូម៉ូសិនបន្តិចបន្តួច។
VOD មិនទាន់អាចទាក់ទងបុគ្គលិក MOBITEL ដើម្បីសាកសួរពីការផ្លាស់ប្តូរសេវាជូនអតិថិជននៅឡើយទេ។
អ្នកប្រើប្រាស់ទូរសព្ទ័ស្មាតម្នាក់ អាយុ២៣ឆ្នាំ លោក ជ័យ សុភ័ត្រ មានប្រសាសន៍ថា ការបិទសេវាកម្មប្រូម៉ូស៊ិន(promotion) អាចប៉ះពាល់សេដ្ឋកិច្ចមួយចំនួនដូចជា អតិថិជនខ្លះចូលចិត្តនិយាយច្រើន តែការចំណូលប្រចាំថ្ងៃរបស់គាត់មិនសូវជាធូរធារ។ លោកបញ្ជាក់ថា៖«បើមានកម្មវិធីប្ដូរលុយភ្ជាប់នាទី ឬកម្មវិធីផ្សេងៗទៀត អាចកាត់បន្ថយលុយសម្រាប់អ្នកធ្វើជំនួញ និងការទំនាក់ទំនងរវាងសាច់ញាតិ មិត្តភ័ក្តិ បងប្អូន គ្រួសារ កាន់តែស្និទ្ធិស្នាល និងចំណាយថវិកាតិចក្នុងការបញ្ចូលទូរស័ព្ទ»។លោកបន្ដថា ការដាក់បម្រាមបែបនេះ វាខុសពីនិយមន័យទីផ្សាសេរី គឺមានការប្រកួតប្រជែងទំនិញដោយសេរី។
កន្លងទៅក្រុមហ៊ុន MOBITEL និងក្រុមហ៊ុន SMART តែងតែប្រកួតប្រជែងគ្នាក្នុងការដាក់សេវាខលហ្វ្រី ឬខលបានច្រើននាទី ដើម្បីទាក់ទាញអ្នកប្រើប្រាស់ជាពិសេសយុវជន៕
No comments:
Post a Comment
yes