១៩-មីនា-២០១០៖ ជនរងគ្រោះដោយទឹកអាស៊ីដ អ្នកស្រី តាត ម៉ារីណា
នៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក
អតីតអ្នកចម្រៀងជាជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីត អ្នកស្រី តាត ម៉ារីណា កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ទាមទារឲ្យសមត្ថកិច្ចផ្តល់យុត្តិធម៌លើករណីអ្នកស្រី។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីបានរង់ចាំយុត្តិធម៌អស់រយៈពេល ១៤ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
អ្នកស្រី តាត ម៉ារីណា បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្ញើសារដង្ហោយទាមទាររកយុត្តិធម៌ ចំពោះការវាយប្រហារដោយទឹកអាស៊ីតលើអ្នកស្រី កាលពី ១៤ឆ្នាំមុន។
កាលពីទី៥ ខែធ្នូ ឆ្នាំ១៩៩៩ គឺ ១៤ឆ្នាំមុន អតីតតារាចម្រៀង តាត ម៉ារីណា ដែលកាលនោះទើបមានអាយុ ១៦ឆ្នាំ បានរងការវាយប្រហារដោយទឹកអាស៊ីត បង្កឡើងដោយប្រពន្ធមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ដែលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី បណ្ដាលឲ្យអ្នកស្រីរងរបួសជាទម្ងន់។
ក្នុងសារតែលើទំព័រហ្វេសប៊ុករបស់អ្នកស្រី សរសេរថា «ថ្ងៃនេះមានរយៈពេល ១៤ឆ្នាំហើយ តើនរណាបានស៊ើបអង្កេតករណីរបស់ខ្ញុំ។» អ្នកស្រីសរសេរពន្យល់បន្ថែមទៀតថា ការទាមទារយុត្តិធម៌នេះ មិនមែនសម្រាប់តែអ្នកស្រីទេ ប៉ុន្តែសម្រាប់ពលរដ្ឋទាំងអស់គ្នា។
អ្នកស្រី តាត ម៉ារីណា មានប្រសាសន៍ថា អ្នកស្រីនៅតែចងចាំព្រឹត្តិការណ៍វាយប្រហារដោយទឹកអាស៊ីត ដែលបានតាមលងអ្នកស្រីជាច្រើនឆ្នាំមកហើយ។ ការវាយប្រហារនោះ បានផ្លាស់ប្ដូរជីវិតអ្នកស្រីទាំងស្រុង។
ភរិយា លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកស្រី ឃួន សុផល និងបក្ខពួក កាលពីឆ្នាំ១៩៩៩ បានចាក់ស្រោចទឹកអាស៊ីតបំផ្លាញសម្រស់ អ្នកស្រី តាត ម៉ារីណា។ បើទោះជាឧក្រិដ្ឋកម្មនេះប្រព្រឹត្តឡើងដោយចំហក៏ដោយ ក៏តុលាការមិនហ៊ានប៉ះពាល់ដល់ជនល្មើសឡើយ។ មួយឆ្នាំក្រោយពីព្រឹត្តិការណ៍ឃោរឃៅនោះមក តុលាការក្រុងភ្នំពេញ បានចេញសាលក្រមកំបាំងមុខសម្រេចព្យួរទោស អ្នកស្រី ឃួន សុផល ដោយស្ងាត់ៗ។ តុលាការមិនបានឃុំខ្លួន អ្នកស្រី ឃួន សុផល ឡើយ បើទោះបីតុលាការស្វែងរកឃើញថា អ្នកស្រីមានកំហុសក្តី។
អ្នកស្រី តាត ម៉ារីណា បន្តទៀតថា រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះករណីរបស់អ្នកស្រី និងហិង្សាលើស្ត្រីទាំងឡាយ ហើយត្រូវនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះករណី អ្នកស្រី តាត ម៉ារីណា។ សព្វថ្ងៃនេះ លោក ស្វាយ ស៊ីថា នៅតែមានឋានៈជារដ្ឋលេខាធិការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកស្រី តាត ម៉ារីណា បន្តថា រយៈពេល ១៤ឆ្នាំនេះ អ្នកស្រីមិនទាន់បានវិលត្រឡប់ទៅប្រទេសកម្ពុជា នៅឡើយ ប៉ុន្តែអ្នកស្រីនឹងទៅស្រុកកំណើតនៅថ្ងៃណាមួយ។ បច្ចុប្បន្ន អ្នកស្រីមានកូនប្រុសស្រី ពីរនាក់ ហើយកំពុងស្នាក់នៅសហរដ្ឋអាមេរិក៕
No comments:
Post a Comment
yes