សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 1, 2013

បក្ស​សង្គ្រោះ​ជាតិ​ស្វែង​រក​ថវិកា​ពី​អន្តរជាតិ​ជួយ​ពលរដ្ឋ​ក្រីក្រ​ជាប់​បំណុល

ប្រជាពលរដ្ឋ​ខ្មែរ​ជា​កូន​បំណុល​កំពុង​ប្រឈម​ទៅ​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដីធ្លី​ផ្ទះ​សម្បែង។ ពួក​គាត់​ភាគ​ច្រើន​លើសលប់​ខ្វះ​លទ្ធភាព​ពុំ​អាច​លៃលក​​រក​ប្រាក់​សង​ម្ចាស់​បំណុល​បាន​ទេ ព្រោះ​ផល​ដំណាំ​ដែល​បាន​ដាំដុះ​នោះ​ត្រូវ​​ខូចខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់។ ទន្ទឹម​គ្នា​នេះ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ស្វះស្វែង​រក​កញ្ចប់​ថវិកា​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ។
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​លិខិត​អន្តរាគមន៍​មួយ​ផ្សេង​ទៀត​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ស្នើ​សុំ​ថវិកា​យក​ទៅ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជំពាក់​បំណុល​ម្ចាស់​ឥណទាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ទាំង​បី​នេះ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​ដាក់​ទៅ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ។
អ្នកស្រី មូរ សុខហួរ៖ «យើង​ឃើញ​ថា ប្រជាកសិករ​យើង​គាត់​ដើរ​ខ្ចី​គ្រប់​កន្លែង ឥឡូវ​អស់​ទាំង​មាន​កន្លែង​ខ្ចី​ទៅ​ទៀត​ហើយ តើ​អោយ​ប្រជាកសិករ​យើង​ទៅ​ណា? គាត់​ប្រឈម​មុខ​ធំ​ណាស់​នឹង​ការ​រឹប​អូស​យក​ដីធ្លី បើ​សិន​គាត់​នៅ​មាន​បំណុល​នេះ។ ដូច្នេះ​មាន​តែ​វិធានការ​ពន្យារ​ពេល​នេះ។ ខ្ញុំ​ធ្វើ​លិខិត​ឲ្យ​អង្គការ​សហប្រជាជាតិ ឲ្យ​ធនាគារ​ពិភពលោក ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ដាក់​ជា​កញ្ចប់​ថវិកា​មួយ​នៅ​ក្នុង​ការ​ជួយ​សង​បំណុល​ដល់​ប្រជាពលរដ្ឋ​ទៅ​អង្គការ​និង​ធនាគារ»។

គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្រោយ​ទឹក​ជំនន់​បាន​ស្រក​ចុះ​ទៅ​វិញ​ភ្លាមៗ​នោះ​ បាន​ធ្វើ​លិខិត​អន្តរាគមន៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​បន្តបន្ទាប់​ដាក់​ទៅ​ម្ចាស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ម្ចាស់​ឥណទាន​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ធនាគារ​តូច​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លិខិត​នោះ​មាន​ខ្លឹមសារ​សុំ​ម្ចាស់​បំណុល​ទាំង​នោះ​អនុ​គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​កូន​បំណុល​ សុំ​ឲ្យ​ពន្យារ​ពេល​ការ​សង​ប្រាក់ ​ទាំង​ការ​និង​ដើម​ ហើយ​សុំ​កុំ​ឲ្យ​មាន​ការ​រឹប​អូស​ទ្រព្យសម្បត្តិ ដូច​ជា​ដីធ្លី ផ្ទះសម្បែង​ជា​ដើម។
ទោះ​ជា​មាន​លិខិត​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ម្ចាស់​បំណុល​មួយ​ចំនួន​នៅ​តែ​គំរាម​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​កូន​បំណុល។
ជំទប់​ទី​២ ឃុំ​ព្រែកហ្លួង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ កញ្ញា នី រំដួល​ បញ្ជាក់​ថា នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រែកហ្លួង មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ជំពាក់​លុយ​គេ។ អ្នក​ភូមិ​ខ្លះ​រង​ការ​គំរាម​រឹប​អូស​ដីធ្លី ផ្ទះ​​សម្បែង​ថែម​ទៀត។ ដោយ​មើល​ឃើញ​ពី​ផល​លំបាក​នេះ​ កញ្ញា​ នី រំដួល បាន​យក​លិខិត​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ធ្វើ​លិខិត​អន្តរាគមន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក​អោយ​ជួយ​អន្តរាគមន៍​ថែម​ទៀត។
កញ្ញា នី រំដួល៖ «ដើម្បី​ឲ្យ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ហ្នឹង​បាន​ដឹង​ឭ​ថា ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​នូវ​ប្រទះ​ជាមួយ​អង្គការ អ៊ីចឹង​ហើយ​ខ្ញុំ​សុំ​ពន្យារ​ពេល​រយៈពេល ៦​ខែ។ នៅ​ក្នុង​ឃុំ​ព្រែកហ្លួង​នេះ​ជំពាក់​ចង់​មួយ ១០០% អ៊ីចឹង​នៅ​ក្នុង​ភូមិ​ដូនអ៊ិន​តែ​មួយ ប្រជាពលរដ្ឋ​ដែល​ជំពាក់​គេ​ចូល​ជាង ២០០​នាក់​ហើយ ដែល​ខ្ញុំ​យក​មេដៃ​ពី​ពួកគាត់​ហ្នឹង»។
ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុន នី​ អាយុ ៣៤​ឆ្នាំ​ រស់​នៅ​ភូមិ​បាក់​រទេះ ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បញ្ជាក់​ថា​ បច្ចុប្បន្ន​គ្រួសារ​គាត់​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​បង្វិល​សង​ទៅ​ម្ចាស់​បំណុល​បាន​ទេ​ ដោយសារ​តែ​ផល​ដំណាំ​ស្រូវ​របស់​គាត់​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់។ គ្រួសារ​គាត់​បាន​ខ្ចី​លុយ​ចំនួន ៣.៥០០​ដុល្លារ​ពី​ធនាគារ​ភូមិ​ ហើយ​ត្រូវ​សង់​ទៅ​វិញ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ឥឡូវ​គាត់​ខ្វះ​លទ្ធភាព​បង់​ប្រាក់​ចំនួន ១.៥០០​ដុល្លារ​នៅ​អំឡុង​ខែ​វិច្ឆិកា នេះ ក៏​ត្រូវ​ម្ចាស់​បំណុល​គំរាម​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ។
លោក ប៊ុន នី៖ «បាទ! វា​ខូច​ខាត​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង។ យើង​សង្ឃឹម​ថា កើត​មាន សង បែរ​ជា​ខកខាន​អ៊ីចឹង​ទៅ ដូច្នេះ​ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​ពន្យារ​ពេល ៦​ខែ ផ្អាក​បង់​ការ​ហ្នឹង ព្រោះ​ស្រូវ​ដែល​ត្រូវ​ទឹក​ហ្នឹង​អត់​ទាន់​ធ្វើ​ការ​បាន​ទៀត​ទេ»។
ទាក់ទិន​បញ្ហា​នេះ អ្នកស្រី​ មូរ សុខហួរ ថ្លែង​ថា គ្រោះ​ទឹក​ជំនន់​បង្ក​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង។ ក្នុង​នោះ​​នៅ​ខេត្ត​បាត់ដំបង រង​គ្រោះ​ដោយ​ទឹក​ជំនន់​ធំ​ជាង​គេ។ បញ្ហា​ធំ​ចំពោះ​មុខ អ្នកស្រី​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​បាន​ចេញ​ថវិកា​ជួយ​ដល់​អ្នក​រង​គ្រោះ​ទាំង​នោះ​ទេ គឺ​គ្រាន់​តែ​បាន​ចេញ​លិខិត​អំពាវនាវ​ទៅ​ម្ចាស់​បំណុល​ឲ្យ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។
ទន្ទឹម​គ្នា​នេះ​ អ្នកស្រី មូរ សុខហួរ ​បាន​ស្នើ​សុំ​ថែម​ទៀត ឲ្យ​ម្ចាស់​បំណុល​ទាំង​អស់​ទទួល​យក​ការ​អង្វរករ​របស់​ប្រជាពលរដ្ឋ​ជា​កូន​បំណុល។ លោក​ស្រី​ថា ការ​ពន្យារ​ឲ្យ​ពួក​គាត់​ក្នុង​រយៈ​ពេល ៦​ខែ​ គឺ​ពួក​គាត់​អាច​ស្ដារ​ផល​ដំណាំ​ឡើង​វិញ និង​អាច​បាន​ផល មាន​លទ្ធភាព​សង​ប្រាក់​ទាំង​ការ​ទាំង​ដើម​ទៅ​ម្ចាស់​បំណុល​វិញ៕

No comments:

Post a Comment

yes