សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 7, 2013

ក្រុម​មិត្ត​១០​ធ្នូដើរ​ក្បួន​ពី​ខេត្ត​ពោធិ៍សាត់ប្តេជ្ញា​បំពេញ​ដំណើរ​ឲ្យបាន​ជោគជ័យបើ​ទោះ​មាន​ការរំខាន​​

ក្រុម​មិត្ត​១០​ធ្នូ ដង្ហែ​ធម្មយា​ត្រា​-​សិទ្ធិ​យាត្រា ពី​ខេត្ត​ពោធិ៍សាត់ ប្តេជ្ញា​បន្តដំណើរ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ទោះបីជា​ជួប​បញ្ហា ឬ​ការរារាំង​ពី​សំណាក់​អាជ្ញាធរ មិន​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​តាម​ទី​វត្ត​អារាម ឬ​សាលា​រៀនក្តី​។​
​តំណាង​មិត្ត​១០​ធ្នូ មកពី​ខេត្ត​ពោធិ៍សាត់ ព្រះ​តេជគុណ អូន ឡុង មាន​សង្ឃដីកា​ថា ក្បួន​ដង្ហែ​ធម្ម​យាត្រា ដែល​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ​៧៥​អង្គ​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ធ្វើដំណើរ​មកដល់​ចំណុច​សាលា​លេខ ៥​ខេត្ត​កំពង់ឆ្នាំង ដោយ​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្លះ ប៉ុន្តែ​ពួកគាត់​ម្នាក់ៗ នៅតែ​មាន​ភាពស្វាហាប់​ក្លាហាន​បន្តដំណើរ ដើម្បី​បំពេញ​បំណង​ប្រាថ្នា​ទាមទារ​ការគោរព​សិទ្ធិ​មនុស្ស​ឲ្យបាន​ពេញលេញ​នៅ​កម្ពុជា​។​
​ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា ក្បួន​ដង្ហែ​នេះ​ត្រូវ​បាន​រារាំង​មិនឲ្យ​ចូល​ស្នាក់អាស្រ័យ​នៅក្នុង​វត្ត សាលារៀន ចំនួន​ពីរ​ដង​មកហើយ កាលពី​ថ្ងៃ​ទី​១ និង​ទី​៦ ខែ​ធ្នូ រហូត​ឈានដល់​ការ​ប្រ​ទាញប្រទង់​គ្នា​ខ្លះ រវាង​អាជ្ញាធរ និង​ពលរដ្ឋ រហូត​ល់​មាន​ការបិទ​ផ្លូវ តែ​ករណី​ទាំងនេះ មិន​ចោទ​ជា​បញ្ហា​ធំដុំ​នោះទេ ដោយសារ​ក្រោយមក​មាន​ការសម្របសម្រួល​គ្នា​។​

​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ហែ​ក្បួន មកពី​ខេត្ត​កំពង់ស្ពឺ បាន​នាំគ្នា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​វត្ត​សា​លូន​ពោធិ៍​វង្ស ប្រមាណ​៣​ម៉ោង ដោយសារ​ខឹង​សម្បារ​នឹង​អាជ្ញាធរ​រារាំង​ក្បួន​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា មិនឲ្យ​ចូល​ស្នាក់នៅ​ក្នុង​វត្ត ដោយសារ​តែ​មេ​គន់​ខេត្ត បាន​គំរាម​ព្រះចៅអធិការ​វត្ត សា​លូន ពោធិ​វង្ស  មិន​ឲ្យ​ក្រុម​មិត្ត​១០​ធ្នូ ចូ​ល​​សម្រាក​ក្នុង​វត្ត​។​
​ក្រុម​មិត្ត​១០​ធ្នូ បាន​ដើរ​ក្បួន​ចាប់​តាំងពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​នេះ ដោយ​ចេញដំណើរ​ពី​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ស្វាយរៀង ហែ​តាម​ផ្លូវជាតិ​លេខ​១ ខេត្ត​កំពត ហែ​តាម​ផ្លូវជាតិ​៣ ខេត្ត​កំពង់ស្ពឺ ហែ​តាម​ផ្លូវជាតិ​៤ ខេត្ត​ពោធិ៍សាត់ ហែ​តាម​ផ្លូវជាតិ​៥ និង​ខេត្ត​កំពង់ធំ ហែ​តាម​ផ្លូវជាតិ​៦ ដើម្បី​មក​ជុំ​គ្នា​ធំ​នៅ​រាជធានី​ភ្នំពេញ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​៦៥​៕

No comments:

Post a Comment

yes